សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។ ទីក្រុងបុរាណដែលធ្លាប់តែលាក់ខ្លួនកណ្តាលព្រៃជ្រៅមួយនេះ គឺជាសាក្សីនៃការលួចប្លន់ទ្រង់ទ្រាយធំ និងកិច្ចប្រឹងប្រែងអន្តរជាតិដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរត្រឡប់មកមាតុភូមិវិញ។

ផ្អែកតាមគេហទំព័រអាជ្ញាធរជាតិព្រះវិហារ រាជធានីកោះកេរបានចាប់កំណើតឡើងនៅក្នុងឆ្នាំ ៩២១ ក្រោមស្នាព្រះហស្ថព្រះបាទជ័យវរ្ម័នទី៤។ ក្រោយមក ព្រះរាជបុត្រព្រះអង្គ ដែលមានព្រះនាមថា ព្រះបាទហសវរ្ម័នទី២ បានឡើងគ្រងរាជ្យបន្តរហូតដល់ឆ្នាំ ៩៤៤។ ទីក្រុងបុរាណនេះមានឈ្មោះជាភាសាសំស្ក្រឹតថា លិង្គបុរៈ (បុរីលិង្គ) និងជាភាសាខ្មែរថា ឆោកគគ៌្យរ (ស្រះគរគី) ដែលសព្វថ្ងៃហៅថា កោះកេរ។ បច្ចុប្បន្នមានទីតាំងក្នុងខេត្តព្រះវិហារ។

រាជធានីកោះកេរជាទីតាំងដែលប្រាសាទមានរាងពីរ៉ាមីតធំជាងគេរបស់កម្ពុជា ហៅថា ប្រាសាទធំ តាំងនៅ ព័ទ្ធជុំវិញដោយប្រាសាទជាង ៧០ (រាប់ទាំងទីទួលបុរាណ)។ ព្រះបាទជ័យវរ្ម័នទី៤ បានរៀបចំទីក្រុងរបស់ព្រះអង្គឱ្យក្លាយជារាជធានីដ៏ពិសិដ្ឋលើផែនដី ហើយបានបង្កើតរចនាបថសំណង់ សិល្បៈ និងសិលាចារឹកដែលមានទំហំធំៗជាពិសេស និងចម្លាក់ដែលមានចលនារស់រវើក។

លុះមកដល់ឆ្នាំ ៩៤៤ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បានរើរាជធានីមកតាំងនៅយសោធរបុរៈ ដែលជាការផ្លាស់ប្ដូររាជធានីរបស់អាណាចក្រខ្មែរមកកាន់ទីក្រុងអង្គរវិញ។ ទោះបីជាការបោះបង់ចោលរាជធានីមួយនេះធ្វើឱ្យតំបន់កោះកេររងការខូចខាតក៏ពិតមែន ប៉ុន្តែការខូចខាតដំបូងនោះគឺកើតឡើងដោយសារតែកត្តាធម្មជាតិ។

យ៉ាងណាមិញ នៅចុងសតវត្សរ៍ទី២០ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល និងភាពវឹកវរ កោះកេរបានក្លាយជាគោលដៅរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារកត្តាមនុស្ស។

នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ ១៩៩០ ដែលប្រទេសមានអស្ថិរភាព ក្រុមចោរបានចូលមកកាត់ផ្តាច់ព្រះកេស ដងខ្លួននៃបដិមា និងដាប់យកចម្លាក់បុរាណតាមប្រាង្គប្រាសាទ ដើម្បីផ្គត់ផ្គង់ដល់ឈ្មួញបរទេសដោយខុសច្បាប់។ ខណៈឈ្មួញដែលមានកេរ្តិ៍ឈ្មោះពាក់ព័ន្ធខ្លាំងបំផុតនឹងការលួចប្លន់រតនសម្បត្តិជាតិខ្មែរនោះ គឺ Douglas Latchford។

ជើងទម្របដិមាជាច្រើនត្រូវបានតម្កល់ទុកចោលនៅទីតាំងដើម ខណៈខ្លួនប្រាណ ឬព្រះកេសត្រូវបានជួញដូរ និងក្លាយជាទំនិញតម្លៃរាប់លានដុល្លារសម្រាប់អ្នករក្សាទុកជាសម្បត្តិឯកជន ឬដាក់តាំងបង្ហាញនៅសារមន្ទីរនានាលើទឹកដីទ្វីបអឺរ៉ុប និងអាមេរិក រសាត់អណ្ដែតតែឯកឯងឆ្ងាយពីស្រុកកំណើត។

យ៉ាងណាមិញ ក្រោយពីការស៊ើបអង្កេត និងការតស៊ូផ្លូវច្បាប់ដ៏ស្វិតស្វាញ រូបសំណាក និងចម្លាក់ខ្មែរជាច្រើនអាចវិលត្រឡប់មកមាតុភូមិវិញ ជាទីដែលវត្ថុបុរាណទាំងនោះគួរតាំងនៅ។ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក វត្ថុបុរាណល្បីៗជាច្រើនមកពីកោះកេរ ដូចជា បដិមាព្រះឥសូរ និងព្រះស្កន្ទ ក៏ដូចជាបដិមាករទុយ៌ោធន និងភីម ត្រូវបានប្រគល់ជូនកម្ពុជាវិញជាបន្តបន្ទាប់។

បន្ថែមពីនេះ កាលពីឆ្នាំ ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំចងក្រងឯកសារដើម្បីស្នើសុំចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នៅខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតផ្លូវការស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោក។

លុះដល់ខែកញ្ញា ឆ្នាំដដែល ទើបស្ថាប័ន ICOMOS ដែលជាអ្នកជំនាញការឯករាជ្យរបស់គណៈកម្មការនេះ បានចុះមកពិនិត្យ និងវាយតម្លៃដោយផ្ទាល់លើលក្ខណៈសម្បត្តិរបស់រមណីយដ្ឋាន ដើម្បីផ្តល់អនុសាសន៍ត្រឡប់ទៅគណៈកម្មកាវិញ។

បន្ទាប់មក នៅខែមីនា ឆ្នាំ២០២២ គណៈកម្មការបេតិកភណ្ឌពិភពលោកបានសម្រេចដាក់បញ្ចូលសំណើនេះក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកទី៤៥ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រាប់ជាពេលដែលអង្គការ UNESCO បានសម្រេចដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ការទទួលបានរតនសម្បត្តិខ្មែរមកវិញ ដែលចោរធ្លាប់បានលួចយកចេញទៅពីរាជធានីបុរាណដ៏សំខាន់មួយនេះ បូកផ្សំនឹងការទទួលបានការទទួលស្គាល់តម្លៃជាសកល សុទ្ធសឹងតែជាពេលវេលានៃការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ ជាពិសេសរមណីយដ្ឋានប្រាសាទកោះកេរផ្ទាល់តែម្ដង។

ចង់ដឹងថា ដំណើការពីក្រោយការស៊ើបអង្កេត និងការតស៊ូផ្លូវច្បាប់ដើម្បីនាំយករតនសម្បត្តិមកកាន់ជាតិវិញមានលក្ខណៈបែបណាខ្លះ កុំភ្លេចទស្សនាខ្សែភាពយន្តឯកសារ “LOOT” ដែលនឹងចាប់ផ្ដើមបញ្ចាំងជាសាធារណៈនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៦៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា