គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

Advertisement


​ថ្មីៗ​នេះ ​ក្រុម​ការងារ​លោកស្រី​ សុភា ​បាន​ចុះ​ទៅ​ខេត្ត​កំពង់​ធំ​ ដែលជាទីកន្លែងកំណើតក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា​លោក​គ្រូ ​អ្នក​គ្រូ​ដែល​ធ្លាប់​បង្រៀន​ខ្លួនមាន​ជំងឺ​។ ​ដោយ​ការ​ចុះ​ទៅ​សួរ​សុខទុក្ខ​ផ្ទាល់​នេះ ​ក្រុមគ្រួសារឧកញ៉ា ណូ សុភា ​ក៏​មាន​បានឧបត្ថម្ថវិកាបន្ដិចបន្ដួច​ដើម្បី​ទុក​ឱ្យ​លោក​គ្រូ អ្នក​គ្រូ ​គ្រាន់​ដោះស្រាយ​ជីវភាព ​និង​ព្យាបាល​ជំងឺ​ផង​ដែរ។ ​ដោយ​ក្នុង​នោះ ​អ្នក​គ្រូ លោក​គ្រូ ​១៨​នាក់ ​ទទួល​បាន​ម្នាក់​ ១​ម៉ឺន​ដុល្លារ សរុប​១៨​ម៉ឺន​ដុល្លារ។


​លោកស្រី ណូ សុភា ​បាន​បង្ហាញចំណាប់​អារម្មណ៍​ដែរ​ថា​៖ “អំណោយ​នេះ​ មិន​មែន​ជា​ការ​តប​ស្នង​គុណ​ដ៏​ធំធេង​របស់​លោកគ្រូ​ អ្នកគ្រូ​បាន​គ្រប់គ្រាន់​នោះ​ទេ​ ព្រោះ​គ្មាន​ទ្រព្យ​សម្បត្តិ ឬ​ថវិការ​ចំនួន​ណា​មួយ ​អាច​ប្រៀប​ធៀប​នឹង​ការ​លះបង់ ​ការ​ខិតខំ​ប្រឹងប្រែង​ ការ​អប់រំ​ និង​សេចក្ដី​ស្រឡាញ់​ដែល​លោក​គ្រូ ​អ្នក​គ្រូ​បាន​ផ្តល់​ឱ្យ​សិស្ស​នោះ​ឡើយ។​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ អំណោយ​ដ៏​តូច​មួយ​នេះ ​អាច​ជា​សក្ខីភាពនៃ​ការគោរព​ ការដឹងគុណ ​និង​ទឹក​ចិត្ត​ដ៏​ស្មោះស្ម័គ្រ​របស់​សិស្ស​ម្នាក់​ ដែល​មិន​ធ្លាប់​ភ្លេច​គុណ​លោកគ្រូ​ អ្នកគ្រូ​ជា​រៀង​រហូត​”។

អគ្គនាយិកា ក្រុមហ៊ុន Böttcher AG រូបនេះបានបន្ថែមទៀតថា លោកគ្រូ អ្នកគ្រូ គឺជាអ្នកដែលបានផ្តល់ទាំងចំណេះដឹង អប់រំចិត្តគំនិត និងបង្ហាញផ្លូវជីវិតដល់ខ្លួន។ បើគ្មានការខិតខំប្រឹងប្រែង ការអត់ធ្មត់ និងការលះបង់របស់លោកគ្រូ អ្នកគ្រូ ក៏ប្រហែលជាលោកស្រីមិនអាចមានថ្ងៃនេះដែរ។ ស្រ្តីខ្មែរ​ដែល​មាន​ស្វាមី​ជា​សេដ្ឋី​អាល្លឺម៉ង់​រូបនេះប្រកានន់ខ្ជាប់​ពាក្យថា «មានថ្ងៃនេះ ព្រោះមានលោកគ្រូអ្នកគ្រូ» ​យល់ច្បាស់ពីទុក្ខធុរៈ និងស្គាល់​បុណ្យ គុណ ដែល​ទួល​បាន​ពី​លោកគ្រូអ្នកគ្រូទាំងអស់។ លោកស្រីពោរពេញដោយក្តីនឹករលឹក​ទៅកាន់លោកគ្រូ-អ្នកគ្រូចាស់ៗ ដែលពេលនេះពួកគាត់ខ្លះមានវ័យជរាទៅហើយ។

ថវិកាចំនួន ១ម៉ឺនដុល្លារក្នុងម្នាក់នេះ ត្រូវបានបែងចែកជូនទៅដល់លោកគ្រូ-អ្នកគ្រូជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាការជួយសម្រាលបន្ទុកមួយផ្នែក ក្នុងជីវភាពរស់នៅរបស់ពួកគាត់ ខណៈពួកគាត់ភាគច្រើនរួមរឹតដោយជំងឺក្នុងវ័យជរា។ ចំណែកឯលោកគ្រូ-អ្នកគ្រូដែលបានទទួល ស្ទើរតែទប់ទឹកភ្នែករំភើបមិនចង់បាន ព្រោះមិននឹកស្មានថាសិស្សដែលខ្លួនធ្លាប់បង្ហាត់បង្រៀនពីតូច ក្លាយជាបុគ្គលជោគជ័យហើយ នៅតែចងចាំ និងវិលមកតបស្នងសងគុណពួកគាត់វិញទាំងក្តីអាណិតស្រលាញ់បែបនេះ។

កាយវិការដ៏ប្រពៃ​ និង​បេះដូង​មហា​កតញ្ញូ​របស់​ឧកញ៉ា ណូ សុភា ​បាន​សាប​ព្រោះ​គ្រាប់​ពូជ​នៃ​ក្ដី​ស្រឡាញ់ ​ការ​ដឹង​គុណ ​និង​ការ​ចែក​រំលែក​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​សង្គម​ខ្មែរ។ សូម​បួង​សួង​ឱ្យ​លោកគ្រូ អ្នក​គ្រូ មាន​សុខភាពល្អ​ប្រសើរ​ឡើង​វិញ​ និង​មាន​អាយុ​យឺន​យូរ​ដើម្បី​មើល​ឃើញ​ភាព​ជោគជ័យ​របស់​សិស្សានុសិស្ស​បន្ត​បន្ទាប់​ទៀត។


គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះលោកស្រី សុភា បាន​ចូលរួមរៀបចំថវិកាជាង ១ សែនដុល្លារ ដើម្បីកសាងសាលារៀន ជូនដល់សិស្សនៅតាមទីជនបទ មាន​ឱកាស​បាន​សិក្សា​ក្រេន​យក​ចំណេះវិជ្ជា។ លោកស្រី សុភា បុត្រឈរ ដែលទទួលបាន គោរមងារឧកញ៉ា ណូ សុភា បានជួយ​ដល់​សង្គម​ជាតិ​សឹងតែ​គ្រប់​វិស័យ​មិន​ថា​សុខាភិបាល វិស័យ​ការពារជាតិ វិស័យ​អប់រំ និង​វិស័យ​ជាច្រើន​ទៀត៕

រូបភាព៖ Sophea Böttcher

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា