កំហុសទាំង ៧ ធ្វើឱ្យទូទឹកកកស៊ីភ្លើងខ្លាំង តែមនុស្សភាគច្រើនធ្វើខុសទាំងមិនដឹងខ្លួន! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំហុសទាំង ៧ ធ្វើឱ្យទូទឹកកកស៊ីភ្លើងខ្លាំង តែមនុស្សភាគច្រើនធ្វើខុសទាំងមិនដឹងខ្លួន!

កំហុសទាំង ៧ ធ្វើឱ្យទូទឹកកកស៊ីភ្លើងខ្លាំង តែមនុស្សភាគច្រើនធ្វើខុសទាំងមិនដឹងខ្លួន!

ការប្រើប្រាស់ទូទឹកកកបានត្រឹមត្រូវ មិនត្រឹមតែជួយពន្យារអាយុកាលរបស់ម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគន្លឹះសំខាន់ក្នុងការ សន្សំសំចៃអគ្គិសនី និងជួយរក្សាគុណភាពអាហារឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ខាងក្រោមនេះគឺជាកំហុសទាំង ៧ ដែលនាំឱ្យទូទឹកកស៊ីភ្លើងខ្លាំង ខណៈមនុស្សជាច្រើនតែងមើលរំលង៖

Advertisement

១. ដាក់ទូទឹកកកកៀកជញ្ជាំងពេក

ការដាក់ទូទឹកកកជិតជញ្ជាំងខ្លាំងពេក ក្នុងគោល​បំណងសន្សំសំចៃទីកន្លែង នឹងធ្វើឱ្យម៉ាស៊ីនពិបាកបញ្ចេញកម្ដៅ ជាហេតុធ្វើឱ្យម៉ាស៊ីន Compressor ត្រូវធ្វើការធ្ងន់ជាងមុន ដែលនាំឱ្យស៊ីភ្លើងខ្លាំង និងឆាប់ខូច។

ដូច្នេះ អ្នកគួរទុកចន្លោះពីជញ្ជាំងយ៉ាងតិច ១០-១៥ សង់ទីម៉ែត្រ ដើម្បីអាចឱ្យខ្យល់ចេញចូលបានល្អ កាត់បន្ថយកម្ដៅពីទូទឹកកក។

២. ដាក់អាហារក្នុងទូទឹកកកច្រើនហួសកម្រិត

ការដាក់អាហារច្រើនពេកនៅក្នុងទូទឹកកក ធ្វើឱ្យម៉ាស៊ីនបញ្ជូនខ្យល់ត្រជាក់​មិនបានសព្វល្អ។ ហេតុដូច្នេះហើយ ម៉ាស៊ីននឹងត្រូវធ្វើការខ្លាំង និងយូរជាងធម្មតា ដើម្បីអាចបញ្ជូនភាពត្រជាក់ទៅកាន់អាហារឱ្យបានសព្វ។  

គន្លឹះមួយសម្រាប់បញ្ហានេះ អ្នកគួរដាក់អាហារត្រឹមតែ ៧០​ ទៅ ៨០% នៃចំណុះសរុបរបស់ទូទឹកកកប៉ុណ្ណោះ ដើម្បីទុកចន្លោះអាចឱ្យខ្យល់ត្រជាក់បក់បានសព្វ ដែលល្អក្នុងការរក្សាគុណភាពអាហារ។

៣. កំណត់សីតុណ្ហភាពមិនសមស្រប

មនុស្សមួយចំនួន យល់ច្រឡំថា ការកំណត់សីតុណ្ហភាពត្រជាក់បំផុត នឹងធ្វើឱ្យអាហារអាចរក្សាភាពស្រស់បានយូរ និងល្អបំផុត។ ក៏ប៉ុន្តែការពិតមិនដូច្នេះទេ ខណៈការកំណត់សីតុណ្ហភាពត្រជាក់បំផុតជាប់គ្រប់ពេល គឺជាការបង្ខំឱ្យម៉ាស៊ីនធ្វើការលើសកម្លាំងផងដែរ។

សម្រាប់កម្រិតសីតុណ្ហភាពស្តង់ដារដែលណែនាំចំពោះថតធម្មតា គឺស្ថិតនៅក្នុងសីតុណ្ហាភាពប្រហែល ៣​ ដល់ ៥ អង្សាសេ ខណៈថតកក គឺប្រហែល -១៨ អង្សាសេ។ កម្រិតសីតុណ្ហភាពស្តង់ដានេះ គឺគ្រប់គ្រាន់ក្នុងការរក្សាគុណភាពអាហារ និងសន្សំសំចៃអគ្គិសនីក្នុងពេលតែមួយ។

៤. ដាក់អាហារដែលនៅក្ដៅចូលក្នុងទូទឹកកកភ្លាមៗ

ស្រដៀងគ្នានឹងចំណុចខាងលើដែរ ការយកអាហារក្ដៅៗដាក់ចូលក្នុងទូទឹកកក នឹងធ្វើឱ្យសីតុណ្ហភាពខាងក្នុងទូកើនឡើងលឿន តម្រូវឱ្យម៉ាស៊ីនដំណើរជាថ្មីដើម្បីធ្វើឱ្យសីតុណ្ហភាពធ្លាក់ចុះមកវិញ។ បន្ថែមពីនេះ កម្ដៅពីអាហារក៏អាចជះទៅកាន់អាហារផ្សេងទៀតនៅក្នុងទូទឹកកក ដែលអាចនាំឱ្យបាត់បង់គុណភាពផងដែរ។ តួយ៉ាង ដូចជាបន្លែដែលអាចប្រែទៅជាស្លោក និងបាត់បង់ភាពស្រស់ជាដើម។

ដូច្នេះ ណែនាំឱ្យអ្នកទុកអាហារនៅខាងក្រៅឱ្យត្រជាក់ដល់សីតុណ្ហភាពធម្មតាជាមុនសិន សឹមដាក់ចូលក្នុងទូទឹកកក។

៥. មិនសម្អាតបន្ទះជ័រនៅមាត់ទ្វារទូទឹកកក

បន្ទះជ័រនៅមាត់ទ្វារទូទឹកកកដែលមានសភាពយឺត និងស្អិត មានតួនាទីទប់ខ្យល់ត្រជាក់កុំឱ្យចេញពីទូ។ ប្រសិនបើវាប្រឡាក់ មានដីតោងច្រើន ឬលែងសូវស្អិតជាប់ដូចមុន វានឹងធ្វើឱ្យទ្វារបិទមិនជិតល្អ ដែលនាំឱ្យខ្យល់ត្រជាក់លេចចេញមកខាងក្រៅ។

ដូច្នេះ អ្នកគួរជូតសម្អាតបន្ទះជ័រនៅមាត់ទ្វារទូទឹកកកដោយក្រណាត់សើមជារៀងរាល់ខែ និងពិនិត្យមើលថា តើវានៅយឺតល្អដែរឬទេ។

៦. បើកទ្វារទូទឹកកកយូរ ឬបើកញឹកញាប់ពេក

រាល់ពេលដែលអ្នកបើកទ្វារទូរទឹកកក ខ្យល់ត្រជាក់នឹងចេញមកខាងក្រៅ ហើយខ្យល់ក្ដៅពីខាងក្រៅនឹងចូលទៅក្នុងទូជំនួសវិញ។ ដូច្នេះ ម៉ាស៊ីនត្រូវចាប់ផ្ដើមធ្វើការសាជាថ្មី ដើម្បីទាញសីតុណ្ហភាពឱ្យចុះត្រជាក់ឡើងវិញម្ដងទៀត។

ដើម្បីការពារកុំឱ្យបើកទ្វារទូទឹកកកញយដង ឬយូរពេក អ្នកគួរគិតទុកជាមុនថា អ្នកបើកទូព្រោះចង់បានអ្វី បន្ថែមដោយការរៀបចំទូទឹកកកឱ្យមានរបៀបរៀបរយ ដើម្បីអាចឱ្យអ្នកងាយស្រួលរករបស់ដែលត្រូវការ។

៧. ថតកកមានទឹកកក កកជាប់ច្រើនពេក

ដ្បិតបច្ចុប្បន្នទូទឹកកកម៉ូដែលខ្លះមានប្រព័ន្ធរំលាយទឹកកកស្វ័យប្រវត្តិក្ដី ប៉ុន្តែទូទឹកកកមួយចំនួននៅទាមទារឱ្យអ្នកត្រូវរំលាយ និងសម្អាតទឹកកកទាំងនោះឱ្យដោយខ្លួនឯង។ បើមិនដូច្នេះទេ ស្រទាប់ទឹកកកដែលក្រាស់នឹងរារាំងភាពត្រជាក់ ធ្វើឱ្យម៉ាស៊ីនដំណើរការយូរ និងស៊ីភ្លើងខ្លាំង។

គន្លឹះងាយៗសម្រាប់បញ្ហានេះ អ្នកគួររៀបចំ និងសម្អាតទូទឹកកករៀងរាល់ ៣ ទៅ ៦ ខែម្តង៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា