លក្ខណៈពិសេស ៣ យ៉ាងធ្វើឱ្យតំបន់ប្រាសាទសំបូរព្រៃគុក បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លក្ខណៈពិសេស ៣ យ៉ាងធ្វើឱ្យតំបន់ប្រាសាទសំបូរព្រៃគុក បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

លក្ខណៈពិសេស ៣ យ៉ាងធ្វើឱ្យតំបន់ប្រាសាទសំបូរព្រៃគុក បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះគឺជាខួប ៩ ឆ្នាំហើយដែលតំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ត្រូវបានសម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃ​គណៈ​កម្មា​ការ​បេតិកភណ្ឌពិភពលោក ដែលបានរៀបចំឡើងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

Advertisement

ផ្អែកតាមអាជ្ញាធរជាតិសំបូរព្រៃគុក លក្ខណៈពិសេសបីយ៉ាង ដែលនាំឱ្យការសម្រេចដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាបេតិកភណ្ឌពិភពលោក រួមមាន ទី១៖តម្លៃលេចធ្លោជាសាកល ទី២៖ការរក្សាបាននូវបុរាណភាព និងទី៣៖​សភាព​​ដើមរបស់ប្រាសាទ។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីឦសានបុរៈ នៃអាណាចក្រចេនឡាក្នុង​ចន្លោះ​ចុងសតវត្សទី៦ ដើមសតវត្សទី៧នៃគ្រឹស្តសករាជ។ រាជធានីបុរាណខ្មែរមួយនេះ បានកត់ត្រាក្នុង​សៀវ​ភៅ​កំណត់​ត្រារបស់បេសកជនចិនជាលើកដំបូងក្នុងសន្តតិវង្សថាង នាពាក់កណ្តាលទីមួយនៃសតវត្សទី៧។ នៅសម័យ​កាលនោះ ព្រះរាជាមានអំណាចគ្រប់គ្រងលើអាណាចក្រខ្មែរទាំងមូល រួមទាំងភាគខាង​ត្បូង​ប្រទេស​​​ឡាវ និងប្រទេសថៃបច្ចុប្បន្ន។

សំណង់បុរាណជាច្រើននៅក្នុងរាជធានីឦសានបុរៈ គឺស្ថិតក្នុងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ​សព្វថ្ងៃមានជាអាទិ៍៖ ប្រាសាទឥដ្ឋ សិលាចារឹក សំណង់រក្សាទឹក កំពែងក្រុង និងទីសក្ការៈបូជាដទៃទៀត។ សំណង់​​​ទាំងនោះ បានឆ្លុះបញ្ចាំងអំពីដំណាក់កាលនៃការរីកចម្រើនរបស់អារ្យធម៌ខ្មែរនាសម័យនោះ។

សំណង់​​​​ស្ថាបត្យកម្ម និងសិល្បៈបានបង្ហាញពីការទទួលឥទ្ធិពលវប្បធម៌ឥណ្ឌា ទន្ទឹមនឹងការរក្សានូវ​វប្បធម៌​ក្នុងស្រុក ដែលនេះបញ្ជាក់ពីដំណើរនៃការទទួលឥទ្ធិពលឥណ្ឌា និងនាំមកនូវលក្ខណៈឯកនៃ​វប្បធម៌ខ្មែរ។ ស្ថាបត្យកម្ម និងក្បូរក្បាច់រចនានៃចម្លាក់នៅលើតួប្រាសាទរាង៨ជ្រុង  ដែលអ្នកស្រាវជ្រាវ​ហៅថាប្រាសាទ​អណ្តែត និងក្បាច់រចនាលម្អនៅលើផ្តែរមានរូបសត្វម្ករ គឺជាអត្តសញ្ញាណតែមួយគត់ក្នុង​សិល្បៈខ្មែរ។ រមណីយ​ដ្ឋាននេះ បានស្ថាបនាឡើងជាបន្តបន្ទាប់អស់រយៈពេលប្រហែល៥០០ឆ្នាំ ដែល​រំលេច​ឲ្យឃើញតួប្រាសាទ បដិមា និងស្នាដៃសិល្បៈជាច្រើនស្ថិតនៅកណ្តាល​ព្រៃ ជិតក្រុងកំពង់ធំ ប្រហែល​ពាក់កណ្តាលផ្លូវពី​ភ្នំពេញ​ទៅ​សៀមរាប។

តាមលក្ខណៈស្ថាបត្យកម្មនៃក្រុមប្រាសាទទាំងនោះ សំបូរព្រៃគុកមានវឌ្ឍនភាពឡើងក្នុងរាជព្រះ​បាទ​ឦសា​នវរ្ម័នទី១ ដែលជាព្រះរាជបុត្ររបស់ចិត្រាសេន។ ក្នុងរាជ្យរបស់ព្រះអង្គ សំណង់សាសនាជា​ច្រើន​ត្រូវ​បាន​ស្ថាបនាឡើង។ សំណង់សាសនាទាំងនោះ ជាស្នាដៃឯកដ៏វិចិត្រនៃសិល្បៈខ្មែរសម័យមុនអង្គរ​រួមមាន៖ ចម្លាក់ក្រឡោតលើឥដ្ឋ តួប្រាសាទឥដ្ឋរាង៨ជ្រុង ចម្លាក់លើកំបោរបាយអរ និងចម្លាក់ក្រឡោត​ក្នុងក្បាច់​មេដាយ។

វិសាលភាពនៃសំណង់រក្សាទឹក ជាភស្តុតាងបន្ថែមទៀតដែលបង្ហាញពីសារសំខាន់​របស់​រាជធានី និង​ពីសមិទ្ធផលបច្ចេកវិទ្យារបស់ស្ថាបត្យករ និងវិស្វករនាសម័យនោះ។ ទោះបីដូច្នោះក្តី ក៏មានប្រាសាទខ្លះ​ត្រូវបានកសាងឡើងមុនរាជព្រះអង្គ ដូចជាក្នុងរាជ្យរបស់ព្រះបាទភវវរ្ម័នទី១ មហេន្ទ្រវរ្ម័ន និងភវវរ្ម័នទី២ ដែល​ជា​ញ្ញាតិសន្តានរាជវង្ស។

ទោះបីជាមានការផ្លាស់ប្តូររាជធានីទៅតំបន់អង្គរនៅសតវត្សទី៩ក៏ដោយ ក៏សំបូរព្រៃគុក​នៅជាមណ្ឌលសំខាន់មួយនៅសម័យអង្គរ ដោយមានការកសាងសំណង់​សាសនា​បន្ថែម និងជួសជុលសំណង់​ចាស់ៗពីមុន។ ភស្តុតាងទាំងនោះ ត្រូវបានរកឃើញលើក្បាច់លម្អនៅ​ប្រាសាទតោ គឺមានលក្ខណៈស្រដៀងគ្នា​ទៅនឹងសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ក្រុមប្រាសាទ​សំបូរ ដែលមានសិលាចារឹកក្នុងរាជ្យ​របស់​ព្រះបាទ​​​រាជេន្រ្ទវរ្ម័នទី២ នៅសតវត្សទី១០ និងសិលាចារឹកនៅ​ក្រុម​ប្រាសាទរបង​រមាសចារ​ក្នុងរាជ្យ​របស់​ព្រះ​បាទសុរិយា​វរ្ម័ន​ទី១។ មិនតែប៉ុណ្ណោះ តាមរយ:ការស្រាវជ្រាវ​កំណាយ​បុរាណវិទ្យា គេក៏​ប្រទះឃើញ​នូវ​សំណល់​​បុរាណ​វត្ថុ​ជាច្រើនដែលស្ថិតក្នុងសម័យក្រោយអង្គរ​ផងដែរ។

រមណីយដ្ឋានសំបូរព្រៃគុក ជាប្រភពពត៌មានដ៏សំខាន់នៃប្រវត្តិសាស្រ្តនៅតំបន់អាស៊ីអាគ្នេយ៏ និង​ជា​​មណ្ឌលសាសនាដ៏សំខាន់នាអំឡុងពាក់កណ្តាលសហវត្សទី១នៃគ្រឹស្តសករាជ។ សិលាចារឹកនិង​សំណល់​​បុរាណវិទ្យាទាំងឡាយបានផ្តល់នូវការយល់ដឹងទាក់ទងទៅនឹងសម័យកាលដ៏សំខាន់នេះ មុនការ​ក​កើត​ឡើង​នៃអាណាចក្រខ្មែរ​នាសម័យអង្គរ។ នៅចន្លោះសតវត្សទី១១ ដល់ចុងសតវត្សទី១៩ មានពត៌មានតិចតួចណាស់អំពីតួនាទី និងសារ​សំខាន់​នៃប្រាសាទសំបូរ ដែលជាអតីតរាជធានី ទីកន្លែងប្រតិបត្តិសាសនា និងកសិកម្ម។ ចំណែកសំណង់​លំនៅដ្ឋានទាំងឡាយនាសម័យបុរាណបានបាត់បង់រូបរាងទាំងស្រុង បន្សល់ទុកតែប្រាង្គប្រាសាទ ទិដ្ឋភាព​ទេសភាព និងសំណង់រក្សាទឹកតែប៉ុណ្ណោះជាភស្តុតាង។

នាសម័យសង្គ្រាម រមណីយដ្ឋានសំបូរព្រៃគុកបានទទួលរងការខូចខាតដោយការវាយប្រយុទ្ធ និង​កង្វះការថែទាំ។ រហូតដល់ឆ្នាំ១៩៩២ រាជរដ្ឋាភិបាលបានគ្រប់គ្រងតំបន់នេះឡើងវិញ បន្ទាប់មកក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀត បានចាប់ផ្តើមគិតគូរ សិក្សា និង​អភិរក្សរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកឡើងវិញ។ កិច្ចការថែទាំ និងអភិរក្សរមណីយដ្ឋាននាពេលនោះ​នៅមានកម្រិត ដោយសារថវិកាជាតិស្តួចស្តើង និងកង្វះខាតអ្នកឯកទេសគ្រប់ផ្នែក ដូចជាអ្នកអភិរក្ស អ្នកជំនាញជួសជុល ព្រមទាំងអ្នកចាត់ចែង និងគ្រប់គ្រងរមណីយដ្ឋានប្រវត្តិសាស្រ្ត។ បច្ចុប្បន្ន តួប្រាសាទ​ទាំងឡាយ ទេសភាពវប្បធម៌ និងទេសភាពធម្មជាតិនៅក្នុងតំបន់រមណីដ្ឋានដ៏ធំទូលាយនេះ កំពុងបើកទ្វារ​ទទួលភ្ញៀវទេសចរ និងអ្នកឯកទេសនានាចូលទស្សនា និងធ្វើការសិក្សាស្រាវជ្រាវទាំងប្រវត្តិសាស្រ្ត វប្បធម៌ និងជំនឿសាសនា ៕

ផែនទីទីតាំង៖

📍https://maps.app.goo.gl/Pj1AQyBWYWyFoWHS6?g_st=ipc

រូបថត៖ ជួន ភិរម្យ –Influencers MLMUPC

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា