ឆ្លងកាត់បទពិសោធន៍ផ្ទាល់ខ្លួន តារាស្រី ៩ រូបមានផ្នត់គំនិតលើរឿងស្នេហាបែបនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្លងកាត់បទពិសោធន៍ផ្ទាល់ខ្លួន តារាស្រី ៩ រូបមានផ្នត់គំនិតលើរឿងស្នេហាបែបនេះ

ឆ្លងកាត់បទពិសោធន៍ផ្ទាល់ខ្លួន តារាស្រី ៩ រូបមានផ្នត់គំនិតលើរឿងស្នេហាបែបនេះ

ក្ដីស្រឡាញ់ជារឿងស្មុគស្មាញ ប៉ុន្តែការបានដឹងពីផ្នត់គំនិតល្អៗទាក់ទងនឹងរឿងនេះ ក៏ជាវិធីសាស្ត្រមួយដែលអាចជួយឱ្យអ្នកស្វែងរកដំណោះស្រាយ និងថែរក្សាទំនាក់ទំនងបានងាយស្រួលជាងមុនមួយកម្រិតដែរ។

Advertisement

ខាងក្រោមនេះ គឺជាផ្នត់គំនិតលើរឿងស្នេហារបស់តារាស្រីល្បីៗទាំង ៩ រូប ដែលឆ្លងកាត់បទពិសោធន៍ជីវិតផ្សេងៗគ្នា៖

១. Kylie Jenner

Kylie Jenner ដែលបច្ចុប្បន្នជាមិត្តស្រីរបស់តារាសម្ដែងប្រុស Timothée Chalamet ធ្លាប់បាននិយាយក្នុងកម្មវិធី Keeping Up with the Kardashians ថា៖ “អ្វីដែលសំខាន់បំផុតក្នុងទំនាក់ទំនងគឺ ភាពស្មោះត្រង់ និងការយល់ចិត្តគ្នាទៅវិញទៅមក”។

តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពស្មោះត្រង់ និងការប្រាស្រ័យទាក់ទងគ្នា ដែលជាចំណុចដ៏សំខាន់មិនអាចខ្វះបាននៅគ្រប់ទំនាក់ទំនងទាំងអស់។

២. Selena Gomez

តារាចម្រៀង និងជាសហគ្រិនលេចធ្លោ ដែលបានរៀបការជាមួយនឹងលោក Benny Blanco កាលពីឆ្នាំ ២០២៥ កន្លងទៅ Selena Gomez បានចែករំលែកជាមួយទស្សនាវដ្តី Vogue ថា៖ “អ្នកត្រូវតែស្រឡាញ់ខ្លួនឯងជាមុនសិន ទើបអាចស្រឡាញ់អ្នកដទៃបាន។ វាជារឿងពិបាក ប៉ុន្តែវាចាំបាច់ណាស់”។

ប្រយោគនេះឆ្លុះបញ្ចាំងថា ការថែទាំសុខភាពផ្លូវចិត្ត និងការទទួលយកខ្លួនឯង គឺជាគ្រឹះដ៏សំខាន់នៃទំនាក់ទំនងដ៏ល្អ និងរឹងមាំមួយ។

៣. Hailey Bieber

ភរិយារបស់ Justin Bieber រូបនេះ ធ្លាប់បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្ដី Elle ក្នុងឆ្នាំ ២០២០ អំពីជីវិតអាពាហ៍ពិពាហ៍ថា៖ “អាពាហ៍ពិពាហ៍មិនមែនជារឿងងាយស្រួលរហូតនោះទេ។ វាទាមទារឱ្យមានការព្យាយាម និងការប្តេជ្ញាចិត្ត ប៉ុន្តែអ្វីដែលសំខាន់ គឺការជ្រើសរើសស្មោះត្រង់នឹងគ្នាជារៀងរាល់ថ្ងៃ”។

៤. Sabrina Carpenter

សិល្បការិនីវ័យ ២៧ ឆ្នាំរូបនេះ បានបង្ហើបពីទស្សនៈផ្ទាល់ខ្លួនលើរឿងរ៉ាវស្នេហាថា៖ “ជួនកាល អ្នកត្រូវបណ្តោយឱ្យអ្វីៗកើតឡើងទៅតាមធម្មជាតិ និងជឿជាក់លើពេលវេលានៃជីវិត មិនថាជារឿងក្ដីស្រឡាញ់ ឬរឿងផ្សេងទៀតឡើយ”។

តាមរយៈផ្នត់គំនិតនេះ នាងជឿលើការបណ្តោយឱ្យគ្រប់យ៉ាងដំណើរការទៅតាមលំហូរធម្មជាតិរបស់វា ដើម្បីឱ្យយើងបានរៀនសូត្រ និងរីកចម្រើន។

៥. Ariana Grande

ជាសិល្បការិនីដ៏មានសមត្ថភាព និងជាម្ចាស់ម៉ាកគ្រឿងសម្អាង R.E.M Beauty តារាស្រីរូបនេះធ្លាប់បានចែករំលែកផ្នត់គំនិតទាក់ទិននឹងរឿងស្នេហាថា៖ “ខ្ញុំបានរៀនស្រឡាញ់ខ្លួនឯងដោយគ្មានលក្ខខណ្ឌ ហើយនៅពេលខ្ញុំធ្វើបាន ខ្ញុំក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ក្ដីស្រឡាញ់ដ៏ពិតប្រាកដនេះដល់អ្នកដទៃដូចគ្នា”។

៦. Kiko Mizuhara

ម៉ូដែល និងតារាសម្ដែងជប៉ុនរូបនេះ ធ្លាប់បានផ្តល់បទសម្ភាសន៍ដល់ Nylon Japan ក្នុងឆ្នាំ ២០១៩ ថា៖ “ក្ដីស្រឡាញ់គឺជាការលូតលាស់ទៅជាមួយគ្នា និងការទទួលយកភាពខុសគ្នារបស់ភាគីទាំងសងខាង”។

Kiko Mizuhara ជឿជាក់ថា ក្ដីស្រឡាញ់មិនមែនគ្រាន់តែជាការរស់នៅជាមួយគ្នានោះទេ ប៉ុន្តែគឺការរៀនសូត្រ និងការអភិវឌ្ឍខ្លួនទៅទន្ទឹមនឹងមនុស្សជាទីស្រឡាញ់។

៧. Paris Hilton

ក្រោយឆ្លងកាត់បទពិសោធន៍ស្នេហាយ៉ាងជោកជាំ បច្ចុប្បន្ន Paris Hilton ជាអ្នកម្ដាយកូន ២ និងជាភរិយារបស់លោក Carter Reum។ តារាស្រីវ័យ ៤៥ ឆ្នាំរូបនេះ ធ្លាប់បាននិយាយក្នុងភាពយន្តឯកសារ This Is Paris ថា៖ “ខ្ញុំធ្លាប់គិតថា ក្ដីស្រឡាញ់គឺជាការតាមរកព្រះអង្គម្ចាស់ក្នុងសុបិន។ ប៉ុន្តែពេលនេះខ្ញុំដឹងហើយថា វាគឺជាការបង្កើតក្តីសុខដោយខ្លួនឯង និងស្វែងរកមនុស្សម្នាក់ដែលមកជួយបំពេញក្តីសុខនោះឱ្យកាន់តែល្អឥតខ្ចោះ”។

៨. Sydney Sweeney

តារាសម្ដែងរូបនេះធ្លាប់បានប្រាប់ទស្សនាវដ្ដី Glamour ក្នុងឆ្នាំ ២០២៤ ថា៖ “ខ្ញុំជឿថា ទំនាក់ទំនងដ៏ល្អ គឺជាទំនាក់ទំនងដែលអ្នកអាចធ្វើជាខ្លួនឯងបានយ៉ាងពេញលេញ និងទទួលបានការគាំទ្រពីមនុស្សដែលអ្នកស្រឡាញ់”។

តាមរយៈផ្នត់គំនិតនេះ បានបង្ហាញថា តារាស្រីវ័យ ២៨ ឆ្នាំជឿជាក់ថា ទំនាក់ទំនងដែលល្អ គឺការដែលម្នាក់ៗអាចរស់នៅជាខ្លួនឯងបានយ៉ាងមានក្តីសុខ។

៩. Amanda Seyfried

ក្នុងឆ្នាំ ២០២១ Amanda Seyfried ធ្លាប់បានប្រាប់ទស្សនាវដ្ដី Allure ថា៖ “ក្ដីស្រឡាញ់ដ៏ពិតប្រាកដ គឺការទទួលយកគ្នាទៅវិញទៅមក ទាំងចំណុចល្អ និងចំណុចខ្វះខាត”។

តារាស្រីវ័យ ៤០ ឆ្នាំរូបនេះជឿថា មនុស្សម្នាក់ៗមិនអាចល្អឥតខ្ចោះបានឡើយ។ ដូច្នេះការរៀនទទួលយកគ្នាទៅវិញទៅមក គឺជាគន្លឹះចម្បងដែលអាចធ្វើឱ្យស្នេហាមួយស្ថិតស្ថេរយូរអង្វែង៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា