បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចកដែលភ្ជាប់មកជាមួយកន្ត្រៃកាត់ក្រចក ចង្អុលគំរាមទៅទ្រូងស្ត្រីរងគ្រោះ និងទារប្រាក់ចំនួន ២០០០ដុល្លារសិង្ហបុរី (ប្រមាណជាង ១៥០០ ដុល្លារអាមេរិក)។ នេះយោងតាមសារព័ត៌មាន Malay Mail។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ប៉ូលិសសិង្ហបុរីកាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា បានឱ្យដឹងថាក្រុមការងារប៉ូលិសបានទទួលសេចក្ដីរាយការណ៍អំពីករណីប្លន់ដោយប្រើហិង្សាមួយនៅតាមបណ្ដោយផ្លូវ Woodlands Street 52 កាលពីវេលាម៉ោង ៥:៥៥ នាទីល្ងាច។

តាមការបញ្ជាក់របស់ប៉ូលិសជនសង្ស័យបានចាប់ទាញស្ត្រីវ័យ ២៩ ឆ្នាំរូបនោះហើយយកផ្នែកដែកចាក់ស្បែកជុំវិញក្រចកដែលអាចបើកចេញពីកន្ត្រៃកាត់ក្រចក ចង្អុលគំរាមទៅទ្រូងរបស់នាងដោយជំរិតទារប្រាក់ចំនួន ២០០០​ ដុល្លារសិង្ហបុរី។ យ៉ាងណាមិញ ការប៉ុនប៉ងប្លន់នេះមិនបានសម្រេចឡើយ។ ប៉ូលិសបានបញ្ជាក់ថាតាមរយៈការស៊ើបអង្កេតបឋមជនសង្ស័យ និងស្ត្រីរងគ្រោះគឺជាអ្នកស្គាល់គ្នា។

ក្រោយទទួលបានព័ត៌មានភ្លាម កងកម្លាំងប៉ូលិសមកពីអង្គភាពប៉ូលិស Woodlands បានធ្វើការស៊ើបអង្កេតបន្ត រហូតកំណត់អត្តសញ្ញាណជនសង្ស័យ និងចាប់ខ្លួនបានក្នុងរយៈពេលមិនដល់ ២ ម៉ោងក្រោយទទួលបានរបាយការណ៍ដោយរឹបអូសបានកន្ត្រៃកាត់ក្រចកមួយទុកជាវត្ថុតាងក្នុងពេលចាប់ខ្លួនផងដែរ។

ប៉ូលីសបានបញ្ជាក់បន្ថែមថាបុរសវ័យ ៦០ ឆ្នាំរូបនេះត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី២០ ខែវិច្ឆិកា ដើម្បីប្រឈមនឹងការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាក្នុងពេលប្រព្រឹត្តអំពើប្លន់។ ប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធភាពតាមបទចោទប្រកាន់នេះ ជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ និងទទួលទោសវាយនឹងរំពាត់យ៉ាងតិច ១២ រំពាត់។

ទោះជាយ៉ាងណាដោយសារច្បាប់របស់ប្រទេសសិង្ហបុរីអនុវត្តទោសវាយនឹងរំពាត់តែលើជនល្មើសជាបុរសដែលមានអាយុក្រោម ៥០ ឆ្នាំប៉ុណ្ណោះ ដូច្នេះបុរសវ័យ ៦០ ឆ្នាំរូបនេះអាចប្រឈមនឹងទោសបន្ថែមជំនួសឱ្យការវាយនឹងរំពាត់ប្រសិនបើត្រូវបានរកឃើញថាមានពិរុទ្ធភាព។

គួរបញ្ជាក់ផងដែរថា ប៉ូលិសសិង្ហបុរីបានបញ្ជាក់សារជាថ្មីថាខ្លួននឹងមិនអត់ឱនចំពោះសកម្មភាពឧក្រិដ្ឋកម្មដ៏ក្លាហានបែបនេះឡើយហើយនឹងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការតាមចាប់ជនប្រព្រឹត្តបទល្មើសដើម្បីនាំមកអនុវត្តតាមច្បាប់។ ជាមួយគ្នានេះប៉ូលិសក៏បានណែនាំដល់សាធារណជនថាប្រសិនបើជួបប្រទះស្ថានការណ៍គ្រោះថ្នាក់ ឬអំពើប្លន់បែបនេះ គួររក្សាភាពស្ងប់ស្ងាត់ ព្យាយាមចងចាំរូបរាងកាយ និងលក្ខណៈសម្គាល់ពិសេសរបស់ជនប្រព្រឹត្តរួចទាក់ទងទៅប៉ូលិសឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ូលីសនឹងចេញប្រតិបត្តិការភ្លាមបន្ទាប់ពីទទួលបានការរាយការណ៍៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា