ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

“តើ​ភាពយន្ត​ឯកសារ​ Loot បានផ្លាស់ប្តូរគំនិត​ ឬសកម្មភាពណាមួយរបស់អ្នក​ បន្ទាប់ពីទស្សនារួចហើយទេ?”

ឧទាហរណ៍ទី១៖​ មុនមើលរឿង​នេះ​ អ្នកគ្រាន់តែគិតថា​ រូបបដិមា​ គ្រាន់ជាថ្ម​ ដែលត្រូវបានឆ្លាក់​ ដែលពេលទៅប្រាសាទ​ ឬសារមន្ទីរ​ អ្នកគ្រាន់តែមើលៗ​ ឬពេលខ្លះដើរហួស​ ព្រោះមិនចាប់អារម្មណ៍។ តែក្រោយមើលរឿងនេះហើយ​ អ្នកចេះទស្សនារូបបដិមា ដោយការគោរព​ ឬចង់ដឹងបន្ថែមពីប្រវត្តិ​ ក្បាច់ចម្លាក់​ ឬរូបបដិមានោះតំណាងឱ្យអ្វី។

ឧទាហរណ៍ទី២៖​ មុនមើលរឿងនេះ​ អ្នកអត់ចូលចិត្ត​ ឬមិនដែលនឹកនាចង់អាន​ ឬស្វែងយល់ពីប្រវត្តិសាស្ត្រ​ខ្មែរសោះ។ តែក្រោយមើលហើយ​ ស្រាប់តែអ្នកតាំងចិត្តថា​ ឆ្នាំនេះ​ អន់ណាស់ក៏ត្រូវអានសៀវភៅប្រវត្តិសាស្ត្រសម័យណាមួយ ឱ្យបានមួយជំពូកដែរ។ Douglas Latchford ដែលមានគ្រូទាយណាមិនដឹងថាជាតិមុនគាត់ជាខ្មែរ​ នៅសរសេរសៀវភៅពីរូបចម្លាក់ខ្មែរបាន។ ចុះទម្រាំយើងខ្មែរ​ (តែខ្មែរសុទ្ធឬអត់​ ខ្ញុំអត់ហ៊ានថាទេ)​ ដោយអត់ចាំបាច់មានគ្រូទាយមកអះអាងផង​ ត្រឹមអាន​សោះ​ ម៉េចថាធ្វើមិនបាន?

នេះជាសំណួរដែលអ្នកនិពន្ធប្រលោមលោក គឹម ឌីណា បានបំផុសសួរទៅកាន់អ្នកតាមដានរបស់ខ្លួន បន្ទាប់ពីបានទស្សនាភាពយន្តឯកសារ “LOOT” ជាលើកទី២។

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រពីទស្សនិកជន ស្របពេលបុគ្គលល្បីៗលើបណ្ដាញសង្គមជាច្រើននៅតែណែនាំឱ្យកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្តមួយនេះដើម្បីស្វែងយល់ពីរឿងរ៉ាវដ៏សំខាន់មួយនៃប្រវត្តិសាស្រ្តជាតិ។

លើសពីការបង្ហាញឫសគល់នៃការលួចប្លន់ ជួញដូរ រហូតដល់ការទាមទារវត្ថុបុរាណខ្មែរជាច្រើនត្រលប់មកមាតុភូមិវិញ ភាពយន្តនេះក៏ត្រូវបានគេសង្កេតឃើញថាបានផ្លាស់ប្ដូរផ្នត់គំនិតរបស់យុវជនខ្មែរជាច្រើនផងដែរពាក់ព័ន្ធនឹងវត្ថុបុរាណ។

កញ្ញា កែម ច័ន្ទបុប្ផា ជាអ្នកនិពន្ធប្រលោមលោក​មួយរូបទៀត បានរៀបរាប់ពីអារម្មណ៍របស់ខ្លួន បន្ទាប់ពីបានទស្សនារឿងនេះថា៖ «យើងតែងតែស្ញប់ស្ញែង និងមានមោទនភាពជាមួយមរតកជាច្រើន ដែលដូនតាខ្មែរបន្សល់ទុកនៅ។ ចុះក្នុងនាមជាកូនចៅជំនាន់ក្រោយ និងជាអ្នកបន្តវេន តើយើងអាចធ្វើអីបានដើម្បីសង្គមមួយនេះ?

ខ្ញុំតែងយល់ថា ជំនាញណាក៏ជួយជាតិបានដែរ ដូចមានជាឧទាហរណ៍នៅក្នុងភាពយន្តឯកសារមួយនេះស្រាប់។ នៅក្នុងដំណើរការស្រាវជ្រាវ និងទាមទារមកវិញនូវសម្បត្ដិរបស់ខ្មែរ មានអ្នកជំនាញជាច្រើនចូលរួមពាក់ព័ន្ធ។ ហេតុនេះ បើស្នេហាជាតិ បើស្រលាញ់ជាតិ ត្រូវខំរៀន កសាងខ្លួនបង្កើតចំណេះ និងជំនាញពិតប្រាកដ ព្រមទាំងបំពេញករណីយកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ»។

ចំណែកយុវតីជាអ្នកបង្កើតមាតិកាបែបប្រវត្តិសាស្ត្រ Meyxiang បានលើកទឹកចិត្តឱ្យយុវជនខ្មែរ ទៅទស្សនារឿងមួយនេះ ដោយបាននិយាយថា៖ «“សម័យសង្គ្រាមកម្សត់ទាំងមនុស្សកម្សត់ទាំងថ្ម” ជាពាក្យមួយឃ្លាដែលខ្ញុំចងចាំបំផុតបន្ទាប់ពីមើលរឿង Loot រួចហើយ… បដិមាទាំងអស់ដែលយើង ចាត់ទុកថាជាដួងព្រលឹងនៃដូនតារបស់យើងគឺជាវត្ថុដែលយើងគោរពនិងឱ្យតម្លៃខ្លាំងត្រូវបានគេយកទៅជួញដូរជុំវិញពិភពលោកនៅក្នុងតម្លៃរាប់លានដុល្លារ។ វត្ថុបុរាណខ្លះធ្ងន់ខ្លាំងពេកគេយកចេញពីប្រាសាទមិនបាន គេកាត់ព្រះកេស កាត់ដៃ កាត់ជើង ធ្វើយ៉ាងណាឱ្យតែយកទៅលក់បាន… ក្នុងនាមយើងជាកូនខ្មែរ យើងគួរតែចំណាយពេលមួយម៉ោងកន្លះទៅមើល យើងនឹងបានដឹងបានស្គាល់អំពីខ្លួនឯង បានដឹងថាប្រទេសជាតិយើងបានជួបរឿងអ្វីខ្លះ»។

ស្រដៀងគ្នាដែរតារាសម្ដែងវ័យក្មេង សារ៉ា ពេជ្រម៉ានីកា បានបញ្ចេញយោបល់ថា៖ «សូមអរគុណ ក្រុមការងារផលិតខ្សែភាពយន្តឯកសារនេះ ជាពិសេស បុគ្គលសំខាន់ៗដែលបានជួយផ្តួចផ្តើម និងជ្រោមជ្រែង ក្នុងការទាមទាររូបចម្លាក់ និងវត្ថុបុរាណរបស់ខ្មែរត្រលប់មកវិញ គួរជាទីគោរពដឹងគុណបំផុត និងសូមអរគុណ បងប្អូនពូមីង ដែលបានព្យាយាមផ្សព្វផ្សាយពីភាពយន្តនេះ រហូតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ធ្វើឲ្យយុវជនជំនាន់ក្រោយដូចជាខ្ញុំ មានឱកាសបានទៅទស្សនា និងស្វែងយល់ ពីដំណើរដ៏អស្ចារ្យ នៃការស្វែងរកវត្ថុបុរាណរបស់ខ្មែរ ត្រឡប់មកមាតុប្រទេសវិញ… ខ្ញុំពិតជារំភើប និងស្ញប់ស្ញែង នៅពេលបានឃើញ បងប្អូនពូមីង ចូលរួមគាំទ្រខ្សែភាពយន្តនេះចេញពីបេះដូង ដែលបង្ហាញពីក្តីស្រលាញ់ និងការប្តេជ្ញាក្នុងការថែទាំសម្បត្តិមរតកខ្មែរបន្តទៀត សូមឲ្យទឹកចិត្តដ៏អង់អាចមួយនេះ នៅតែបន្តស្ថិតក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់ ​សូមគោរពអរគុណ និងដឹងគុណពីខ្ញុំ»។

ភាពជោគជ័យនៃ​ភាពយន្ត​នេះ​ក្នុងការ​ដាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត​ក៏ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត ស្រប​ពេល​ដែល​កន្លង​មក​ភាពយន្ត​ប្រភេទ​ឯកសារ ឬ Documentary បែប​នេះ​មិន​សូវ​ជា​ទទួល​បាន​ការ​គាំទ្រ​ចូល​ទស្សនាច្រើន​ពី​សំណាក់​យុវជន​ដូច​ប្រភេទ​រឿង​ផ្សេងៗ​ឡើយ។ ក្នុង​ចំណុច​នេះ​លោក​ អ៊ូច មករា ​ជា​សហអ្នក​និពន្ធ​មួយ​រូប​របស់​រឿង “LOOT” និង​ប្រធាននាយកដ្ឋាន​ផលិតកម្ម​របស់​ក្រុមហ៊ុន Apsara Media Service (AMS) ដែល​បាន​ទទួល​សិទ្ធិចែកចាយ​ភាពយន្ត​នេះ​ក្នុង​ប្រទេស​កម្ពុជា បាន​បញ្ចេញ​យោបល់​ថា៖

«ភាពជោគជ័យនៃរឿង “LOOT” ក្នុងពេលនេះ មិនត្រឹមតែជាមោទនភាពសម្រាប់ក្រុមការងារផលិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាណវិជ្ជមានដ៏ធំមួយសម្រាប់វិស័យភាពយន្តឯកសារនៅកម្ពុជាផងដែរ។ កន្លងមក យើងតែងតែបារម្ភថាភាពយន្តឯកសារបែបនេះពិបាកនឹងទាក់ទាញទស្សនិកជនវ័យក្មេងឱ្យចូលរួមទស្សនាពេញៗរោងណាស់។ ប៉ុន្តែតាមរយៈការខិតខំប្រឹងប្រែងរៀបចំសាច់រឿង ការធ្វើទីផ្សារបែបសម័យទំនើប និងជាពិសេសគឺការចង់ចេះចង់ដឹងពីសំណាក់យុវជនខ្មែរ បានសបញ្ជាក់ឱ្យឃើញថា ទោះបីជារឿងឯកសារក៏ដោយ ប្រសិនបើខ្លឹមសារមានភាពទាក់ទាញ ឆ្លុះបញ្ចាំងពីការពិត និងបណ្ដុះស្មារតីជាតិនិយម គឺប្រាកដជាអាចដក់ជាប់ក្នុងបេះដូងទស្សនិកជន និងបង្កើតបានជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ឧស្សាហកម្មភាពយន្តយើងមិនខាន។»

តាមរយៈខ្សែភាពយន្តឯកសារនេះ លោកក៏សង្ឃឹមថានឹងអាចពញ្ញាក់ស្មារតីយុវជន ឱ្យចាប់ផ្តើមគិតគូរ ខិតខំប្រឹងប្រែងបណ្តុះស្មារតីស្រឡាញ់ជាតិ មាតុភូមិ ពុះពារ ជម្នះឧបសគ្គ ឱ្យដូចពាក្យមួយឃ្លាក្នុងបទពង្សាវតាខ្មែរថា «តាំងចិត្តឱ្យធំ ខិតខំប្រឹងវិញ បញ្ចេញតម្កើង តម្លៃនៃជាតិខ្មែរយើង ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតា» ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា