សាកលវិទ្យាល័យ Stanford បង្កើតមុខវិជ្ជាសិក្សាថ្មីដែលទទួលបានការបំផុសគំនិតពី RM មេក្រុម BTS | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកលវិទ្យាល័យ Stanford បង្កើតមុខវិជ្ជាសិក្សាថ្មីដែលទទួលបានការបំផុសគំនិតពី RM មេក្រុម BTS

សាកលវិទ្យាល័យ Stanford បង្កើតមុខវិជ្ជាសិក្សាថ្មីដែលទទួលបានការបំផុសគំនិតពី RM មេក្រុម BTS

សាកលវិទ្យាល័យអាមេរិក Stanford នឹងបើកបង្រៀនថ្នាក់សិក្ខាសាលាពិសេសថ្មីសម្រាប់និស្សិតឆ្នាំទី ១ ដែលទទួលបានការបំផុសគំនិតពីទម្លាប់កម្សាន្តដែលប្រធានក្រុម BTS ចូលចិត្តជាមធ្យោបាយឈានទៅសិក្សាពីវិទ្យាសាស្ត្រនៃការគេង ជំងឺថប់បារម្ភ និងសុខុមាលភាពក្នុងការរស់នៅ។

យោងតាមបញ្ជីមុខវិជ្ជារបស់សាកលវិទ្យាល័យ វគ្គសិក្សាចំនួន ៣ ក្រេឌីតនេះមានឈ្មោះថា «Namjooning, and other well-being inspiration from BTS» ដែលមានកូដ PSYC 65N និងផ្តល់ជូនដោយដេប៉ាតម៉ង់វិទ្យាសាស្ត្រចិត្តវិទ្យា និងឥរិយាបថ នៃមហាវិទ្យាល័យវេជ្ជសាស្ត្រ របស់សាកលវិទ្យាល័យ Stanford។ សិក្ខាសាលានេះគឺជាមុខវិជ្ជាថ្មីសម្រាប់ឆ្នាំនេះ ដោយបានចាប់ផ្តើមនៅថ្ងៃទី ២២ ខែកញ្ញា និងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៤ ខែធ្នូ ដោយសិក្សា ២ ដងក្នុងមួយសប្តាហ៍។

សារព័ត៌មាន Malay Mail បានរាយការណ៍ថា ពាក្យ «Namjooning» គឺជាពាក្យដែលអ្នកគាំទ្រប្រើប្រាស់សម្រាប់ហៅវិធីសាស្ត្រសម្រាកលម្ហែដែល RM ចូលចិត្តបំផុត ចាប់តាំងពីការជិះកង់ និងការទស្សនាសារមន្ទីរសិល្បៈ រហូតដល់ការអានសៀវភៅ ការសរសេរកំណត់ហេតុ និងការចំណាយពេលជាមួយធម្មជាតិ។ ពាក្យនេះកើតចេញពីឈ្មោះពិតរបស់លោកគឺ Kim Nam-joon។

ប្រធានបទសិក្សារួមមាន តិចនិកការគេង ជំងឺថប់បារម្ភ ភាពជាប់គាំងនៃគំនិតច្នៃប្រឌិត ការស្រឡាញ់ខ្លួនឯង ការប្រើថ្នាំពេទ្យ និងសារធាតុផ្សេងៗ របបអាហារ និងការហាត់ប្រាណ អាហារបំប៉ន ក៏ដូចជាការព្យាបាលផ្លូវចិត្ត និងការផ្តល់ប្រឹក្សា។

សារព័ត៌មាន The Korea Herald បានរាយការណ៍ថា និស្សិតនឹងអានរឿងប្រឌិត និងឯកសារស្រាវជ្រាវវិទ្យាសាស្ត្រ វិភាគស្នាដៃសិល្បៈ និងទស្សនាវីដេអូផ្សេងៗ រួមទាំងខ្លឹមសារអំពីដំណើរនៃការបង្កើតស្នាដៃរបស់ RM ផងដែរ។

ជាអ្នកចូលចិត្តប្រមូលស្នាដៃសិល្បៈមួយរូប RM បានចូលរួមរៀបចំពិព័រណ៍មួយឈ្មោះថា “RM x SFMOMA: Between You and Me” ដោយប្រើប្រាស់ស្នាដៃសិល្បៈពីការប្រមូលផ្ទាល់ខ្លួនរបស់លោក និងស្នាដៃដែលរក្សាទុកនៅសារមន្ទីរសិល្បៈសម័យទំនើប San Francisco (San Francisco Museum of Modern Art)។ ពិព័រណ៍នេះបានចាប់ផ្តើមនៅថ្ងៃទី ៣ ខែតុលា ហើយនឹងបន្តរហូតដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៧។

ចំពោះសកម្មភាពក្រុម BTS ថ្មីៗនេះសមាជិកទាំងអស់បានបញ្ចប់ការសម្តែងក្នុងតំបន់អាមេរិកខាងត្បូងនៅទីក្រុង Sao Paulo កាលពីថ្ងៃទី ៣១ ខែតុលា ហើយនឹងចាប់ផ្តើមដំណាក់កាលបន្ទាប់នៃការប្រគំតន្ត្រីទេសចរណ៍នៅអាស៊ី ក្នុងទីក្រុង Kaohsiung កោះតៃវ៉ាន់ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា