១៥ សំណួរឆែកសុខភាពផ្លូវចិត្ត និងគុណភាពជីវិត គួរសាកសួរខ្លួនឯង មុន​បណ្តោយជីវិតឱ្យជាប់គាំងមួយកន្លែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
១៥ សំណួរឆែកសុខភាពផ្លូវចិត្ត និងគុណភាពជីវិត គួរសាកសួរខ្លួនឯង មុន​បណ្តោយជីវិតឱ្យជាប់គាំងមួយកន្លែង

១៥ សំណួរឆែកសុខភាពផ្លូវចិត្ត និងគុណភាពជីវិត គួរសាកសួរខ្លួនឯង មុន​បណ្តោយជីវិតឱ្យជាប់គាំងមួយកន្លែង

ចន្ទដល់សុក្រ ភ្ញាក់ពីព្រលឹមទៅធ្វើការ ត្រឡប់មកផ្ទះវិញអូសមើលទូរស័ព្ទរហូតដល់យប់ជ្រៅ ហើយភ្ញាក់ឡើងធ្វើបែបដដែលម្តងទៀត។ លុះដល់ថ្ងៃឈប់សម្រាក ក៏ចំណាយពេលទៅលើការសម្រាកឱ្យបាត់ហត់ ដើម្បីត្រៀមត្រឡប់ទៅហត់នឿយជាថ្មីនៅសប្តាហ៍ក្រោយ។ ជីវិតបែបនេះមិនមែនខុសអ្វីនោះទេ ប៉ុន្តែនៅពេលដែលរៀងរាល់ថ្ងៃដើរទៅតាមទម្លាប់ យើងស្ទើរតែគ្មានឱកាសឈប់ដើម្បីសួរខ្លួនឯងថា អ្វីៗទាំងអស់ដែលកំពុងធ្វើនេះធ្វើគឺដើម្បីអ្វី ហើយជាអ្វីដែលយើងជ្រើសរើសដោយខ្លួនឯងពិតមែនឬទេ។

ទស្សវិទូក្រិក សូក្រាត បានថ្លែងថា ជីវិតដែលមិនឆ្លងកាត់ការពិចារណា គឺជាជីវិតដែលមិនគួរដល់ការមានជីវិតនៅ។ ដូច្នេះហើយថ្ងៃនេះ AMS បានប្រមូលផ្តុំសំណួរទាំង ១៨ ពីគំនិតរបស់អ្នកទស្សនវិទូ និងសាសនាទាំងប៉ែកខាងកើត និងប៉ែកខាងលិច ដើម្បី​ឱ្យគ្រប់គ្នាសាកល្បងសួរខ្លួនឯងម្តងទៀត ដោយសំណួរទាំងនេះគ្មានចម្លើយត្រូវ ឬខុសនោះទេ ហើយក៏គ្មាននរណាម្នាក់អាចឆ្លើយជំនួសយើងបានដែរ។

ផ្នែកទី 1៖ ពាក់ព័ន្ធខ្លួនយើង

1. ប្រសិនបើគ្មានឈ្មោះ តំណែង ឬមុខរបរ តើយើងនឹងនៅសល់ភាពជាខ្លួនឯងប៉ុណ្ណា?

ពេលណែនាំខ្លួន យើងតែងតែប្រាប់ឈ្មោះ បន្ទាប់មកមុខរបរ និងក្រុមហ៊ុនដែលធ្វើការ រហូតដល់ពេលខ្លះតំណែងការងារក្លាយជាអត្តសញ្ញាណទាំងមូលរបស់យើង។ យ៉ាងណាមិញ ព្រះពុទ្ធសាសនាមានគំនិតអំពី «អនត្តា» ដែលជំរុញឱ្យឃើញថា អត្តសញ្ញាណដែលយើងប្រកាន់ខ្ជាប់ ត្រូវបានផ្សំឡើងពីកត្តាជាច្រើន និងអាចផ្លាស់ប្តូរបានជានិច្ច ដូច្នេះហើយទើបនៅថ្ងៃដែលតំណែងបាត់ទៅ យើងនៅតែអាចជាខ្លួនយើងបាន។

2. អ្វីដែលយើងកំពុងរត់តាម តើយើងពិតជាចង់បានវា ឬគ្រាន់តែឃើញអ្នកដទៃមាន?

ទស្សនវិទូក្រិក អេពីឃ្យូរ៉ាស បានបែងចែកសេចក្តីប្រាថ្នាចេញជា 2 ប្រភេទ៖ ប្រភេទទី 1 គឺសេចក្តីប្រាថ្នាដែលចាំបាច់តាមធម្មជាតិ ដូចជាអាហារ ទីជម្រក និងមិត្តភក្តិ។ ប្រភេទទី 2 គឺសេចក្តីប្រាថ្នាដែលកើតចេញពីគុណតម្លៃរបស់សង្គម ដូចជាកិត្តិយស និងភាពប្រណីត ដែលតែងតែគ្មានទីបញ្ចប់។ សាកល្បងពិនិត្យមើលថា គោលដៅរបស់យើងនៅពេលនេះស្ថិតក្នុងប្រភេទណាច្រើនជាង។

3. ត្រូវមានប៉ុណ្ណា ទើបយើងគ្រប់គ្រាន់?

ប្រាក់ខែឡើងហើយសប្បាយចិត្តបានត្រឹមប៉ុន្មានខែ ក៏ចាប់ផ្តើមមានអារម្មណ៍ថានៅតែមិនគ្រប់គ្រាន់ទៀត។ អ្នកចិត្តវិទ្យាហៅបាតុភូតនេះថា Hedonic Treadmill ពោលគឺមនុស្សយើងសម្របខ្លួនទៅនឹងសេចក្តីសុខថ្មីបានលឿន រហូតត្រលប់ទៅមានអារម្មណ៍ដូចដើម។ ទស្សនវិទូ Seneca យល់ថាមនុស្សដែលក្រីក្រពិតប្រាកដ គឺជាមនុស្សដែលចង់បានកាន់តែច្រើនឡើងៗ មិនថាមានប៉ុណ្ណាក៏ដោយ។

4. ជីវិតនៅពេលនេះជាជីវិតដែលយើងជ្រើសរើសដោយខ្លួនឯង ឬជាជីវិតដែលអ្នកដទៃជ្រើសរើសឱ្យ?

ទស្សនវិទូ Jean-Paul Sartre ជឿថាមនុស្សមានសេរីភាពក្នុងការជ្រើសរើសជានិច្ច។ សំណួរនេះជំរុញឱ្យយើងសម្លឹងមើលថា ផ្លូវដែលយើងកំពុងដើរកើតចេញពីតម្រូវការរបស់យើងផ្ទាល់ ឬកើតចេញពីការរំពឹងទុករបស់ឪពុកម្តាយ សង្គម និងមនុស្សជុំវិញខ្លួន។

5. ប្រសិនបើថ្ងៃស្អែកមិនបាច់ធ្វើការ តើយើងនឹងភ្ញាក់ឡើងធ្វើអ្វី?

អ្នកប្រាជ្ញ Aristotle យល់ថាមនុស្សធ្វើការដើម្បីឱ្យមានពេលទំនេរ ហើយពេលទំនេរគឺជាពេលដែលយើងបានរៀនសូត្រ គិត និងអភិវឌ្ឍខ្លួនឯងពិតប្រាកដ។ ប្រសិនបើចម្លើយនៃសំណួរនេះទទេស្អាត ប្រហែលជាដល់ពេលស្វែងរកអត្ថន័យនៃជីវិតពីកន្លែងផ្សេងក្រៅពីការងារម្តងហើយ។

ផ្នែកទី 2៖ ពាក់ព័ន្ធក្ដីទុក្ខ

6. រឿងដែលធ្វើឱ្យយើងកើតទុក្ខនៅពេលនេះ តើយើងអាចគ្រប់គ្រងវាបានពិតមែនឬទេ?

ទស្សនវិទូ Epictetus ដែលធ្លាប់ជាទាសករ បានបង្រៀនឱ្យបែងចែកអ្វីដែលអាចគ្រប់គ្រងបាន ដូចជាគំនិត និងសកម្មភាពរបស់យើង ឱ្យដាច់ចេញពីអ្វីដែលមិនអាចគ្រប់គ្រងបាន ដូចជាគំនិតរបស់អ្នកដទៃ ស្ថានភាពសេដ្ឋកិច្ច ឬលទ្ធផលមួយចំនួន រួចផ្តោតកម្លាំងទៅលើអ្វីដែលអាចគ្រប់គ្រងបាន។

7. យើងឈឺចាប់ដោយសាររឿងដែលបានកើតឡើង ឬដោយសាររឿងដែលយើងគិតបន្តដោយខ្លួនឯង?

ព្រះពុទ្ធបានប្រៀបធៀបការឈឺចាប់ទៅនឹងព្រួញ។ ព្រួញទី 1 គឺជាហេតុការណ៍ដែលជៀសមិនផុត ដូចជាការត្រូវគេរិះគន់ ឬខកបំណង ប៉ុន្តែមនុស្សភាគច្រើនតែងតែបាញ់ព្រួញទី 2 ដាក់ខ្លួនឯងបន្ថែម តាមរយៈការគិតវិលវល់ ខឹង ឬបន្ទោសខ្លួនឯង។ ព្រួញទី 1 យើងអាចគេចមិនផុត ចំណែកព្រួញទី 2 យើងអាចជ្រើសរើសបាន។

8. រឿងដែលយើងកំពុងបារម្ភ បានកើតឡើងពិតហើយ ឬគ្រាន់តែស្ថិតនៅក្នុងការគិតប៉ុណ្ណោះ?

អ្វីដែលធ្វើឱ្យយើងភ័យខ្លាចមានច្រើនជាងអ្វីដែលអាចធ្វើបាបយើងពិតប្រាកដ ហើយយើងតែងតែកើតទុក្ខក្នុងការស្រមើស្រមៃច្រើនជាងក្នុងការពិត។ សាកល្បងបែងចែកមើលថា ការបារម្ភនៅពេលនេះមានប៉ុន្មានចំណុចដែលបានកើតឡើងពិត ហើយប៉ុន្មានចំណុចដែលគ្រាន់តែជាឈុតឆាកដែលយើងបង្កើតឡើងដោយខ្លួនឯង។

9. តើយើងកំពុងជាប់ជំពាក់ជាមួយអ្វី ទាំងដែលវាបានផ្លាស់ប្តូរទៅហើយ?

«អនិច្ចំ» ឬភាពមិនទៀង គឺជាគោលការណ៍សំខាន់មួយនៃព្រះពុទ្ធសាសនា។ ទំនាក់ទំនងដែលបានបញ្ចប់ទៅហើយ ការងារដែលមិនដូចដើម ឬសូម្បីតែខ្លួនយើងកាលពីប៉ុន្មានឆ្នាំមុន សុទ្ធតែប្រែប្រួលទៅតាមពេលវេលា។ ទុក្ខវេទនាជាច្រើនកើតឡើងពីការចង់ឱ្យរឿងទាំងនោះត្រឡប់មកដូចដើមវិញ។

ផ្នែកទី 3៖ ពាក់ព័ន្ធមនុស្សជុំវិញខ្លួន

10. តើយើងស្រឡាញ់នរណាម្នាក់ដោយសារគេជាគេ ឬដោយសារគេធ្វើឱ្យយើងមានអារម្មណ៍ល្អ?

Erich Fromm អ្នកវិភាគចិត្តវិទ្យា និងទស្សនវិទូ បានសរសេរទុកនៅក្នុងសៀវភៅ The Art of Loving ថាសេចក្តីស្រឡាញ់គឺជាជំនាញដែលត្រូវហ្វឹកហាត់ ផ្សំឡើងដោយការយកចិត្តទុកដាក់ ការទទួលខុសត្រូវ ការគោរព និងការយល់ដឹងពីភាគីម្ខាងទៀត។ សេចក្តីស្រឡាញ់ដែលចាស់ទុំពេញលេញ នឹងមើលឃើញមនុស្សម្នាក់ទៀតតាមអ្វីដែលជាខ្លួនគេ ច្រើនជាងស្រឡាញ់គេត្រឹមតែអ្វីដែលគេបំពេញឱ្យយើង។

11. តើមិត្តភក្តិណាខ្លះដែលនៅតែបន្តនៅជាមួយ ទោះបីជាមិនទទួលបានផលប្រយោជន៍អ្វីពីគ្នាសោះក៏ដោយ?

ទស្សនវិទូក្រិក Aristotle បានបែងចែកមិត្តភាពចេញជា 3 ប្រភេទ គឺមិត្តភាពដោយសារផលប្រយោជន៍ មិត្តភាពដោយសារភាពសប្បាយរីករាយ និងមិត្តភាពដោយសារការឃើញតម្លៃក្នុងខ្លួនគ្នាទៅវិញទៅមក។ ប្រភេទទី 1 និងទី 2 តែងតែរសាយទៅវិញនៅពេលលក្ខខណ្ឌផ្លាស់ប្តូរ ដូចជាការផ្លាស់ប្តូរការងារ ឬបញ្ចប់ការសិក្សា។ ចំណែកប្រភេទចុងក្រោយពិបាករក និងស្ថិតស្ថេរយូរបំផុត។ ការមានមិត្តភក្តិកាន់តែតិចនៅពេលអាយុកាន់តែច្រើន គឺជារឿងធម្មតា។

12. តើមតិរបស់មនុស្សដែលយើងស្ទើរតែមិនស្គាល់ មានទម្ងន់លើជីវិតយើងច្រើនពេកឬទេ?

អធិរាជរ៉ូម៉ាំង Marcus Aurelius បានកត់សម្គាល់ថាមនុស្សស្រឡាញ់ខ្លួនឯងជាងអ្នកណាទាំងអស់ ប៉ុន្តែបែរជាផ្តល់ទម្ងន់ដល់មតិរបស់អ្នកដទៃដែលមានមកលើខ្លួនឯង ច្រើនជាងមតិរបស់ខ្លួនឯងទៅវិញ។ សាកល្បងនឹកដល់មតិយោបល់ចុងក្រោយដែលធ្វើឱ្យបាត់បង់អារម្មណ៍ពេញមួយថ្ងៃ រួចសួរថា អ្នកសរសេរស្គាល់យើងច្បាស់ប៉ុណ្ណា។

ផ្នែកទី 4៖ ពាក់ព័ន្ធជំនឿ និងអំពើល្អ

13. ប្រសិនបើគ្មាននរណាមើលឃើញ តើយើងនៅតែធ្វើអំពើល្អដូចដើមឬទេ?

ទស្សនវិទូអាល្លឺម៉ង់ Immanuel Kant បានបែងចែកសកម្មភាពដែលធ្វើឡើងដោយសារជាតួនាទី ចេញពីសកម្មភាពដែលធ្វើឡើងដោយសាររំពឹងផលតបស្នង ពាក្យសរសើរ ឬរូបភាព ហើយយល់ថាតម្លៃសីលធម៌ពិតប្រាកដស្ថិតនៅលើប្រភេទទី 1។ សំណួរនេះមានគោលបំណងឱ្យយើងមើលឃើញកម្លាំងជំរុញរបស់ខ្លួនឯងកាន់តែច្បាស់ ជាងយកមកវិនិច្ឆ័យថានរណាល្អជាងនរណា។

ផ្នែកទី 5៖ ពាក់ព័ន្ធពេលវេលាដែលនៅសល់

14. ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយ តើយើងនឹងស្តាយក្រោយរឿងអ្វីជាងគេ?

ទាំងព្រះពុទ្ធសាសនា និងទស្សនវិជ្ជាស្ដូអ៊ិក មានវិធីហ្វឹកហាត់ដែលស្រដៀងគ្នា គឺ «មរណានុស្សតិ» និង «Memento Mori» ឬការរឭកដល់សេចក្តីស្លាប់ជានិច្ច។ គោលបំណងគឺរឭកឱ្យដឹងថាពេលវេលាមានកំណត់។ រឿងដែលយើងពន្យារពេល ដូចជាការសារភាពក្ដីស្រឡាញ់ទៅនរណាម្នាក់ ឬការចាប់ផ្តើមធ្វើអ្វីដែលចង់ធ្វើ អាចនឹងគ្មានថ្ងៃស្អែកឱ្យរង់ចាំជានិច្ចនោះទេ។

15. ប្រសិនបើត្រូវប្រើជីវិតបែបនេះដដែលៗគ្មានទីបញ្ចប់ តើយើងនៅតែជ្រើសរើសបែបដដែលនេះឬទេ?

ទស្សនវិទូអាល្លឺម៉ង់ Friedrich Nietzsche បានស្នើការពិសោធន៍ផ្នែកគំនិតដែលហៅថា Eternal Recurrence ដោយឱ្យគ្រប់គ្នាសាកល្បងស្រមៃថា ជីវិតដែលកន្លងមកទាំងអស់នឹងវិលត្រឡប់មកដដែលៗ​ជារៀងរហូត។ ប្រសិនបើគិតហើយមានអារម្មណ៍ធ្ងន់ចិត្ត ប្រហែលជាដល់ពេលផ្លាស់ប្តូរអ្វីមួយហើយ ប៉ុន្តែប្រសិនបើមានអារម្មណ៍ថាច្បាស់លាស់ និងទទួលយកបាន នោះអាចជាសញ្ញាថាយើងកំពុងប្រើជីវិតដែលជារបស់ខ្លួនឯងពិតប្រាកដ។

សំណួរទាំង 15 នេះអាចមិនបានធ្វើឱ្យជីវិតកាន់តែងាយស្រួលភ្លាមៗនោះទេ ហើយសំណួរខ្លះអាចត្រូវចំណាយពេលរាប់ឆ្នាំទើបឆ្លើយបាន ប៉ុន្តែការឈប់ដើម្បីសួរខ្លួនឯងម្តងម្កាល នឹងជួយឱ្យយើងនៅតែជាអ្នកកំណត់ទិសដៅជីវិត ជាងការបណ្តោយអ្វីៗទៅតាមទម្លាប់។

មិនចាំបាច់ប្រញាប់ឆ្លើយឱ្យគ្រប់គ្រប់សំណួរនោះទេ សាកល្បងជ្រើសរើសយកមួយសំណួរដែលប៉ះចិត្តបំផុត រួចចំណាយពេលរកចម្លើយបន្តិចម្តងៗ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា