នៅរាត្រីថ្ងៃទី៧ ខែកក្កដា នេះ នាង Tiffany Lau បានបង្ហាញពីអារម្មណ៍របស់ខ្លួន នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយស្នាដៃសម្ដែងនៅក្នុងរឿង តម្រុយមរណៈ ទទួលបានការគាំទ្រខ្លាំងនៅឯកម្ពុជា។

ជាក់ស្ដែង ភាពយន្តបែបស៊ើបអង្កេត អាថ៌កំបាំងរបស់ស្ថានីយ៍ទូរទស្សន៍ TVB ដែលមានសរុប ៣០ភាគ បានចាក់ផ្សាយដល់ភាគទី ២០ ហើយ និងកំពុងតែទទួលបានការពេញនិយមក្នុងចំណោមអ្នកគាំទ្រកម្ពុជា។
ឆ្លើយតបនឹងភាពជោគជ័យនេះ Tiffany Lau ដែលជាតួឯកស្រីក្នុងរឿងហុងកុងនេះតែម្ដង បានបង្ហោះសារខ្លី ភ្ជាប់ជាមួយនឹងរូបភាពពីក្នុងរឿងថា៖ “ខ្ញុំសុំអរគុណធំៗទៅដល់អ្នកគាំទ្រ និងការគាំទ្រដ៏អស្ចារ្យពីប្រទេសកម្ពុជា! ពួកយើងពិតជារំភើបណាស់ដែលបានឮថា ទីបំផុតរឿង តម្រុយមរណៈ បានចាក់ផ្សាយជូនអ្នកទាំងអស់គ្នាហើយ!”។
“យើងបានឃើញ Tags និងឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គម វាពិតជាបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថា កក់ក្តៅក្នុងចិត្ត។ អរគុណសម្រាប់ការស្រលាញ់ និងគាំទ្រមកលើពួកយើង! យើងរីករាយណាស់ដែលអ្នកចូលចិត្តរឿងភាគនេះ!” តារាស្រីវ័យ ២៨ឆ្នាំបានបញ្ចប់ដូច្នេះ។

គួរឱ្យដឹងផងដែរថា រឿង តម្រុយមរណៈ មានសាច់រឿងនិយាយពី មិត្តរួមការងារ ៣នាក់ គឺ Kwok Pak Fei, Keung Hei Man និង Lau Lik ដែលបានត្រឡប់មកជួបជុំគ្នាជាថ្មី បន្ទាប់ពីប្រតិបត្តិការដ៏អាក្រក់មួយ បង្កើតបានជាសោកនាដកម្ម នាំឱ្យអ្នកទាំង ៣ត្រូវឃ្លាតឆ្ងាយពីគ្នា។ ជំនួបលើកនេះ Kwok Pak Fei, Keung Hei Man និង Lau Lik បានរួមគ្នាជា អង្គភាពពិសេស ASIB ដើម្បីបើកស៊ើបអង្កេត និងដោះស្រាយសារអាថ៌កំបាំងដែលជា តម្រុយនៃឧក្រិដ្ឋកម្ម។
នៅក្នុងរឿងនេះ Tiffany Lau បានសម្ដែងជាតួអង្គ Wan Ka Lei ជាគូនឹង Chiu Cheung Long ដែលសម្ដែងដោយ Owen Cheung ស្របពេលដែលតួឯកមួយគូទៀត គឺជាគូរបស់ Kwok Pak Fei និង Keung Hei Man សម្ដែងដោយ Joel Chan និង Moon Lau៕
