សម្រស់ទឹកធ្លាក់ស្ទឹងពង្រូល ទីកម្សាន្តដ៏មនោរម្យសម្រាប់អ្នកចូលចិត្ត​ធម្មជាតិព្រៃភ្នំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្រស់ទឹកធ្លាក់ស្ទឹងពង្រូល ទីកម្សាន្តដ៏មនោរម្យសម្រាប់អ្នកចូលចិត្ត​ធម្មជាតិព្រៃភ្នំ

សម្រស់ទឹកធ្លាក់ស្ទឹងពង្រូល ទីកម្សាន្តដ៏មនោរម្យសម្រាប់អ្នកចូលចិត្ត​ធម្មជាតិព្រៃភ្នំ

​ស្ថិតនៅ​ភូមិសាស្ត្រ​សហគមន៍​ភ្នំ​ទ័ព​ជាង​នៃ​ឧ​ទ្យា​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​ តំបន់​ទឹកធ្លាក់​ស្ទឹង​ពង្រូល គឺជា​ប្រភព​សម្បូ​ណ៍​ទៅដោយ​ធនធានធម្មជាតិ សត្វព្រៃ​និង​ទឹកធ្លាក់​ជាទី​កម្សាន្ត​ដ៏​មនោ​រម្យ​។​

​ដើម្បីទៅដល់ទឹកធ្លាក់​ដ៏ស្រស់ត្រកាលនេះ​អ្នកទេសចរ​​​​​អាចធ្វើ​ដំណើរ​តាមផ្លូវ​ចំនួន ​៣ ​ខ្សែ រួមមានផ្លូវទី​១​ផ្លូវ​ចូល​តាម​ស្រុក ស្រែអំបិល និង​ចំណែក​២​ខ្សែ​ទៀត​គឺ​គេ​អាច​ចូល​តាម​ស្រុក​កំពង់​សិលា​មាន​ចម្ងាយ​ជិត ៣០​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ ៤​។​ ទឹកធ្លាក់​ស្ទឹង​ពង្រូល​មាន​២​ដំណាក់​គឺ​ទឹកធ្លាក់​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​។​ ទឹកធ្លាក់​នៅ​ផ្នែក​ខាងលើ​គេ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ឡើងលើ​កំពូលភ្នំ​ដែលមាន​ប្រវែង​ប្រមាណ​១​គីឡូម៉ែត្រ​។ ​

ពាក់ព័ន្ធប្រវត្តិនៃឈ្មោះស្ទឹងពង្រូលនេះ លោក ឆាយ ធារ៉ា អនុប្រធាន​សមាគមន៍​តំបន់ការពារធម្មជាតិ​ភ្នំ​ទ័ព​ជាង ​បានឱ្យដឹងថា​ដោយសារ​ពី​ដើមឡើយទីនេះ​សម្បូ​រ​ទៅដោយ​សត្វ​ពង្រូល ទើប​ចាស់ៗ​សម័យមុន​បានដាក់​ឈ្មោះ​ជា​ទឹកធ្លាក់​ស្ទឹង​ពង្រូល​មកដល់​សព្វថ្ងៃ​ ហើយរហូតមកដល់​បច្ចុប្បន្ន​សត្វ​ពង្រូល​ក៏នៅតែមាន​វត្តមាន​ច្រើន​នៅ​ទីកន្លែង​នេះ​នៅឡើយ​ដែរ​ ដោយពួកវា​​ចូលចិត្ត​រស់នៅ​តាម​មាត់​ស្ទឹង​ដែល​សម្បូ​ណ៍​ទៅដោយ​ចំណីអាហារ និង​កន្លែង​លាក់​បំពួន​ខ្លួន​បាន​យ៉ាង​ងាយស្រួល​។​ លោក​បាន​បន្ថែមថា នៅតាម​ដងស្ទឹង​ពង្រូល​អ្នកទេសចរ​គេ​អាចមក​បោះតង់​សម្រាក​ពេលយប់ ដើម្បី​ស្តាប់​សត្វ​យំ មើល​ពពក​លើ​ភ្នំ និង​ទទួល​នូវ​ខ្យល់​បរិសុទ្ធ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​យ៉ាង​ជាប់ចិត្ត​ពី​ទីកន្លែង​នៃ​សម្រស់​ធម្មជាតិ​គ្មាន​ពីរ​មួយកន្លែង​នេះ​។​

អ្វី​ជាទី​ចាប់អារម្មណ៍​របស់​ក្រុម​អ្នកទេសចរ​​គឺ​ផ្ទាំង​ថ្ម​ធំៗ​ដែល​ផ្ទាំង​ខ្លះ​មាន​ទំហំ​រហូតដល់​១០​ម៉ែត្រ មាន​ស្នាម​ប្រេះ​រហែក​តាម​កាល​វេលា​ច្រើន​ឆ្នាំ​មកហើយ ​ធ្វើឱ្យ​ទឹក​ហូរ​ជ្រែក​ប្រដេញ​គ្នា​ធ្លាក់​ពីលើ ចុះមក​ក្រោម​បែកផ្សែង​ទឹក​សំពោង​និង​មាន​ស្នូរ​សំឡេង​គួរ​ជាទី​សប្បាយរីករាយ​។​ ទឹក​នៅ​ទីកន្លែង​នេះ​មាន​សភាព​ត្រជាក់​ស្រេ​ង និង​ថ្លា​ដូច​កញ្ចក់ បើ​បាន​ចុះ​ងូត​ហើយ​មិន​ចង់​ងើប​ចេញ​វិញ​សោះឡើយ​។​

ភាពស្រស់ស្អាត​នៃ​ធម្មជាតិ​ទឹកធ្លាក់​កន្លែង​នេះ​បង្កើត​នូវ​ទស្សនីយភាព​អស្ចារ្យ​ផ្នែក​ធម្មជាតិ​និង​មា​នស​ភាពរស់រវើក​គួរ​ជាទី​កន្លែង​សម្រាប់​សម្រាក​លំហែកាយ​ដែល​គ្មាន​គូរ​ប្រៀប។ ​ក្រៅពីនេះ​នៅ​តំបន់​ជុំវិញ​ទឹកធ្លាក់​ក៏​អម​ទៅដោយ​ដើម​រុក្ខជាតិ​តូចធំ​ដុះ​ប្រជ្រៀត​គ្នា​ធ្វើឱ្យ​យើង​គយគន់​មើល​ហើយ​ស្ទើរ​អត់​សរសើរ​ពីស​ម្រ​ប់​ធម្មជាតិ​បង្កើត​មក​យ៉ាង​អស្ចារ្យ​នៅ​តំបន់​មួយកន្លែង​នេះ​ពុំបាន​។​

ទឹកធ្លាក់​ស្ទឹង​ពង្រូល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​តំបន់​អភិរក្ស​របស់​សហគម​ន៍​នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​សំខាន់​ក្នុងការ​អភិរក្ស ព្រៃឈើ សត្វព្រៃ និង​សម្បត្តិ​ធម្មជាតិ​តាំងតែ​ពី​បុរាណកាល​របស់​ដូនតា​ឱ្យ​ស្ថិតនៅ​គង់វង្ស​យូរអង្វែង​ដល់​កូនចៅ​ជំនាន់​ក្រោយ​បន្តទៅទៀត​ ​៕

រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា – ម៉ក់ ភារៈ

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា