ខ្លោង​ទ្វារ​បុរាណ​នៃ​ប្រាសាទ​តាព្រហ្ម ​ទទួល​បានការ​ជួសជុល​យ៉ាង​ផ្ចិតផ្ចង់ ត្រៀម​បញ្ចប់​ចុង​ឆ្នាំ​នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខ្លោង​ទ្វារ​បុរាណ​នៃ​ប្រាសាទ​តាព្រហ្ម ​ទទួល​បានការ​ជួសជុល​យ៉ាង​ផ្ចិតផ្ចង់ ត្រៀម​បញ្ចប់​ចុង​ឆ្នាំ​នេះ

ខ្លោង​ទ្វារ​បុរាណ​នៃ​ប្រាសាទ​តាព្រហ្ម ​ទទួល​បានការ​ជួសជុល​យ៉ាង​ផ្ចិតផ្ចង់ ត្រៀម​បញ្ចប់​ចុង​ឆ្នាំ​នេះ

គម្រោងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០២៦។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​អាជ្ញាធរ​ជាតិ​អប្សរា។

Advertisement

គម្រោងជួសជុលដែលចាប់ផ្ដើមតាំងពីដើមឆ្នាំ ២០២៣ រហូតមកដល់បច្ចុប្បន្ន ត្រូវ​បាន​ក្រុមអ្នកជំនាញជួសជុលពង្រឹងគ្រឹះនៃតួខ្លោងទ្វារ និងរៀបថ្មដាក់ទីតាំងដើមឡើងវិញតាមលំនាំដើម ចាប់ពីគ្រឹះ និងខឿន រហូតឡើងដល់កំពូលខាងលើនៃមុខព្រហ្ម ដោយ​សម្រេចបានប្រមាណ ៧៥ ភាគរយ។

ជាមួយគ្នា ការងារជួសជុលខ្លោងទ្វារខាងត្បូងនៃកំពែងទី៥របស់ប្រាសាទតាព្រហ្ម តម្រូវឱ្យប្រើបច្ចេកទេសអាណាស្ទីឡូស (Anastylosis) ដោយមានការរុះរើរចនាសម្ព័ន្ធសំណង់ទាំងមូល ហើយរៀបផ្គុំឡើងវិញតាមលំនាំដើម។ ដ្បិតមុនជួសជុល រចនាសម្ព័ន្ធរបស់ខ្លោងទ្វារនេះ បានដួលរលំទាំងស្រុង ឯថ្មផ្សេងៗក៏ច្របល់ចូលគ្នា។

ដូច្នេះ ក្រុមអ្នកជំនាញបានអនុវត្តបច្ចេកទេសតាមដំណាក់កាលនីមួយៗ ដូចជា ការសម្រង់ប្លង់ ថតរូបស្ថានភាពមុនរុះរើ និងសរសេរលេខសម្គាល់លើថ្មនីមួយៗ មុននឹងរុះរើថ្ម។ បន្ទាប់មករុះរើថ្មតាមរួតនីមួយៗរហូតដល់គ្រឹះ។ ចុះបញ្ជីថ្មដែលរើរួច កំណាយបុរាណវិទ្យាសិក្សាពីស្ថានភាពគ្រឹះ និងស្វែងរកថ្មដែលកប់ក្នុងដី។ សិក្សាពិសោធន៍ពីកំហាប់របស់ដី និងពិសោធន៍ថ្មភក់ ព្រមទាំងថ្មបាយក្រៀម។ ចំពោះថ្មដែលរលុះធ្លាក់រាយប៉ាយ ក្រុមអ្នកជំនាញបានស្វែងរកដើម្បីកំណត់អត្តសញ្ញាណ រួចផ្គុំសាកល្បងរកទីតាំងដើមរបស់ថ្មទាំងនោះឡើងវិញ។

តាម​ការ​បញ្ជាក់​របស់ជំនាញបុរាណវិទូរបស់អាជ្ញាធរជាតិអប្សរាបាន​ឱ្យដឹងថា ការដួលរលំរបស់តួខ្លោងទ្វារបានបង្កឱ្យថ្មមួយចំនួនបានខូចខាត បាក់បែកខូចគុណភាព និងថ្មមួយចំនួនបានបាត់បង់ សរុបប្រមាណ១៥ភាគរយ។ ក្នុងការងារជួសជុល និងពង្រឹងរចនាសម្ព័ន្ធរបស់តួខ្លោងទ្វារទាំងមូលឱ្យរឹងមាំឡើងវិញ ត្រូវការបន្ថែមថ្មថ្មី ដើម្បីជំនួសថ្មដែលខូចខាត ឬបាត់បង់ទាំងនោះ។ ចំពោះការប្រើប្រាស់ថ្មថ្មីជំនួសថ្មចាស់ដែលបាត់បង់ ឬខូចគុណភាព គឺក្នុងករណី មានថ្មចាស់នៅរួតខាងលើ ហើយរួតខាងក្រោមថ្មចាស់បាត់បង់។ ដូចនេះការប្រើប្រាស់ថ្មថ្មីមិនសម្រាប់ការលម្អទេ គឺសម្រាប់ការទ្ររចនាសម្ព័ន្ធថ្មចាស់ដែលមានពីលើ និងករណីការពារជម្រាបទឹកចូលគ្រឹះតែប៉ុណ្ណោះ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបុរាណវិទ្យាឥណ្ឌា ក្នុងដំណាក់កាលទី៣នេះ មានគម្រោងជួសជុលខ្លោងទ្វារខាងត្បូង និងគម្រោងជួសជុលខ្លោងទ្វារខាងកើតនៃកំពែងទី៥ របស់ប្រាសាទតាព្រហ្ម ព្រមទាំងមានគម្រោងមួយចំនួនទៀត រួមមាន៖ គម្រោងជួសជុលសាលរបាំផ្នែកខាងត្បូងឆៀងខាងលិច គម្រោងជួសជុលកំពែងថ្មបាយក្រៀមជុំវិញសាលរបាំផ្នែកខាងត្បូង និងខាងជើង។ ការជួសជុល ខ្លោងទ្វាររោងទងទី៣ ផ្នែកខាងកើត ជ្រុងខាងជើង ការជួសជុលខ្លោងទ្វារកណ្តាលនៃរោងទងទី៣ ផ្នែកខាងលិច ជួសជុលកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ ផ្នែកខាងជើង និងការជួសជុលកំពែងថ្មបាយក្រៀមខាងនៅខាងលិចនៃខ្លោងទ្វារខាងត្បូងដែរ ដែលការងារទាំងនោះបានសម្រេចជាស្ថាពរហើយ៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា