ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មិនថាការប្រើប្រាស់ AI ទាំងស្រុង ឬភាគច្រើន មិនឱ្យមានសិទ្ធិចូលរួមក្នុងតារាងចម្រៀងល្បីៗរបស់ប្រទេសឡើយ។

ARIA បានបញ្ជាក់ថារាល់ស្នាដៃតន្ត្រីទាំងអស់ត្រូវតែបង្កើតឡើងដោយមនុស្សជាចម្បង ដើម្បីលើកកម្ពស់សិល្បៈពិតប្រាកដរបស់អ្នកនិពន្ធ និងអ្នកចម្រៀង។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានការជជែកដេញដោលយ៉ាងក្តៅគគុកជុំវិញបទចម្រៀង Cover “Like A Prayer” របស់ Madonna ដែលផលិតឡើងវិញដោយ DJ ជនជាតិអូស្ត្រាលី Josh Fawaz។ បទនេះបានហក់ឡើងដល់លេខ ១ ក្នុងតារាង ARIA Dance Singles និងឈរនៅលេខ ២ ក្នុងតារាងចម្រៀងសរុបទូទាំងប្រទេសដោយមានការស្ដាប់ (streaming) លើ Spotify រហូតជាង ៤៨ លានដង។ ទោះជាយ៉ាងណា Fawaz ទើបតែបន្ថែម Credit ដល់ AI ក្រោយពេលមានប្រតិកម្មប្រឆាំងពីសាធារណជន។

យោងតាម BBC News មុនមានការប្រកាសរបស់ប្រទេសអូស្ត្រាលី កាលពីខែមករា ឆ្នាំ២០២៦ ប្រទេសស៊ុយអែតបានក្លាយជាប្រទេសទីមួយបានហាមឃាត់បទចម្រៀង AI រួចទៅហើយ ខណៈដែលសហព័ន្ធអន្តរជាតិនៃឧស្សាហកម្មហ្វូណូក្រាម (IFPI) ក៏កំពុងរៀបចំដាក់ចេញនូវគោលការណ៍ណែនាំ AI សម្រាប់តារាងចម្រៀងនៅអាមេរិកឡាទីន មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីអាគ្នេយ៍ផងដែរ។

ចំណាត់ការនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសិល្បករអូស្ត្រាលីដោយពួកគេបានលើកឡើងថា AI កំពុងតែដកហូតបទពិសោធន៍របស់មនុស្សចេញពីជីវិតពិត។ ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានសន្យាថានឹងផ្តល់ការការពារផ្នែកច្បាប់យ៉ាងរឹងមាំដល់អ្នកផលិតតន្ដ្រី និងបទចម្រៀង ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ការយកស្នាដៃរបស់សិល្បករទៅហ្វឹកហ្វឺន AI ដោយគ្មានការអនុញ្ញាត ឬគ្មានការទូទាត់សំណងគឺជា “អំពើចោរកម្ម”៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា