ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើតាមទំនៀមពីដូនតាមកនេះ បានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា ជាពិធីដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សន្ដានដែលបានចែកឋានទៅ ។
ទន្ទឹមនឹងអត្ថន័យដ៏ល្អផូរផង់នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ដែលដូនតាខ្មែរបានប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្រៀនទៅដល់កូនចៅឱ្យដឹងអំពីកំណើត ចេះគោរព ដឹងគុណ និងមានកតញ្ញូធម៌ ការតុបតែងខ្លួនរបស់យុវជនយុវតីក្នុងរដូវកាលនេះក៏ជាការរួមចំណែករក្សាវប្បធម៌របស់ជាតិដូចគ្នា។


លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ការស្លៀកសម្លៀកបំពាក់ប្រពៃណីទៅកាន់ទីគោរពសក្ការៈបូជា នឹងជំរុញឱ្យអ្នកដែលស្លៀកសម្លៀកបំពាក់ប្រពៃណីប្រកាន់ភ្ជាប់នូវឥរិយាបថល្អ ទន់ភ្លន់ សុភាពរាបសា ដើម្បីឱ្យស័ក្តិសមជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ។ ឧទាហរណ៍ យុវនារីមួយចំនួន ពីមុនមកធ្លាប់តែរហ័សរហួន រប៉ិលរប៉ូច ប៉ុន្តែនៅពេលបានស្លៀកសម្លៀកបំពាក់ប្រពៃណី ក៏បានបង្ហាញឱ្យឃើញពីភាពទន់ភ្លន់ ភាពស្រស់ស្អាត សុភាពរាបសា ដែលបង្ហាញឱ្យឃើញអំពីវប្បធម៌ខ្មែរ និងអត្តចរិកស្រ្តីខ្មែរ។
“ស្រ្តីខ្មែរកាលណាបានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ គឺមានសម្រស់ស្រស់ស្អាត ហើយអត្តចរិតក៏សមរម្យ ថ្លៃថ្នូរទៅតាមនោះដែរ”។ លោកនិយាយ។
មូលហេតុមួយទៀត លោកបានបញ្ជាក់ថា នៅពេលនារីខ្មែរឱ្យតម្លៃទៅលើការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នោះក៏បានចូលរួមចំណែកថែរក្សាម៉ូដសម្លៀកបំពាក់កុំឱ្យបាត់បង់ និងចូលរួមលើកទឹកចិត្តដល់សិប្បករខ្មែរដែលផលិតក្រណាត់សូត្រខិតខំរកវិធីត្បាញរវៃឱ្យបានច្រើន មានទីផ្សារ មានការងារធ្វើ ក្នុងការថែរក្សាវប្បធម៌ប្រពៃណីខ្មែរផង និងរួមចំណែកកសាងសេដ្ឋកិច្ចជាតិផង។
លោកសាស្រ្ដាចារ្យក៏បានលើកទឹកចិត្តនៅក្នុងនាមជាកូនខ្មែរ ជាពិសេសយុវនារីគួរតែនាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ មានហូល ផាមួង អាវប៉ាក់ សំពត់បត់ ចូលរួមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ពីព្រោះមិនត្រឹមតែជួយបង្កើនសោភ័ណភាពខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងជាចំណាប់អារម្មណ៍របស់អ្នកដទៃ ជាពិសេសភ្ញៀវអន្តរជាតិបានទទួលស្គាល់ និងឱ្យតម្លៃវប្បធម៌ខ្មែរ ជាប្រជាជាតិមួយដែលមានសម្លៀកបំពាក់ជាវប្បធម៌របស់ខ្លួន៕

