កុំរង់ចាំដល់ជោគជ័យ ទើបរកក្ដីសុខឱ្យខ្លួនឯង! មកស្វែងយល់ពីវិធីបង្កើតក្ដីសុខតូចៗឱ្យជីវិត មុនសម្រេចគោលដៅធំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុំរង់ចាំដល់ជោគជ័យ ទើបរកក្ដីសុខឱ្យខ្លួនឯង! មកស្វែងយល់ពីវិធីបង្កើតក្ដីសុខតូចៗឱ្យជីវិត មុនសម្រេចគោលដៅធំ

កុំរង់ចាំដល់ជោគជ័យ ទើបរកក្ដីសុខឱ្យខ្លួនឯង! មកស្វែងយល់ពីវិធីបង្កើតក្ដីសុខតូចៗឱ្យជីវិត មុនសម្រេចគោលដៅធំ

Joie de vivre ជាពាក្យស្លោកភាសាបារាំង មានន័យថា «សេចក្តីសុខ និងភាពរីករាយក្នុងការមានជីវិតរស់នៅ»។ ពាក្យនេះត្រូវ បានគេប្រើដើម្បីពិពណ៌នាអំពីភាពស្រស់ស្រាយ រីករាយដែលយើងមានចំពោះជីវិត ហើយក៏ត្រូវបានយកមកបកស្រាយជាទស្សនវិជ្ជានៃការរស់នៅ ទោះបីមិនមែនជាទ្រឹស្តីចិត្តវិទ្យាចំក៏ដោយ។

មុននឹងចូលដល់រឿងលម្អិត AMS ចង់នាំប្រិយមិត្តអ្នកអានមកចោទសួរខ្លួនឯងថា៖ «តើលើកចុងក្រោយដែលយើងមានក្ដីសុខជាមួយអ្វីមួយ ដោយមិនបានគិតថាវាមានប្រយោជន៍កម្រិតណានោះ គឺនៅពេលណា?»

វាអាចជាពេលដែលយើងបានស្ដាប់បទចម្រៀងសំណព្វចិត្តកំឡុងពេលបើកបរ ញ៉ាំនំដែលចង់ញ៉ាំ ឬសើចសប្បាយជាមួយមិត្តភក្តិរហូតភ្លេចមើលម៉ោង។ ពេលវេលាទាំងនេះប្រហែលជាមិនបានធ្វើឱ្យយើងខិតជិតគោលដៅធំដុំនោះទេ ប៉ុន្តែវាធ្វើឱ្យយើងមានអារម្មណ៍ថា ថ្ងៃនេះមានរឿងល្អៗនៅឡើយ។ ភាពសាមញ្ញ និងធម្មតាបែបនេះ ក៏ជាផ្នែកមួយនៃសេចក្តីសុខក្នុងការមានជីវិតរស់នៅផងដែរ។

នៅពេលដែលយើងលើកយកពាក្យស្លោកនេះមកឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃ វាបានដាស់តឿនឱ្យយើងសួរខ្លួនឯងថា ក្នុងចំណោមរឿងរ៉ាវទាំងឡាយដែលត្រូវធ្វើ តើយើងនៅសល់ពេលវេលាខ្លះសម្រាប់អ្វីដែលធ្វើឱ្យយើងមានក្ដីសុខដែរឬទេ? ព្រោះពេលខ្លះ យើងបង្អង់ ឬពន្យារពេលសេចក្តីសុខចេញទៅជារឿយៗ ដោយរង់ចាំឱ្យការងាររួចរាល់ រង់ចាំឱ្យមានលុយច្រើនជាងនេះ ឬរង់ចាំឱ្យដល់ថ្ងៃឈប់សម្រាក។ លុះពេលដោះស្រាយរឿងមួយរួច រឿងមួយទៀតក៏ចូលមកបន្ត រហូតធ្វើឱ្យអ្វីដែលយើងចង់ធ្វើដើម្បីសេចក្តីសុខខ្លួនឯង ត្រូវបានដាក់នៅចុងជួរគេជានិច្ច។

យើងអាចចាប់ផ្តើមពីការផ្តល់ពេលវេលាបន្តិចបន្តួចបន្ថែមទៀតដល់អ្វីដែលយើងចូលចិត្ត ដូចជា អង្គុយផឹកកាហ្វេដោយមិនបើកមើលអ៊ីមែល ស្ដាប់បទចម្រៀងឱ្យចប់មួយបទ អញ្ជើញមនុស្សស្និទ្ធស្នាលទៅញ៉ាំបាយ ឬឆ្លៀតដើរមើលដើមឈើនៅតាមផ្លូវពេលត្រឡប់ទៅផ្ទះ។ សេចក្តីសុខរបស់មនុស្សម្នាក់ៗមានរូបរាងខុសៗគ្នា អ្នកខ្លះចូលចិត្តចេញទៅជួបជុំមនុស្សម្នា ចំណែកអ្នកខ្លះគ្រាន់តែបាននៅផ្ទះលេងជាមួយឆ្មាក៏គ្រប់គ្រាន់ហើយ។

សាកជ្រើសរើសរឿងមួយដែលចង់ធ្វើនៅថ្ងៃនេះ ហើយទុកពេលឱ្យវាពិតប្រាកដមួយសន្ទុះ ដោយមិនបាច់រង់ចាំឱ្យធ្វើអ្វីៗសព្វគ្រប់អស់មុននោះទេ ហើយក៏មិនបាច់បំប្លែងសកម្មភាពនោះឱ្យទៅជាបេសកកម្មអភិវឌ្ឍខ្លួនឯងអីដែរ។ អានប្រលោមលោកដោយសារវាសប្បាយអាន គូររូបដោយសារចូលចិត្ត ឬដើរលេងដោយសារចង់ចេញទៅមើលផ្ទៃមេឃ សុទ្ធតែជាហេតុផលដែលគ្រប់គ្រាន់ហើយ។

ភាពរីករាយបែបនេះ អាចស្ថិតនៅទន្ទឹមគ្នានឹងថ្ងៃដែលហត់នឿយ ឬកើតទុក្ខបាន។ យើងអាចនៅតែមានរឿងព្រួយបារម្ភ ប៉ុន្តែយើងនៅតែអាចសើចនឹងកំប្លែងរបស់មិត្តភក្តិបាន យើងអាចនៅតែមានទុក្ខសោកនឹងរឿងខ្លះ ប៉ុន្តែនៅតែមានអារម្មណ៍ល្អនៅពេលបានញ៉ាំអាហារឆ្ងាញ់។ ការមានសេចក្តីសុខមួយភ្នែកតូច មិនបានធ្វើឱ្យបញ្ហាដែលកំពុងជួបប្រទះថយចុះសារសំខាន់នោះទេ ហើយនៅថ្ងៃដែលមិនទាន់មានអារម្មណ៍ល្អ ក៏មិនបាច់បង្ខំខ្លួនឯងឱ្យស្រស់ថ្លានោះដែរ។ និយាយឱ្យងាយ គឺយើងមិនចាំបាច់កំណត់គោលដៅថាតែត្រូវតែមានសេចក្តីសុខរៀងរាល់ថ្ងៃនោះទេ ត្រឹមតែសាកល្បងសង្កេតមើលថា តើអ្វីដែលធ្វើឱ្យយើងចង់ចំណាយពេលជាមួយវា រួចបើកឱកាសឱ្យរឿងនោះចូលមកក្នុងជីវិតឱ្យបានញឹកញាប់ជាងមុនទៅគឺគ្រប់គ្រាន់ហើយ។ ជួនកាលវាអាចជារឿងតូចតាចបំផុតរហូតដល់យើងធ្លាប់មើលរំលង ប៉ុន្តែនៅពេលបានធ្វើហើយ បែរជាមានអារម្មណ៍ថា «ចង់មានពេលវេលាបែបនេះញឹកញាប់ទៀត!»។

គ្រប់គ្នាសុទ្ធតែដឹងច្បាស់ថា ការងារ លុយកាក់ គោលដៅ និងកាតព្វកិច្ចគឺនៅតែសំខាន់ ប៉ុន្តែសេចក្តីសុខតាមផ្លូវនៃជីវិតក៏ស័ក្តិសមនឹងទទួលបានពេលវេលាដូចគ្នា។ ថ្ងៃនេះប្រហែលជាមានរឿងជាច្រើនមិនទាន់រៀបរយល្អឥតខ្ចោះនៅឡើយ តែទោះជាយ៉ាងណា យើងអាចអនុញ្ញាតឱ្យខ្លួនឯងមានពេលវេលាល្អៗបាន ដោយមិនបាច់រង់ចាំឱ្យគ្រប់យ៉ាងរួចរាល់ជាមុននោះឡើយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា