ថ្ងៃណាមួយឪពុកម្ដាយអាចនឹងស្ដាយក្រោយ បើនៅតែបណ្ដោយឱ្យកូនៗបន្តទម្លាប់អវិជ្ជមាន ១០ យ៉ាងនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថ្ងៃណាមួយឪពុកម្ដាយអាចនឹងស្ដាយក្រោយ បើនៅតែបណ្ដោយឱ្យកូនៗបន្តទម្លាប់អវិជ្ជមាន ១០ យ៉ាងនេះ

ថ្ងៃណាមួយឪពុកម្ដាយអាចនឹងស្ដាយក្រោយ បើនៅតែបណ្ដោយឱ្យកូនៗបន្តទម្លាប់អវិជ្ជមាន ១០ យ៉ាងនេះ

ខាងក្រោមនេះគឺ ១០ទម្លាប់របស់កូនៗដែលឪពុកម្តាយមិនគួរមើលរំលង ព្រោះថ្ងៃណាមួយអាចនឹងស្តាយក្រោយដែលមិនប្រញាប់ប្រដៅអប់រំតាំងពីថ្ងៃនេះ៖

១. និយាយសម្ដីអាក្រក់ដាក់ឪពុកម្តាយរហូតក្លាយជារឿងធម្មតា ប្រកែកតវ៉ាដោយប្រើពាក្យសម្តីធ្ងន់ៗ ឡើងសំឡេង និយាយងក់ក្បាលឌឺដង/ចំអក គិតថាចង់និយាយអ្វីក៏និយាយបាន ព្រោះចុងក្រោយឪពុកម្តាយតែងតែអភ័យទោសឱ្យជានិច្ច។

២. មិនទទួលខុសត្រូវលើនាទីរបស់ខ្លួនឯង មិនជួយការងារផ្ទះ មិនទុកដាក់អីវ៉ាន់ឱ្យមានរបៀប មិនបោកខោអាវខ្លួនឯង ត្រូវចាំបាច់ឱ្យឪពុកម្តាយតាមដានគ្រប់រឿង រហូតដល់ធំជាមនុស្សពេញវ័យហើយនៅតែរស់នៅដោយរង់ចាំឱ្យអ្នកដទៃជាអ្នកចាត់ចែងឱ្យ។

៣. ចង់បានគ្រប់យ៉ាង ប៉ុន្តែមិនធ្លាប់គិតពីភាពហត់នឿយរបស់អ្នករកលុយ សុំលុយទិញអីវ៉ាន់តាមមិត្តភ័ក្តិ ទាមទារអ្វីៗដែលហួសលទ្ធភាពរបស់គ្រួសារ មិនធ្លាប់មើលឃើញតម្លៃនៃប្រាក់កាស និងការខិតខំប្រឹងប្រែងដែលឪពុកម្តាយត្រូវយកទៅប្តូរឡើយ។

៤. ធ្វើខុសហើយមិនព្រមទទួលកំហុស ទម្លាក់កំហុសដាក់អ្នកដទៃ ដោះសាគ្រប់ពេល មិនព្រមសុំទោស មិនគិតចង់កែប្រែ ព្រោះធ្លាប់ខ្លួនដែលមានឪពុកម្តាយចាំជួយការពារពីផលវិបាកនៃទង្វើរបស់ខ្លួន។

៥. ប្រើអារម្មណ៍ដោះស្រាយបញ្ហាគ្រប់ពេលដែលមិនបានដូចចិត្ត មួម៉ៅ ឆេវឆាវ គំហក បោះបោករបស់របរ ឬគំរាមឱ្យអ្នកដទៃសុខចិត្តធ្វើតាម ព្រោះបានយល់ថាបើបង្ហាញអារម្មណ៍រឹងរូសខ្លាំងគ្រប់គ្រាន់ មនុស្សជុំវិញខ្លួននឹងត្រូវតែព្រមទទួលយក។

៦. កុហកហូតក្លាយជាទម្លាប់ លាក់បាំងរឿងរៀនសូត្រ រឿងលុយកាក់ មិត្តភ័ក្តិ ឬការដើរលេង នៅពេលត្រូវចាប់បានក៏នៅតែបន្តកុហកម្តងហើយម្តងទៀត រហូតដល់ទំនុកចិត្តក្នុងគ្រួសារៗ ធ្លាក់ដល់សូន្យ។

៧. មិនចេះអត់ធ្មត់ចំពោះការខកចិត្ត មិនបានដូចចិត្តក៏ឈប់ធ្វើ ជួបបញ្ហាក៏រត់គេច ចង់បានលទ្ធផលភ្លាមៗ មិនព្រមប្រឹងប្រែង ព្រោះកន្លងមកពេលជួបឧបសគ្គ តែងតែមានឪពុកម្តាយចាំជួយដោះស្រាយឱ្យជានិច្ច។

៨. រស់នៅដោយគ្មានវិន័យ និងមិនទទួលខុសត្រូវលើពេលវេលា ត្រឡប់មកផ្ទះខុសម៉ោង មិនប្រាប់ថាតើទៅណា ឈប់សម្រាកពីសាលារៀន គេងយឺតរហូតខូចខាតការងារ ឬធ្វើរឿងប្រឈមគ្រោះថ្នាក់ដោយមិនគិតពីផលវិបាកដែលនឹងកើតឡើងតាមក្រោយ។

៩. មិនគោរពអារម្មណ៍ និងសិទ្ធិរបស់អ្នកដទៃ គិតតែពីប្រយោជន៍ខ្លួនឯង កេងប្រវ័ញ្ចមិត្តភក្តិ មិនព្រមចែករំលែក គ្មានមេត្តាចំពោះអ្នកដែលកំពុងជួបការលំបាក ឬគិតថាអ្នកដទៃត្រូវតែធ្វើតាមចិត្តខ្លួនឯងជានិច្ច។

១០. មិនព្រមហ្វឹកហាត់ពឹងផ្អែកលើខ្លួនឯង ព្រោះដឹងថាឪពុកម្តាយនឹងជួយគ្រប់ពេល មានបញ្ហាក៏ឱ្យម៉ាក់ជួយដោះស្រាយ លុយមិនគ្រប់ក៏ឱ្យប៉ារកឱ្យ ការងារមិនរួចរាល់ក៏ឱ្យម៉ាក់ជួយតាមដាន នៅពេលធំឡើងក៏គ្មានទំនុកចិត្តថាតើត្រូវគ្រប់គ្រងជីវិតខ្លួនឯងយ៉ាងដូចម្តេចប្រសិនបើគ្មានអ្នកចាំជួយ។

មិនមែនមានន័យថាកូនដែលធ្វើទង្វើបែបនេះត្រឹមតែម្តងឬពីរដងនឹងធំទៅក្លាយជាមនុស្សពេញវ័យដែលមានបញ្ហានោះទេ ប៉ុន្តែប្រសិនបើវាកើតឡើងម្តងហើយម្តងទៀតរហូតក្លាយជារបៀបទម្លាប់ ហើយគ្មាននរណាមួយជួយប្រដៅណែនាំឱ្យកូនកែប្រែទេនោះ វាអាចនឹងប៉ះពាល់ដល់ការរស់នៅ និងទំនាក់ទំនងនានានាពេលអនាគត។

កុំរង់ចាំដល់កូននិយាយស្តីបែបដូចគ្នានេះដាក់ដៃគូស្នេហា កុំរង់ចាំដល់កូនប្រើប្រាស់ជីវិតគូមិនបាន កុំរង់ចាំដល់កូនមានបញ្ហារឿងលុយកាក់ ឬការងារ សឹមមកស្តាយក្រោយថាពួកយើងគួរតែប្រដៅគេឱ្យបានលឿនជាងនេះ។

តួនាទីរបស់ឪពុកម្តាយមិនមែនធ្វើឱ្យកូនមានក្តីសុខគ្រប់ពេលវេលានោះទេ ប៉ុន្តែគឺការរៀបចំកូនឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការមើលថែទាំខ្លួនឯង ទទួលខុសត្រូវលើជីវិត និងរស់នៅរួមជាមួយអ្នកដទៃបាន ទោះបីនៅថ្ងៃដែលគ្មានឪពុកម្តាយចាំជួយទៀតក៏ដោយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា