ទើបបើកសម្ពោធថ្មី រូបសំណាកបាតដៃនៅខេត្តកំពតទាក់ទាញភ្ញៀវទេសចរច្រើនកុះករក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទើបបើកសម្ពោធថ្មី រូបសំណាកបាតដៃនៅខេត្តកំពតទាក់ទាញភ្ញៀវទេសចរច្រើនកុះករក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ទើបបើកសម្ពោធថ្មី រូបសំណាកបាតដៃនៅខេត្តកំពតទាក់ទាញភ្ញៀវទេសចរច្រើនកុះករក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ទើបបើកឱ្យចូលទស្សនាបណ្ដោះអាសន្នសម្រាប់រដូវកាលពិធីបុណ្យភ្ជុំបិណ្ឌ រូបសំណាក “បាតដៃលំហ” នៅមាត់ព្រែកខេត្តកំពតបានស្រូបទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករឱ្យមកលេងកម្សាន្តនិងផ្ដិតយករូបភាពពីទិដ្ឋភាពដ៏ថ្មីប្លែកនេះទុកជាអនុស្សាវរីយ៍ជាមួយមិត្តភ័ក្ដិ ក្រុមគ្រួសារ ក៏ដូចជាមនុស្សជាទីស្រលាញ់។

ជាក់ស្ដែងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ដែលជាថ្ងៃភ្ជុំធំ ខេត្តកំពត បានទាក់ទាញភ្ញៀវទេសចរចំនួន ៤៧ ៧២៦នាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្ត។ ក្នុងចំណោមភ្ញៀវទេសចរសរុបនេះ ភ្ញៀវទេសចរជាតិមានចំនួន ៤៧៣៣៥នាក់ ស្របពេលភ្ញៀវទេសចរអន្តរជាតិវិញ មានចំនួន ៣៩១នាក់ ដែលបានមកទស្សនា និងស្វែងយល់ពីវប្បធម៌ ប្រពៃណី និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់ខេត្តនាទិសនិរតីមួយនេះ។ សម្រាប់ការបើកដំណើរការបណ្តោះអាសន្នរូបសំណាក់បាតដៃ មានភ្ញៀវប្រមាណ ៣ ៥០០នាក់មកទស្សនា និងផ្តិតយករូបភាព។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រូបសំណាកបាតដៃនេះសាងសង់ឡើងពីថ្មកម្ពស់១២ម៉ែត្រ, មានកាំ​ជណ្ដើរឡើងសងខាង។ ស្ថាបត្យកម្មថ្មីនេះ សាងសង់នៅដងព្រែកកំពត ចន្លោះស្ពានថ្មី និងស្ពានឥន្ធនូចាស់ ទល់មុខ​មន្ទីរពេទ្យ​បង្អែក ខេត្ត។

មកដល់បច្ចុប្បន្នខេត្តកំពតមានសំណង់ថ្មីៗបម្រើឱ្យវិស័យទេសចរណ៍ជាច្រើនរួចមកហើយ ​បន្ទាប់​ពីឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់មកដឹកនាំ ដូចជា រូបសំណាកសេះសមុទ្រ រូបនាឡិកាយក្ស សួន​បាញ់​ទឹករាំចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធថ្មីតាមដងព្រែកកំពតជាដើម។

លោក ស៊ីណុល អះអាងថា តាមរយៈរូបសំណាកទេសចរណ៍ទាំងអស់នេះ បានធ្វើឱ្យខេត្តកំពតដែលត្រូវបានគេស្គាល់មកហើយថាជាខេត្តមានសក្ដាពលទេសចរចម្រុះដោយមានទាំងតំបន់ឆ្នេរទេសភាពធម្មជាតិ តំបន់ភ្នំ ទីតាំងប្រវត្តិសាស្ត្រ និងសំណង់ស្ថាបត្យកម្មពិសេសៗឱ្យកាន់តែមានភាពទាក់ទាញ និង ជោគជ័យក្នុងវិស័យទេសចរណ៍ ពិសេសជំរុញកំណើនទេសចរក្នុង ស្រុក បង្កើនជីវភាព និងសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងតំបន់ ៕

រូបភាព៖ ក្រុមប្រមាញ់រូបភាពជីវៈចម្រុះកម្ពុជា_ណុប វណ្ណារិទ្ធ

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា