ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងផលិតផលសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។

យោងតាមរបាយការណ៍គណនេយ្យបានបង្ហាញថា ក្រុមហ៊ុន Victoria Beckham Holdings Ltd ដែលដឹកនាំដោយភរិយា David Beckham ក្នុងនាមជានាយិកាផ្នែកច្នៃប្រឌិត (Creative Director) ទទួលបានប្រាក់ចំណេញពីប្រតិបត្តិការចំនួន ៧.៣ លានផោន ឬ ៩.៨៧ លានដុល្លារក្នុងឆ្នាំ២០២៥ បន្ទាប់ពីបានជួបប្រទះការខាតបង់អស់ជាច្រើនឆ្នាំ។

លោកស្រី Beckham បានប្រាប់សារព័ត៌មាន Financial Times ថា៖ «យើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំងអស់រយៈពេលជាយូរ សម្រាប់ពេលវេលានៃប្រាក់ចំណេញ និងការរីកចម្រើនមួយនេះ»។

«យើងបានបើកចំហយ៉ាងច្បាស់លាស់អំពីបញ្ហានានាដែលយើងបានជួបប្រទះនៅក្នុងអាជីវកម្ម ប៉ុន្តែយើងបានស្តារឡើងវិញ ហើយឥឡូវនេះកំពុងលូតលាស់ក្នុងល្បឿនមួយដ៏សមរម្យ។ បន្ទាប់ពីរយៈពេល ២០ឆ្នាំមកនេះ មនុស្សទូទៅលែងចាត់ទុកម៉ាកយីហោរបស់ខ្ញុំត្រឹមជាម៉ាកយីហោរបស់បុគ្គលល្បីទៀតហើយ»។

ជោគជ័យលើផលិតផលថែរក្សាស្បែក

កាលពីឆ្នាំមុន ខ្សែភាពយន្តឯកសារនៅលើ Netflix បានរៀបរាប់ពីរឿងរ៉ាវនៃការខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងការបង្កើតម៉ាកយីហោហ្វេសិន និងការស្វែងរកប្រាក់ចំណេញ — ហើយស៊េរីរឿងនេះផ្ទាល់ បានជួយរុញច្រានការលក់ឱ្យកើនឡើងយ៉ាងខ្លាំង «ដោយមានការគាំទ្រខ្លាំងជាពិសេសលើផលិតផលខោអាវខូវប៊យ និងអាវយឺត»។ នេះបើយោងតាមរបាយការណ៍គណនេយ្យដដែល។

របាយការណ៍បានបន្តថា ផ្នែកហ្វេសិនរបស់ក្រុមហ៊ុនសម្រេចបាន «ការកើនឡើងទ្វេដងយ៉ាងរឹងមាំ» ​ក្នុងឆ្នាំ២០២៥ ខណៈដែលផ្នែកផលិតផលសម្រស់ ដែលបាន​ដំណើរការក្នុងឆ្នាំ២០១៩ បាន «បង្ហាញពីសមិទ្ធផលដ៏រឹងមាំបំផុតមួយមិនធ្លាប់មាន»។

ជោគជ័យនេះបានមកពីប្រជាប្រិយភាពនៃផលិតផលម្សៅទ្រនាប់ Foundation Drops របស់លោកស្រី ដែលមានបញ្ជីឈ្មោះអតិថិជនរង់ចាំទិញរហូតដល់ ២៥០០០នាក់ និងបានធ្វើឱ្យទំហំអាជីវកម្មផ្នែកថែរក្សាស្បែករបស់ក្រុមហ៊ុនកើនឡើងទ្វេដង។

ខ្សែភាពយន្តឯកសារ Netflix បានបង្ហាញពីអតីតតារាចម្រៀងប៉ុបរូបនេះ និយាយអំពីការជម្នះឧបសគ្គពីគ្រប់គ្នាដែលសង្ស័យលើសមត្ថភាពរបស់លោកស្រី ដើម្បីឱ្យគេទទួលស្គាល់ជានាយកច្នៃប្រឌិត និងជាសហគ្រិនពិតប្រាកដ រហូតដល់ពេលជួបវិបត្តិហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនបាន «ខាតបង់ប្រាក់អស់រាប់សិបលាន»។

គួរបញ្ជាក់ថា អាជីវកម្មនេះត្រូវបានជួយសង្គ្រោះដោយស្វាមីរបស់លោកស្រី គឺអតីតតារាបាល់ទាត់ David Beckham ដោយលោកបានចែករំលែកក្នុងកម្មវិធីនោះថា៖ «ការដែលប្រពន្ធខ្ញុំត្រូវដើរមកប្រាប់ខ្ញុំថា “​បងអាចជួយបានទេ យើងត្រូវការប្រាក់បន្ថែមទៀត អាជីវកម្មត្រូវការដើមទុនបន្ថែម” — វាជារឿងដ៏លំបាកមួយសម្រាប់យើងទាំងពីរ ព្រោះខ្ញុំក៏មិនមានប្រាក់ឯណាជួយបន្តទៀតរហូតដែរ»។

Victoria បាននិយាយថា៖ «ប្រសិនបើគាត់មិនជឿជាក់លើ​ខ្ញុំទេ ខ្ញុំក៏មិនអាចរក្សាអាជីវកម្មនេះបានរហូតមកដល់ពេលនេះដែរ»។

បន្ទាប់មក លោកស្រីទទួលបានការវិនិយោគចំនួន ៣០លានផោន ដោយបានលក់ភាគហ៊ុន ៣០% នៃក្រុមហ៊ុនទៅឱ្យក្រុមហ៊ុន NEO Investment Partners ក្នុងឆ្នាំ២០១៧ ដែលជាអ្នកចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។

ចំណុចជោគជ័យដ៏សំខាន់

ការរៀបចំរចនាសម្ព័ន្ធឡើងវិញនោះ រួមបញ្ចូលទាំងការដោះស្រាយបញ្ហាចំណាយខ្ជះខ្ជាយដែលលោកស្រី Beckham ផ្ទាល់បានទទួលស្គាល់ថា «មិនគួរឱ្យជឿ» ដូចជា «ការដឹកជញ្ជូនកៅអីតាមយន្តហោះពីចុងម្ខាងនៃពិភពលោកទៅចុងម្ខាងទៀត» និងការចំណាយប្រាក់ «៧០០០០ ផោនក្នុងមួយឆ្នាំ» លើរុក្ខជាតិលម្អការិយាល័យ។ នេះបើយោងតាមការលើកឡើងរបស់លោក David Belhassen មកពី NEO។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ លោក Belhassen ដែលជាប្រធានក្រុមហ៊ុន Victoria Beckham Holdings បានមានប្រសាសន៍ថា៖ «តាមរយៈម៉ាស៊ីនរុញច្រានការលូតលាស់ពីរ គឺផ្នែកហ្វេសិន និងសម្រស់ រួមជាមួយនឹងមូលដ្ឋានអតិថិជនអន្តរជាតិដែលកាន់តែរីកធំ និងគំរូប្រតិបត្តិការដ៏ច្បាស់លាស់ អាជីវកម្មនេះមានជំហរយ៉ាងរឹងមាំសម្រាប់ជំហានបន្ទាប់នៃការលូតលាស់ប្រកបដោយប្រាក់ចំណេញ» ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា