TXT ចាប់ដៃគូជាមួយ UNICEF បើកយុទ្ធនាការដើម្បីសុខភាពផ្លូវចិត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
TXT ចាប់ដៃគូជាមួយ UNICEF បើកយុទ្ធនាការដើម្បីសុខភាពផ្លូវចិត្ត

TXT ចាប់ដៃគូជាមួយ UNICEF បើកយុទ្ធនាការដើម្បីសុខភាពផ្លូវចិត្ត

នៅថ្ងៃទី ២៩ ខែមេសានេះ ក្រុមខេប៉ុប Tomorrow X Together បានចូលរួមក្នុងសន្និសីទសារព័ត៌មានសម្រាប់យុទ្ធនាការសកល “Together for Tomorrow” ដែលបានប្រារព្ធឡើងនៅសាល Blue Hall នៃគណៈកម្មាធិការ UNICEF កូរ៉េ ក្នុងទីក្រុងសេអ៊ូល ដើម្បីគាំទ្រដល់សុខុមាលភាពផ្លូវចិត្តរបស់កុមារ និងយុវជននៅទូទាំងពិភពលោក។​

Advertisement

Together for Tomorrow គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសកលដែលបានចុះហត្ថលេខានៅទីក្រុងញូវយ៉ក កាលពីខែតុលាឆ្នាំ ២០២៥ កន្លងទៅ រវាង UNICEF កូរ៉េ ទីស្នាក់ការកណ្តាលអង្គការ UNICEF និងផលិតកម្ម BigHit Music។ យុទ្ធនាការនេះមានគោលបំណងបង្កើតសង្គមមួយដែលគាំទ្រ និងផ្ដល់ឱកាសឱ្យយុវជនអាចបញ្ចេញអារម្មណ៍របស់ខ្លួនបានដោយសេរី ក៏ដូចជា អាចស្វែងរកជំនួយសម្រាប់បញ្ហាសុខភាពផ្លូវចិត្ត។

លោកស្រី Jo Mi Jin អគ្គលេខាធិការនៃគណៈកម្មាធិការ UNICEF កូរ៉េ បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃបញ្ហានេះ ដោយកត់សម្គាល់ថា កុមារ និងយុវជនម្នាក់ក្នុងចំណោម ៧ នាក់នៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងការលំបាកផ្នែកសុខភាពផ្លូវចិត្ត។

លោកស្រីបានបញ្ជាក់ថា ខុសពីរបួសរាងកាយ ការតស៊ូនឹងបញ្ហាផ្លូវចិត្តជារឿយៗត្រូវបានគេមើលរំលង ដោយសារតែជាមិនអាចមើលឃើញនឹងភ្នែក រួមជាមួយនឹងការរើសអើសពីសង្គម។ លោកស្រីបន្តថា ហេតុដូច្នេះហើយ ទើបគំនិតផ្ដួចផ្ដើមឱ្យមានយុទ្ធនាការនេះ មានសារៈសំខាន់។

ទន្ទឹមគ្នាដែរ សមាជិកក្រុម TXT ក៏បានចែករំលែកនូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះយុទ្ធនាការខាងលើនេះដូចគ្នា។ ជាក់ស្ដែង Soobin បានពន្យល់ថា TXT ចូលរួមក្នុងយុទ្ធនាការនេះ មិនត្រឹមតែដើម្បីតបស្នងដល់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្ហាញពីអត្ថន័យនៃឈ្មោះក្រុមផងដែរ។ ពោល គឺការរួមគ្នាដើម្បីកសាងថ្ងៃស្អែកឱ្យកាន់តែប្រសើរឡើង។

ស្របគ្នានេះ Hueningkai ក៏បានចែករំលែកដែរថា តន្ត្រីគឺជាផ្នែកមួយដែលបានជួយលោកឱ្យឆ្លងផុតពីបញ្ហាផ្លូវអារម្មណ៍កាលនៅយុវវ័យ ខណៈ Yeonjun បានរំឭកដល់ការលំបាកកាលនៅជា Trainee និងភាពរឹងមាំដែលបានកើតឡើងចេញពីការលំបាកនៅគ្រានោះ។

ជាកិច្ចបញ្ចប់ Soobin បានបង្ហាញក្តីសង្ឃឹមថា យុទ្ធនាការ Together for Tomorrow នឹងអាចបញ្ជូនសារទៅកាន់យុវជនថា ពួកគេមិនមែនកំពុងតែតស៊ូម្នាក់ឯងទេ ដោយតារាប្រុសបានលើកទឹកចិត្តឱ្យយុវជនព្យាយមស្វែងរកភាពខ្លាំងក្លា និងក្ដីសង្ឃឹមនៃជីវិត។

គួរឱ្យដឹងថា ថវិកាដែលប្រមូលបានតាមរយៈយុទ្ធនាការនេះ នឹងក្លាយជាកញ្ចប់ថវិកាដើម្បីគាំទ្រដល់កម្មវិធីសុខភាពផ្លូវចិត្តសម្រាប់យុវជនសកល រួមមាន ការបណ្តុះបណ្តាលអ្នកជំនាញ និងការងារស្រាវជ្រាវជាដើម។ ទន្ទឹមគ្នានេះ TXT រួមគ្នាជាមួយផលិតកម្ម BigHit Music ក៏បានសន្យាផ្តល់ថវិកាប្រមាណ ១.៤ លានដុល្លារអាមេរិក ដើម្បីបន្តជំរុញយុទ្ធនាការនេះទៅមុខបន្ថែមទៀត៕  

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា