ថ្មីៗនេះតារាសម្ដែង សិទ្ធី នីកា ដែលជាភរិយាព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ បានអមដំណើរ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស បានចូលគាល់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នាព្រះបរមរាជវាំង។

តារាស្រីសម្រស់ផូរផង់សមជានារីខ្មែរ សិទ្ធី នីកា បានចូលក្រាបបង្គំគាល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុតនាព្រះរាជដំណាក់គន្ធបុប្ផា ហើយក៏មានសាច់ញាតិខាងអនាគតប្អូនថ្លៃប្រុស ដែលជាក្រុមគ្រួសារអ្នកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយកក្រុមហ៊ុន ING Holdings Co., Ltd.។
តារាសម្ដែងកំពុងឡើងកូដរូបនេះបានបង្ហោះរៀបរាប់ថា “ជាមហាកិត្តិយសបំផុតសំរាប់ខ្ញុំម្ចាស់ ដែលបានចូលក្រាបបង្គំគាល់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង”។ សម្រាប់ជំនួបនៃគ្រួសារដន្លងដែលជាសែរាជវង្ស និងលំដាប់សេដ្ឋីស្រុកខ្មែរ ទាំង២ ត្រូវបានមហាជនមើលឃើញថា អាចជាដំណឹងល្អ នៃសិរីសួស្ដីជ័យមង្គលឆាប់ៗនេះ។


ការចូលបង្គំគាល់នោះគេសង្កេតឃើញមានវត្តមានក្រុមគ្រួសារអនាគតកូនកំលោះដែលជា CEO រូបសង្ហា អ៊ឹង ស៊ីវឈន់ ព្រមទាំងសាច់សាលោហិតព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា។ កាយវិការប្រណមនៃសែរាជវង្ស សិទ្ធី នីកា បានក្រាបឱនលំទោន ប្រតិបត្តិ សមសួនមែនទែន ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ។
គួរបញ្ជាក់ថា តាំងពីប្រកាសទំនាក់ទំនងជាមួយសែរាជវង្សរួចមកតារាសម្ដែងស្រី សិទ្ធី នីកា តែងបង្ហាញវត្តមានក្នុងកម្មវិធីផ្លូវការនៃព្រះបរមរាជវាំងហូរហែ។ មួយវិញទៀតមហេសីព្រះអង្គម្ចាស់ នរោត្តម ចារូច័ក្រ ទទួលបានការស្រលាញ់ពេញចិត្តពីសាច់សាលោហិត មិនថាជាព្រះនាង នរោត្តម ជេនណា ដែលជាអ្នកសិល្បៈដូចគ្នា ព្រមទាំងពីសែរាជវង្សដទៃទៀត៕







រូបភាព៖ Sithy Nika