វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ តើអត្ថន័យនៃពាក្យថា “មនុស្ស” នៅតែមានតម្លៃដែរឬទេ? នៅក្នុងឆ្នាំ ២០២៦ នេះ វចនានុក្រម Cambridge បានជ្រើសរើសពាក្យ “Human” ឬ “មនុស្ស” ជាពាក្យប្រចាំឆ្នាំ ដើម្បីសង្កត់ធ្ងន់លើអត្ថន័យ និងសារៈសំខាន់នៃពាក្យនេះ។

វចនានុក្រម Cambridge បានឱ្យនិយមន័យនៃពាក្យ “Human” ថា ជាការមានគុណសម្បត្តិ ចំណុចខ្វះខាត និងអារម្មណ៍ដែលមនុស្សមាន ផ្ទុយពីព្រះ សត្វ ឬម៉ាស៊ីន។

នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ម៉ាស៊ីន និងបច្ចេកវិទ្យាផ្សេងទៀត បានចូលមកមានឥទ្ធិពលលើពិភពលោក វាមកទន្ទឹមគ្នានឹងសំណួរមួយដែលចោទសួរថា តើ AI ឬម៉ាស៊ីន អាចចូលមកជំនួសមនុស្សបានដែរឬទេ?

លោក Colin McIntosh អ្នករៀបចំវចនានុក្រមរបស់ Cambridge បានលើកឡើងថា៖ “AI បានចូលមកផ្លាស់ប្តូររបៀបដែលយើងនិយាយអំពីភាពជាមនុស្ស។ នៅពេលនិយាយពី ក្ដីបារម្ភអំពីអ្វីដែលមនុស្សអាចនឹងបាត់បង់ នៅពេលដែលយើងឱ្យអ្វីផ្សេងមកគិតជំនួស ធ្វើឱ្យយើងត្រូវត្រឡប់មកពិចារណាឡើងវិញថា តើយើងគួរពឹងផ្អែកលើ AI ច្រើនប៉ុនណា?”

ស្របគ្នានេះ លោកបានលើកឡើងពីពាក្យផ្សំដែលពាក់ព័ន្ធនឹងមនុស្ស ដូចជាពាក្យ “Human-made” ដែលមានន័យថា “បង្កើតឡើងដោយមនុស្ស” ថាជាការសង្កត់ធ្ងន់ឱ្យឃើញពីការបែងចែកស្នាដៃ ឬគុណសម្បត្តិរបស់មនុស្សចេញពី AI ផងដែរ។

ថ្លែងមតិជុំវិញការជ្រើសរើសពាក្យរបស់វចនានុក្រមនេះ លោក Bill Gates បានលើកឡើងថា៖ “AI កំពុងធ្វើឱ្យយើងគិតកាន់តែស៊ីជម្រៅអំពីអត្ថន័យនៃភាពជាមនុស្ស។ វាអាចជួយយើងព្យាបាលជំងឺ កែលម្អវិស័យអប់រំ និងផ្តល់ពេលវេលាបន្ថែមដល់មនុស្ស ដើម្បីអាចចំណាយទៅលើអ្វីដែលសំខាន់”។

ប៉ុន្តែសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft រូបនេះ បានព្រមានថា មនុស្សត្រូវតែពិចារណាដោយប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ AI នៅក្នុងជីវិតប្រចាំថ្ងៃ។ លោកថា៖ “រង្វាស់នៃភាពជោគជ័យរបស់ AI គួរតែជាអ្វីដែលវាជួយលើកកម្ពស់ជីវិតមនុស្សឱ្យកាន់តែប្រសើរឡើង”។

ក្រៅពីពាក្យថា “Human” ដែលជាពាក្យប្រចាំឆ្នាំ ២០២៦ ពាក្យដែលជាប់នៅក្នុងបញ្ជីជម្រុះផ្សេងទៀត រួមមាន ពាក្យថា Agent ដោយនៅក្នុងបរិបទដែលប្រើជាមួយ AI ដូចជា AI Agent ពាក្យនេះសំដៅលើប្រព័ន្ធ AI ដែលដំណើរការដោយគ្មានការគ្រប់គ្រងពីមនុស្ស ខណៈពាក្យថា Analogues វិញ មានអត្ថន័យសំដៅទៅលើសកម្មភាពដែលមិនពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងពាក្យថា Wholesome ដែលប្រើសម្រាប់ពណ៌នាអំពីអ្វីដែលជួយលើកកម្ពស់ជីវិតទាំងផ្នែករាងកាយ សីលធម៌ និងអារម្មណ៍។

ដ្បិតបច្ចេកវិទ្យា ម៉ាស៊ីន និងជាពិសេសគឺ បញ្ញាសិប្បនិម្មិត (AI) ពិតជាអាចជួយឱ្យជីវិតរស់នៅរបស់មនុស្សមានភាពងាយស្រួល និងរហ័សពិតមែន ក៏ប៉ុន្តែមនុស្សខ្លួនឯង គួរយល់ដឹងពីព្រំដែនដែលបច្ចេកវិទ្យាគួរមាន។

ការលើកកម្ពស់ និងប្រើប្រាស់ស្នាដៃមនុស្ស មិនមែនជាការប្រកែកនឹងការរីកចម្រើនរបស់បច្ចេកវិទ្យានោះទេ ប៉ុន្តែគឺជាការលើកកម្ពស់ធនធានមនុស្ស ជាការផ្ដល់តម្លៃដល់ការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត សម្រិតសម្រាំង មុននឹងអាចបង្កើតអ្វីមួយចេញមកបាន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា