ទីវ តារារិទ្ធិ អ្នកជិះកង់​ឆ្លង​ទ្វីបដំបូងគេក្លាយជាទូតសុឆន្ទៈក្រសួងទេសចរណ៍​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីវ តារារិទ្ធិ អ្នកជិះកង់​ឆ្លង​ទ្វីបដំបូងគេក្លាយជាទូតសុឆន្ទៈក្រសួងទេសចរណ៍​

ទីវ តារារិទ្ធិ អ្នកជិះកង់​ឆ្លង​ទ្វីបដំបូងគេក្លាយជាទូតសុឆន្ទៈក្រសួងទេសចរណ៍​

បេសកកម្ម ២ ឆ្នាំ នៅ​លើ​កែប​កង់​របស់​អ្នក​ផ្សេង​ព្រេង​កម្ពុជា​ម្នាក់​បាន​ធ្វើ​ឱ្យ​មហាជន​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក​ជ្រួត​ជ្រាប​និង​រំជួល​ចិត្ត​ជា​ពន់ពេក ត្បិត​ក្រោយ​បាន​ដឹង​ថា​ការ​ជិះ​កង់​របស់​លោក​មិន​មែន​ជា​ការ​កម្សាន្ត ប៉ុន្តែ​ជា​ការ​ជួយ​ដល់​កុមារ​កម្ពុជា។

Advertisement

តើ​លោក​គឺ​ជា​អ្នក​ណា? តើ​លោក​បាន​ធ្វើ​អ្វី​ខ្លះ និង​បាន​ឆ្លង​កាត់​រឿងរ៉ាវ​អ្វី​ខ្លះ​ក្នុង​ដំណើរ​ផ្សេង​ព្រេង​ឆ្លង​ប្រទេស​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​ដល់​កុមារ​កម្ពុជា?

លោក ទីវ តារារិទ្ធិ ជា​កូន​ខ្មែរ​ដំបូង​គេ​ដែល​បាន​បញ្ចប់​បេសកកម្ម​ជិះ​កង់​ដើម្បី​កុមារ​កម្ពុជា ដោយ​ចាយ​ពេល ២ ឆ្នាំ លើ​ចម្ងាយ​ផ្លូវ​ជិត ៦ ម៉ឺន​គីឡូម៉ែត្រ នាំ​យក​ក្ដី​សង្ឃឹម​កុមារ​កម្ពុជា​ឆ្លង​កាត់​ប្រទេស និង​ទ្វីប​ធំៗ​ជា​ច្រើន​លើ​ពិភពលោក។ លោក​បាន​ហៅ​បេសកកម្ម​លើក​នេះ​ថា «CYCLING FOR CHILDREN» ជាមួយ​គោលដៅ​នៃ​ការ​រៃ​អង្គាស​ថវិកា​ឱ្យ​បាន ២៥ ម៉ឺន​ដុល្លារ។

រម្លឹក​ទៅ​កាល​ពី ២ ឆ្នាំ​មុន ក្នុង​អំឡុង​ខែ មិថុនា ឆ្នាំ ២០២៤ បុរស​ដែល​ប្រកាន់​ខ្ជាប់​គោលការណ៍​ជួយ​ដល់​កុមារ​កម្ពុជា​រូប​នេះ​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​បាន​ជ្រើស​យក​គោល​ដៅ​ចេញ​គឺ​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀមរាប និង​បាន​បន្ត​ដំណើរ​ជា​ហូរហែ​​ឆ្លង​កាត់​ទ្វីប​អាស៊ី អឺរ៉ុប និង​ចុង​ក្រោយ​ទ្វីប​អាហ្វ្រិក​ខាង​ត្បូង សរុប ៤០ ប្រទេស។ ក្នុង​ដំណើរ​មួយ​នេះ​លោក​បាន​ជួប​រឿងរ៉ាវ​ជា​ច្រើន មាន​ខ្លះ​ក៏​ធ្វើ​ឱ្យ​រូប​លោក​រំភើប​ចិត្ត​ស្ទើរ​ហូរ​ទឹក​ភ្នែក​ចេញ​មក​ក្រៅ ក៏​មាន​ខ្លះ​ទៀត​បាន​ធ្វើ​ឱ្យ​លោក​អាច​ស្វែង​យល់​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​អំពី​ពិភពលោក​ខាង​ក្រៅ។ រឿងរ៉ាវ​ទាំង​អស់​នេះ​ត្រូវ​បាន​លោក ទីវ តារារិទ្ធិ កត់​ត្រា​ចារ​ក្នុង​ក្នុង​សៀវភៅ ដោយ​លោក​មាន​គម្រោង​ផលិត​សៀវភៅ​មួយ​ក្បាល​ដែល​រៀបរាប់​អំពី​ជីវិត​រយៈពេល ២ ឆ្នាំ ជាមួយ​កង់។

យ៉ាង​ណា​មិញ បុរស​ដែល​រស់​នៅ​ផ្សង​ព្រេង​ជាមួយ​កង់​ដល់​ទៅ ២ ឆ្នាំ ម្នាក់​ឯង​រូប​នេះ ទី​បំផុត​ក៏​សម្រេច​បាន​សមិទ្ធផល​មួយ​នេះ​យ៉ាង​ជោគជ័យ ដោយ​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​និង​បាន​រៃ​អង្គាស​ថវិកា​សរុប​ប្រមាណ ២៦ ម៉ឺន​ដុល្លារ។ គួរ​ជម្រាប​ដែរ​ថា ថវិកា​ទាំង​អស់​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មូលនិធិ​គន្ធបុប្ផាកម្ពុជា ដើម្បីឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា។

ជាមួយ​គ្នា ក៏​មាន​ដំណឹង​ដ៏​សែន​រំភើប​មួយ​ទៀត​នោះ​គឺ​លោក ទីវ តារារិទ្ធិ ទទួល​បាន​ការ​តែងតាំង​ជា​ទូត​សុឆន្ទៈ​នៃ​ក្រសួង​ទេសចរណ៍​កម្ពុជា ដើម្បី​បន្ត​ជួយ​ផ្សព្វផ្សាយ និង​នាំ​កិត្តិនាម​កម្ពុជា​ទៅ​កាន់​ពិភពលោក​ក្រោម​រូបភាព​វិជ្ជមាន ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប៕

រូបភាព ៖ ក្រសួងទេសចរណ៍ & Travel with Rith

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា