មិនពូកែនិយាយពាក្យថា “ស្រឡាញ់” តែសកម្មភាពនេះ បង្ហាញថា អ្នកនៅតែជាលេខ ១ ក្នុងបេះដូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនពូកែនិយាយពាក្យថា “ស្រឡាញ់” តែសកម្មភាពនេះ បង្ហាញថា អ្នកនៅតែជាលេខ ១ ក្នុងបេះដូង

មិនពូកែនិយាយពាក្យថា “ស្រឡាញ់” តែសកម្មភាពនេះ បង្ហាញថា អ្នកនៅតែជាលេខ ១ ក្នុងបេះដូង

ការទទួលបានសេចក្តីស្រឡាញ់ពីនរណាម្នាក់ ជួនកាលមិនមែនវាស់វែងដោយពាក្យសម្តីដ៏ផ្អែមល្ហែមនោះទេ ប៉ុន្តែវាអាចវាស់វែងបានតាមរយៈសកម្មភាពតូចតាចដែលកើតឡើងជារៀងរាល់ថ្ងៃ។ មនុស្សមួយចំនួនប្រហែលជាមិនពូកែនិយាយពាក្យផ្អែមល្ហែមចេញមកខាងក្រៅ ប៉ុន្តែពួកគេជ្រើសរើសបង្ហាញក្ដីស្រឡាញ់តាមរយៈសកម្មភាពសាមញ្ញៗតែបង្កប់នូវការយកចិត្តទុកដាក់។

Advertisement

សកម្មភាពទាំង ៥ ដែលអាចហៅថាជា​ “ភាសាស្នេហា” ខាងក្រោមនេះ គឺជាសកម្មភាពដែលបង្ហាញថា បុគ្គលម្នាក់នោះស្រឡាញ់អ្នកពិត មិនមែនត្រឹមតែជាពាក្យសម្ដី៖

១. ចងចាំរឿងរ៉ាវតូចតាច ដែលអ្នកដទៃមិនចាប់អារម្មណ៍

ជួនកាល គ្រាន់តែគេចាំថា “អ្នកមិនចូលចិត្តញ៉ាំអ្វី?” ឬ “ចូលគេងម៉ោងប៉ុន្មាន?” វាក៏ជារឿងរ៉ូមែនទិកមួយបាត់ទៅហើយ។ កាដែលគេចាំថា អ្នកចូលចិត្តអ្វី មិនចូលចិត្តអ្វី មានទម្លាប់បែបណា វាជាការបង្ហាញក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់មួយ។ 

តួយ៉ាង នៅពេលដែលគេចងចាំថា អ្នកចូលចិត្តញ៉ាំកាហ្វេបែបណា មានកម្រិតស្ករប៉ុណ្ណា ហើយទិញ ឬធ្វើជូនអ្នកដោយចេញពីចិត្ត និងត្រឹមត្រូវដូចអ្នកធ្វើខ្លួនឯង នោះមានន័យថា បុគ្គលនោះចាំសង្កេតពីអ្នក ពេញដោយក្ដីស្រឡាញ់។ រឿងរ៉ាវតូចៗដែលពេលខ្លះអ្នកខ្លួនឯងក៏គិតថាមិនមានតម្លៃផងនោះ តែនៅពេលដែលមានមនុស្សម្នាក់ចងចាំ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អ អធិប្បាយមិនត្រូវ។

២. រអ៊ូ ព្រោះបារម្ភ

នៅពេលដែលអ្នកញ៉ាំអាហារមិនល្អដល់សុខភាព ចូលគេងយឺត ឬធ្វើការហួសកម្លាំង ហើយមានមនុស្សម្នាក់ចាំប្រាប់អ្នកថា “ញ៉ាំរបស់អ៊ីចឹងល្មមៗបានហើយ ញ៉ាំបន្លែខ្លះទៅ” ឬ “យប់ជ្រៅហើយឈប់ធ្វើការ ហើយឆាប់ចូលសម្រាក” ពាក្យទាំងនេះអាចស្ដាប់ទៅជាការស្ដីបន្ទោស ប៉ុន្តែអត្ថន័យពិតដែលលាក់ពីក្រោយ គឺជាការបង្ហាញក្ដីព្រួយបារម្ភរបស់ម្ចាស់សម្ដីនោះ។

សកម្មភាពដែលបង្ហាញពីការព្រួយបារម្ភពិតប្រាកដ គឺជាសកម្មភាពសាមញ្ញៗធ​ម្មតា ថែមពេលខ្លះស្ដាប់ទៅគួរឱ្យធុញ តែនេះជាសកម្មភាពដែលចេញពីចិត្ត ធ្វើឡើងព្រោះតែចង់ប្រាប់ថា “ស្រឡាញ់” ដោយមិនមានពាក្យថា​ “ស្រឡាញ់” នៅក្នុងនោះ។

៣. មិនមែនជាតួនាទី តែមានទឹកចិត្ត

ការជួយសម្រាលបន្ទុកពីការងារតូចតាចទាំងក្នុង និងក្រៅផ្ទះ គឺជាភាសាមួយដែលបញ្ជាក់ពីអារម្មណ៍របស់​មនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀត។ ដ្បិតមិនមានពាក្យនិយាយចេញមកខាងក្រៅ តែសកម្មភាពនេះបង្ហាញថា៖ “ខ្ញុំដឹងថាអ្នកហត់ ដូច្នេះខ្ញុំនឹងជួយសម្រាលបន្ទុករបស់អ្នក”។ ការជួយគ្នានេះ អាចចាប់ផ្ដើមពីរឿងរ៉ាវតូចតាចទូទៅ មិនថាការជួយលាងចាន សម្អាតផ្ទះ ឬសូម្បីតែការយកឡាន ម៉ូតូទៅលាងឱ្យនោះទេ។

យោងតាមការសិក្សារបស់ Harvard Study of Adult Development ដែលតាមដានជីវិតប្តីប្រពន្ធជាង ៨០ ឆ្នាំ បានរកឃើញថា ទំនាក់ទំនងដែលនៅស្រឡាញ់គ្នាយូរអង្វែង តែងតែកើតចេញពីការមើលថែគ្នាទៅវិញទៅមកក្នុងរឿងតូចតាចប្រចាំថ្ងៃដូច្នេះឯង។

៤. សួរសំណួរសាមញ្ញៗ ប៉ុន្តែធ្វើឱ្យចិត្តកក់ក្តៅ​

“ថ្ងៃនេះហត់ទេ?” “ញ៉ាំបាយហើយឬនៅ?” “បានសម្រាកខ្លះនៅ?” សំណួរទាំងនេះអាចមើលទៅសាមញ្ញៗ តែសំណួរនេះបង្ហាញការយកចិត្តទុកដាក់ដែលអាចធ្វើឱ្យអ្នកដែលទទួលបានសំណួរទាំងនេះមានអារម្មណ៍ថា កក់ក្ដៅក្នុងចិត្ត។

សំណួរទាំងនេះ គឺជាសញ្ញាដែលថា អ្នកមានសារៈសំខាន់គ្រប់គ្រាន់ដែលធ្វើឱ្យបុគ្គលនោះចង់ដឹងពីជីវិតរបស់អ្នក មិនមែនត្រឹមតែក្នុងថ្ងៃដែលល្អទេ ប៉ុន្តែរួមទាំងថ្ងៃដែលអ្នកហត់នឿយផងដែរ។

៥. អ្នកតែងតែមានវត្តមានក្នុងគម្រោងរបស់បុគ្គលនោះ

មិនថាជារឿងតូចតាច គម្រោងប្រចាំថ្ងៃ ឬគោលដៅជីវិត នៅពេលដែលអ្នកតែងតែមានវត្តមាន ជាមនុស្សដែលបុគ្គលនោះនឹកដល់រាល់ពេលដែលគេចង់ធ្វើអ្វីមួយ នោះមានន័យថា អ្នកមិនមែនជាមនុស្សដែលគ្រាន់តែនៅក្បែររាងកាយប៉ុណ្ណោះទេ​ តែអ្នកក៏ជាមនុស្សដែលនៅក្នុងការគិតរបស់បុគ្គលនោះដែរ។

ការមានវត្តមាននៅក្នុងគម្រោងរបស់នរណាម្នាក់ មានន័យថាបុគ្គលនោះ ត្រៀមខ្លួនរួមរស់ជាមួយនៅក្នុងថ្ងៃអនាគត និងតែងតែគិតគូរទុកជាមុន ពីជីវិតដែលមានអ្នកនៅក្នុងនោះ។

៦. ក្នុងថ្ងៃដែលអ្នកមិនសប្បាយចិត្ត បុគ្គលនោះតែងតែនៅទីនេះសម្រាប់អ្នកជានិច្ច

ការដែលមាននរណាម្នាក់ចាំនៅក្បែរ មិនបោះបង់អ្នកនៅក្នុងថ្ងៃដែលអ្នកមានបញ្ហា វាគឺជារឿងមួយដ៏សំខាន់នៅក្នុងជីវិតគូ។ ជួនកាល នៅក្នុងថ្ងៃដែលពិបាកបំផុត អ្នកអាចមិនត្រូវការពាក្យណែនាំ ឬពាក្យលួងលោមអ្វីទេ តែអ្វីដែលអ្នកត្រូវការនោះ គឺជាមនុស្សម្នាក់ដែលអង្គុយក្បែរអ្នកដោយស្ងប់ស្ងាត់ ទទួលដឹងឮពីបញ្ហារបស់អ្នក។  

ទំនាក់ទំនងមួយដែលល្អ អាចមិនមែនជាទំនាក់ទំនងមួយដែលពេញព្រៀបទៅដោយពាក្យពេចន៍ផ្អែមល្ហែមទេ ប៉ុន្តែទំនាក់ទំនងរឹងមាំមួយត្រូវការ សកម្មភាពសាមញ្ញៗដែលកើតឡើងដដែលៗជារៀងរាល់ថ្ងៃ។ ជួនកាល សកម្មភាពទាំងនោះហើយ ដែលកំពុងប្រាប់អ្នកថា បុគ្គលដែលនៅក្បែរអ្នកនោះ នៅតែស្រឡាញ់ នៅតែយកចិត្តទុកដាក់ ដោយមិនចាំបាច់និយាយពាក្យថា “ស្រឡាញ់” សូម្បីតែមួយម៉ាត់៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា