មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត ដែលធ្លាប់លក់ចេញក្នុងការដេញថ្លៃ។

Advertisement

ដើមឡើយក្រុមហ៊ុនដេញថ្លៃមួយនេះ បានវាយតម្លៃគ្រោងឆ្អឹងមានឈ្មោះហៅក្រៅថា Gus ក្នុងតម្លៃប្រមាណ ២០ ទៅ ៣០ លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈលទ្ធផលជាក់ស្ដែង គ្រោងឆ្អឹងដែលអាយុប្រមាណ ៦៧ លានឆ្នាំមួយនេះ លក់ចេញក្នុងតម្លៃស្ទើរទ្វេដងនៃតម្លៃប៉ាន់ប្រមាណ។

ក្រុមហ៊ុន Sotheby’s បានឱ្យដឹងថា គ្រោងឆ្អឹងនេះគឺជាគ្រោងឆ្អឹងរបស់ដាយណូស័រពេញវ័យ ជាគ្រោងឆ្អឹងធំបំផុត និងពេញលេញបំផុតមួយមិនធ្លាប់មានពីមុនមក ដែលត្រូវបានរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងក្នុងរដ្ឋ South Dakota ដោយក្រុមហ៊ុនពាណិជ្ជកម្មផូស៊ីល Theropoda Expeditions។

ចំណែកឯមូលហេតុដែលគ្រោងឆ្អឹងកម្ពស់ ៣.៨ ម៉ែត្រនេះ មានឈ្មោះថា Gus នោះ ក៏ព្រោះតែវាត្រូវបានដាក់ឈ្មោះទៅតាមលោក Gary Gus Licking ដែលជាម្ចាស់ដីកសិដ្ឋាននេះផ្ទាល់តែម្ដង។

គួរកត់សម្គាល់ថា នេះមិនមែនជាលើកទី១ ទេ ដែលមានការនាំយកគ្រោងឆ្អឹងដាយណូស័រមកដេញថ្លៃ។ ជាក់ស្ដែង នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុននេះធ្លាប់បានយកឆ្អឹងដាយណូស័រ Stegosaurus ដែលមានឈ្មោះថា Apex មកដាក់ដេញថ្លៃ និងលក់ចេញក្នុងតម្លៃ ៤៤.៦ លានដុល្លារអាមេរិក កាន់កាប់តំណែងជាផូស៊ីលដាយណូស័រថ្លៃបំផុត ដែលធ្លាប់លក់ចេញក្នុងការដេញថ្លៃនាគ្រានោះ។

យ៉ាងណាមិញ មុនពេលការដេញថ្លៃនេះ Palaeontologists ដែលជាក្រុមអ្នកជំនាញសិក្សាអំពីជីវិតសម័យបុរេប្រវត្តិដោយវិភាគលើផូស៊ីល បានបង្ហាញការព្រួយបារម្ភថា ការលក់បែបនេះអាចប៉ះពាល់ដល់ការសិក្សារបស់ពួកគេ ដោយសារតែវាធ្វើឱ្យគ្រោងឆ្អឹងដាយណូស័រធ្លាក់ទៅឆ្ងាយពីដៃរបស់ស្ថាប័នសិក្សាអប់រំ និងស្រាវជ្រាវ។

សាស្ត្រាចារ្យ Richard Butler ពីសាកលវិទ្យាល័យ Birmingham បានប្រាប់សារព័ត៌មាន The Guardian ថា៖ “និន្នាការនាំយកផូស៊ីលទៅលក់លើទីផ្សារ ដែលប្រៀបដូចជាការលក់ស្នាដៃសិល្បៈកម្រក្នុងតម្លៃមហាសាលដោយក្រុមហ៊ុនដេញថ្លៃនេះ គឺជារឿងដែលគួរឱ្យព្រួយបារម្ភខ្លាំងណាស់”។

លោកបានបន្តថា៖ “ផូស៊ីលដែលមិនស្ថិតនៅក្រោមការប្រមូលទុករបស់សារមន្ទីរដែលមានការទទួលស្គាល់ផ្លូវការ គឺមិនអាចនាំយកមកសិក្សាស្រាវជ្រាវបានឡើយ។ ដូច្នេះ វាត្រូវបានបាត់បង់សម្រាប់ការស្រាវជ្រាវ”។

លោកបញ្ជាក់ថា៖ “ផូស៊ីលត្រូវបានគេទិញ និងលក់អស់រយៈពេលរាប់រយឆ្នាំមកហើយ ប៉ុន្តែតម្លៃនាពេលបច្ចុប្បន្នគឺកាន់តែខ្ពស់ហួសពីលទ្ធភាពដែលសារមន្ទីរនានាអាចទិញបាន ដែលនេះជាការប៉ះពាល់យ៉ាងធំធេងដល់វិស័យវិទ្យាសាស្ត្រ”។

សាស្ត្រាចារ្យ Stephen Brusatte មកពីសាកលវិទ្យាល័យ Edinburgh ក៏បានយល់ស្របនឹងមតិខាងលើនេះដែរ។ លោកបានលើកឡើងថា៖ “ដោយសារតែដាយណូស័រនេះត្រូវបានរកឃើញនៅក្នុងសហរដ្ឋអាមេរិក ហើយនៅអាមេរិកនេះ អ្នកអាចធ្វើអ្វីក៏បានជាមួយនឹងអ្វីដែលអ្នករកឃើញនៅលើដីផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះ ការដេញថ្លៃនេះ វាស្របច្បាប់។ ប៉ុន្តែក្នុងនាមជាអ្នកវិទ្យាសាស្ត្រម្នាក់ វានៅតែធ្វើឱ្យខ្ញុំមានការព្រួយបារម្ភដដែល”។

ផ្ទុយគ្នាពីសហរដ្ឋអាមេរិក នៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសប្រេស៊ីល ឬម៉ុងហ្គោលី ផូស៊ីលទាំងអស់គឺជាសម្បត្តិរបស់រដ្ឋ បើទោះបីជាផូស៊ីលនេះត្រូវបានរកឃើញនៅលើដីឯកជនក្ដី៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា