ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។ យ៉ាងណាមិញ ក្រុមហ៊ុននេះបានសន្យាផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ អាជីព និងសុខុមាលភាពដល់បុគ្គលិកដែលរងផលប៉ះពាល់។

កាលពីថ្ងៃទី ៤ ខែវិច្ឆិកា នាយិកាប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Canva អ្នកស្រី Melanie Perkins បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំដែលពិបាកបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល ១៣ ឆ្នាំរបស់ក្រុមហ៊ុន ជាហេតុនាំឱ្យមានការប្រែប្រួលកើតឡើងចំពោះបុគ្គលិកចំនួន ១ ២៧១ នាក់ ដែលអ្នកខ្លះត្រូវបាត់បង់ការងារ ខ្លះត្រូវស្នើសុំឱ្យប្តូរទីតាំងការងារ ឬផ្លាស់ប្តូរតួនាទី។

ផ្អែកតាមការចុះផ្សាយរបស់ BBC ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ តម្លៃរបស់ក្រុមហ៊ុនម្ចាស់កម្មវិធីឌីស្សាញ Canva បានធ្លាក់ចុះ ដោយសារតែក្ដីបារម្ភអំពីផលប៉ះពាល់នៃបច្ចេកវិទ្យា AI មកលើអាជីវកម្មនេះ ខណៈថ្លៃចំណាយក្នុងការដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងវេទិការបស់ខ្លួនក៏ជាហេតុផលមួយដូចគ្នាដែរ។

ស្របគ្នានឹងការកាត់បន្ថយបុគ្គលិក ក្រុមហ៊ុន Canva បានបង្ហាញពីទំនួលខុសត្រូវខ្ពស់ ដោយសន្យាផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ អាជីព និងសុខុមាលភាពដល់បុគ្គលិកដែលរងផលប៉ះពាល់ រួមមាន៖

  • ប្រាក់បំណាច់បញ្ចប់ការងារ ដែលយ៉ាងតិចស្មើនឹងប្រាក់ខែ ៦ ខែ
  • ការអនុញ្ញាតឱ្យរក្សាទុកកុំព្យូទ័រ MacBook ដែលក្រុមហ៊ុនបានផ្តល់ជូន
  • ការបន្តផ្តល់ជូននូវធានារ៉ាប់រងសុខភាពរយៈពេល ១២ ខែ
  • ការបន្តកម្មវិធី Canva Care ដែលជាសេវាកម្មគាំទ្រសុខុមាលភាពសម្រាប់បុគ្គលិក និងក្រុមគ្រួសាររយៈពេល ១២ ខែបន្ថែមទៀត
  • ការទទួលបានសិទ្ធិពិគ្រោះយោបល់ជាមួយគ្រូបង្វឹកផ្ទាល់ខ្លួនដើម្បីជួយពិនិត្យមើលប្រវត្តិរូបសង្ខេប (Resume) រៀបចំសម្រាប់ការសម្ភាសន៍ និងធ្វើការសម្ភាសន៍សាកល្បង​ ដើម្បីត្រៀមខ្លួនស្វែងរកការងារថ្មី
  • ការផ្តល់ជូនគណនី LinkedIn Premium រយៈពេល ១ ឆ្នាំ
  • ការលុបចោលលក្ខខណ្ឌតម្រូវឱ្យបំពេញការងាររយៈពេលមួយឆ្នាំ ចំពោះបុគ្គលិកដែលទើបចូលធ្វើការក្នុងរយៈពេលមួយឆ្នាំចុងក្រោយ
  • ការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០ ០០០ ដុល្លារអាមេរិកតាមរយៈ​មូលនិធិ Canva Collective Fund ដល់អតីតបុគ្គលិកណាដែលចង់ចាប់ផ្ដើមអាជីវកម្ម ឬធ្វើការងារដែលផ្ដល់ប្រយោជន៍ដល់សហគមន៍របស់ខ្លួន។

ដ្បិតត្រូវកាត់បន្ថយបុគ្គលិកក៏ពិតមែន ប៉ុន្តែដំណោះស្រាយរបស់ក្រុមហ៊ុន Canva បែរជាទទួលបានការកោតសរសើរយ៉ាងខ្លាំង ដោយសាធារណជន និងបុគ្គលិកមួយចំនួនបានលើកឡើងថា ការគាំទ្រដែលក្រុមហ៊ុនសញ្ជាតិអូស្ត្រាលីមួយនេះបានផ្ដល់ឱ្យ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់បុគ្គលិក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា