បើមានកូនវ័យជំទង់ គួរបង្រៀនពួកគេឱ្យយល់ដឹងនូវរឿងសំខាន់ ១០ យ៉ាងនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បើមានកូនវ័យជំទង់ គួរបង្រៀនពួកគេឱ្យយល់ដឹងនូវរឿងសំខាន់ ១០ យ៉ាងនេះ

បើមានកូនវ័យជំទង់ គួរបង្រៀនពួកគេឱ្យយល់ដឹងនូវរឿងសំខាន់ ១០ យ៉ាងនេះ

កូនក្នុងវ័យជំទង់ មិនមែនត្រូវការត្រឹមតែពាក្យថា «ខំរៀន​ ធ្វើជាកូនល្អ​» នោះទេ ព្រោះសម្រាប់ជីវិតពិតនៅក្រៅផ្ទះ ជួនកាលអ្វីដែលត្រូវប្រើប្រាស់ច្រើនជាងភាពឆ្លាតវៃ គឺការដឹងថាពេលណាគួរបញ្ឈប់ខ្លួនឯង ពេលណាគួរបដិសេធ និងពេលណាត្រូវដើរចេញ។ ខាងក្រោមនេះ AMS សូមចែករំលែកនូវរឿង ១០ យ៉ាងដែលឪពុកម្ដាយគួរបង្រៀនឱ្យកូនមានជាប់ខ្លួន មុនថ្ងៃដែលអ្នកមិនបាននៅជាមួយគេជាប់ដូចមុនទៀត៖

១. កុំយកតម្លៃខ្លួនឯងទៅផ្ញើលើអ្នកដទៃ

ថ្ងៃនេះគ្មានអ្នក Like គ្មានសង្សារ មិត្តភក្តិណាត់គ្នាតែមិនហៅយើង ឬឃើញអ្នកដទៃមានរបស់ដែលយើងគ្មាន… មិនមែនមានន័យថាយើងអន់ជាងគេនោះទេ។ បង្រៀនឱ្យកូនចងចាំថា៖ «អ្នកដទៃមិនជ្រើសរើសយើង មិនមែនមានន័យថាយើងគ្មានតម្លៃនោះទេ។ កុំយកអារម្មណ៍របស់អ្នកដទៃមកវាយតម្លៃខ្លួនឯងឱ្យសោះ»។

២. ត្រូវចេះនិយាយពាក្យថា «ទេ»

មិត្តភក្តិប្រាប់៖ «សាកបន្តិចទៅ តែម្តងទេ» សង្សារប្រាប់៖ «បើស្រឡាញ់គ្នា ត្រូវតែឱ្យមើល» មិត្តភក្តិប្រាប់៖ «បើមិនទៅ ក៏មិនបាច់ធ្វើជាមិត្តភក្តិនឹងគ្នាទៀតទេ»…. ជួនកាល ពាក្យថា «ទេ» អាចធ្វើឱ្យបាត់បង់មិត្តភក្តិ បាត់បង់សង្សារ ឬត្រូវគេមើលឃើញថាមិនចុះសម្រុងនឹងគេ ប៉ុន្តែវានៅតែប្រសើរជាងការបាត់បង់ខ្លួនឯង។ ប្រាប់ពួកគេថា៖ «បើកូនមិនចង់ធ្វើ និយាយថា ‘មិន’ បានភ្លាម ដោយមិនបាច់ភ័យខ្លាចថានរណាម្នាក់មិនពេញចិត្តនោះទេ»។

៣. ដឹងថាអ្វីជារឿងឯកជនរបស់យើង

ទូរស័ព្ទមិនមែនជារបស់សាធារណៈឡើយ។ លេខកូដសម្ងាត់ (Password) មិនមែនជាភស្តុតាងនៃសេចក្តីស្រឡាញ់នោះទេ។ រូបថតផ្ទាល់ខ្លួន មិនមែនជាអ្វីដែលនរណាម្នាក់មានសិទ្ធិមកសុំព្រោះតែជាសង្សារនឹងគ្នានោះទេ ហើយពាក្យថា «ទុកចិត្តគ្នាទៅ» ក៏មិនបានមានន័យថាត្រូវតែយល់ព្រមគ្រប់យ៉ាងដែរ។ «ស្រឡាញ់នរណាក៏បាន ប៉ុន្តែត្រូវតែប្រគល់សិទ្ធិក្នុងការសម្រេចចិត្តលើជីវិតខ្លួនឯងឱ្យទៅគេឡើយ»។

៤. រៀនបែងចែកឱ្យដាច់ថាតើ ‘គេស្រឡាញ់យើង’ ឬ ‘គេកំពុងតែត្រួតត្រាយើង’

បើគេនិយាយថា «ហេតុអ្វី អនឡាញ ហើយមិនតប?» «ទៅណាត្រូវតែប្រាប់» «ហាមនិយាយជាមួយអ្នកនេះ» «បើស្រឡាញ់គ្នា ត្រូវតែឱ្យលេខកូដ» «ស្លៀកពាក់បែបនេះមិនបានទេ»… កុំប្រញាប់ហៅគ្រប់យ៉ាងថាជាសេចក្តីស្រឡាញ់ឱ្យសោះ។ ប្រាប់កូនថា៖ «បើនៅជាមួយនរណាម្នាក់ ហើយកូនត្រូវតែភ័យខ្លាចថាគេនឹងខឹងរហូត ញ៉ាំបាយមិនឆ្ងាញ់ ដេកមិនលក់។ សាកសួរខ្លួនឯងមើលថា តើយើងកំពុងមានក្តីសុខ ឬកំពុងតែព្យាយាមធ្វើមិនឱ្យគេខឹង?»

៥. កុំបង្ករឿងធំគ្រាន់តែដោយសារពាក្យថា «អ្នកណាក៏ធ្វើដែរ»

ឧទាហរណ៍មិត្តភក្តិបបួលទៅផ្ទះមនុស្សដែលមិនស្គាល់បបួលផឹក បបួលដើរលេងយប់ បបួលលេងល្បែងស៊ីសង ឬបបួលសាកល្បងអ្វីមួយ ហើយនិយាយថា «មិនអីទេ អ្នកណាក៏ធ្វើដែរ»។ «មុននឹងធ្វើតាមមិត្តភក្តិ សាកល្បងគិតមើលសិនថា ប្រសិនបើមានរឿងកើតឡើង តើនរណាជាអ្នកត្រូវទទួលផល?» ជួនកាល ចម្លើយគឺមានតែកូនម្នាក់គត់។

៦. កុំសម្រេចចិត្តនៅពេលអារម្មណ៍កំពុងតែពុះកញ្ជ្រោល

ខឹងសង្សារ កុំទាន់អាលផូសហែកហួរ។ ឈ្លោះជាមួយមិត្តភក្តិ កុំទាន់អាលផ្ញើសារធ្ងន់ៗ។ បាក់ទឹកចិត្ត/ខូចចិត្ត កុំទាន់អាលធ្វើអ្វីដែលមិនអាចត្រឡប់ថយក្រោយបានដើម្បីឌឺដង។ ស្រវឹង កុំបើកបរត្រឡប់ទៅវិញដោយខ្លួនឯង។ «រឿងខ្លះអាចរង់ចាំដល់ថ្ងៃស្អែកបាន ប៉ុន្តែកុំធ្វើរឿងដែលថ្ងៃស្អែកត្រូវមកអង្គុយស្តាយក្រោយឱ្យសោះ»។

៧. មានលុយតិចមិនអីទេ ប៉ុន្តែកុំយកខ្លួនឯងទៅដោះដូរនឹងលុយ

ចង់បានដូចមិត្តភក្តិ ចង់បានទូរស័ព្ទស៊េរីដូចគេ ចង់ទៅដើរលេងជាមួយក្រុម ឬគ្មានប្រាក់រហូតដល់ត្រូវជំពាក់គេឯង… ត្រូវតែដឹងថាអ្វីជា «ចង់បាន» និងអ្វីជា «ចាំបាច់»។ ប្រាប់ពួកគេថា «គ្មានប្រាក់មិនមែនជារឿងគួរឱ្យខ្មាសគេទេ ប៉ុន្តែការយកប្រាក់ដែលមិនទាន់មានទៅធ្វើជាបំណុល ឬយល់ព្រមធ្វើអ្វីដែលមិនចង់ធ្វើដោយសារតែរឿងប្រាក់ នោះត្រូវតែគិតឱ្យបានល្អិតល្អន់»។

៨. ពិភពអនឡាញមិនមែនជាកន្លែងដែលយើងអាចគ្រប់គ្រងបានទាំងអស់នោះទេ

ផ្ញើរូបឱ្យសង្សារហើយបែកគ្នា… ឆាតដែលគិតថា «និយាយគ្នាតែពីរនាក់» ត្រូវគេ Screenshot យកទៅដាក់ក្នុងក្រុម… ផុស Story ប្រាប់ថានៅឯណា… ប្រើឈ្មោះ ឬព័ត៌មានផ្ទាល់ខ្លួនជាមួយមនុស្សដែលទើបតែស្គាល់គ្នាមិនយូរ…។ មេរៀនសំខាន់គឺ «មុននឹងផ្ញើអ្វីមួយចេញទៅ សួរខ្លួនឯងថា ប្រសិនបើថ្ងៃស្អែកមនុស្សដែលយើងមិនចង់ឱ្យឃើញ បែរជាបានឃើញ តើយើងអាចទប់ទល់បានដែរឬទេ?»

៩. ប្រសិនបើក្រុមណាមួយធ្វើឱ្យកូនត្រូវបង្ខំចិត្តខ្លួនឯងដើម្បីឱ្យបានចូល ចូរដើរចេញមក

«ជក់ជាមួយគ្នាទៅ» «ផឹកបន្តិចទៅ» «សាកមុនសិនទៅ បន្តិចទៀតដឹងហើយ» «បើមិនយកទេ មិនមែនជាមិត្តភក្តិទេ»… បារីអេឡិចត្រូនិក កញ្ឆា គ្រឿងស្រវឹង ឬសារធាតុញៀន អាចចាប់ផ្តើមពីប្រយោគងាយៗថា «សាកតែបន្តិចទេ»។ ដូច្នេះគួរបង្រៀនឱ្យពួកគេមានប្រយោគស្រាប់ៗទុកប្រើតែម្ដងដូចជា៖ «មិនយកទេ គ្នាមិនលេងរឿងនេះទេ» «ពួកឯងលេង​ចុះ គ្នាត្រឡប់ទៅវិញមុនហើយ» «មិនបាច់បបួលទៀតទេ គ្នាមិនចូលរួមទេ»។

១០. ចងចាំថា «ត្រឡប់មកផ្ទះ» បានជានិច្ច

នេះប្រហែលជាចំណុចដែលឪពុកម្ដាយគួរឱ្យកូនចងចាំបំផុត។ ប្រសិនបើថ្ងៃណាមួយកូនទៅក្រៅ ហើយជួបមនុស្សមិនស្គាល់ ត្រូវគេបោកប្រាស់ ត្រូវគេគំរាមកំហែង ត្រូវគេបង្ខិតបង្ខំ ត្រូវគេគំរាមទម្លាយរឿងសម្ងាត់ ស្រវឹងរហូតត្រឡប់មកវិញមិនរួច ឬដឹងខ្លួនថារឿងដែលកើតកំពុងឡើងគឺហួសពីការគ្រប់គ្រង សូមកុំគិតថា… «ត្រឡប់ទៅផ្ទះមិនបានទេ ខ្លាចម៉ាក់ជេរ ម៉ាក់ស្តី ប៉ាវាយ…»។ ប្រាប់ពួកគេឱ្យមកផ្ទះសិនមក រឿងផ្សេងនិយាយគ្នាតាមក្រោយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា