ប្រសិន​បើ​អ្នក​បាន​ឃើញ​សត្វ​ប្រភេទ​នេះ (ម្រើមព្រះ) ហាម​ដាច់ខាត​ចាប់​វា​លេង​ដោយ​ដៃ​ទទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រសិន​បើ​អ្នក​បាន​ឃើញ​សត្វ​ប្រភេទ​នេះ (ម្រើមព្រះ) ហាម​ដាច់ខាត​ចាប់​វា​លេង​ដោយ​ដៃ​ទទេ

ប្រសិន​បើ​អ្នក​បាន​ឃើញ​សត្វ​ប្រភេទ​នេះ (ម្រើមព្រះ) ហាម​ដាច់ខាត​ចាប់​វា​លេង​ដោយ​ដៃ​ទទេ

ប្រសិន​បើ​អ្នក​បាន​ឃើញ​សត្វ​ប្រភេទ​នេះ​ហាម​ដាច់ខាត​ចាប់​វា​លេង​ដោយ​ដៃ​ទទេ ត្បិត​មិន​មាន​ពិស​ដូច​ជា​សត្វ​ក្អែប ប៉ុន្តែ​ម្រើមព្រះ​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​បង្ក​ឱ្យ​ស្បែក​ឬ​ភ្នែក​រលាក បើ​សិន​ជា​ប៉ះពាល់​ដោយ​ផ្ទាល់។

Advertisement

មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ហៅ​ថា ម្រើមព្រះ និង​ជា​ភាសា​អង់គ្លេស Millipedes។ ម្រើមព្រះ​ជា​ប្រភេទ​សត្វ​ពហុ​ បាទី​ម្យ៉ាង ដែល​មាន​ជើង​ច្រើន ប៉ុន្តែ​មិន​ស្ថិត​ក្នុង​ប្រភេទ​ជា​សត្វ​ល្អិត ជា​សមាជិក​នៃ​ក្រុម​សត្វ​ពហុ​បាទី ( Myriapoda) ដែល​រួម​មាន​ទាំង​សត្វ​ក្អែប​ផង​ដែរ។

អ្នកវិទ្យាសាស្ត្របានធ្វើកំណត់ត្រាអំពីប្រភេទម្រើមព្រះនៅកម្ពុជារហូតមកដល់បច្ចុប្បន្នបានចំនួន ១៩ ប្រភេទ។ ប្រភេទដែលគេស្គាល់នៅកម្ពុជាយើងច្រើនជាងគេរួមមានសមាជិកនៃសត្តវង្សដូចជា Orthomorpha, Thyropygus, Asiomorpha, Anoplodesmus។ នៅឆ្នាំ ២០២៥ អ្នកវិទ្យាសាស្ត្រក៏បានពិពណ៌នាអំពីប្រភេទថ្មីចំនួន ៣ ប្រភេទទៀតផងដែរ ក្នុងពូជ Orthomorpha ពីប្រទេសកម្ពុជា ដែលបង្ហាញថា ជីវចម្រុះរបស់សត្វម្រើមព្រះនៅកម្ពុជានៅតែមិនទាន់ត្រូវបានសិក្សាអោយបានពេញលេញនៅឡើយទេ។ ទោះជាយ៉ាងនេះ អ្នកស្រាវជ្រាវជឿថា ចំនួនពិតប្រាកដអាចមានច្រើនជាងនេះ ព្រោះតំបន់ព្រៃភ្នំ និងព្រៃនិវត្តន៍ជាច្រើននៅកម្ពុជា មិនទាន់ត្រូវបានសិក្សាលម្អិតនៅឡើយ ។

ពពួក​សត្វ​ម្រើមព្រះ​ចូលចិត្ត​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​សំណើម​ខ្ពស់​ដូច​ជា៖ ព្រៃ​និវត្តន៍​ដែល​មាន​សំណើម​ខ្ពស់ (ប្រភេទ​ព្រៃ​ស្ថិត​ក្នុង​តំបន់​ត្រូពិក ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​កម្រិត​សំណើម​ខ្យល់​ខ្ពស់​ជា​ប្រចាំ) , ព្រៃ​តំបន់​ភ្នំ , ព្រៃ​ឫស្សី , ក្រោម​ទី​ដែល​មាន​ស្លឹក​ឈើ​ជ្រុះ និង​ទី​ដែល​មាន​ឈើ​ពុក , ក្រោម​ថ្ម និង​ក្នុង​ដី​សើម។ ម្រើមព្រះ​ជា​សត្វ​រត្តិចរ (រាត្រីចរ) ពួក​វា​ច្រើន​ចេញ​សកម្មភាព​នៅ​ពេល​យប់ និង​ក្រោយ​ភ្លៀង​ធ្លាក់។

ម្រើមព្រះ​ជួយ​ក្នុង​ការ​បំបែក​សំណល់​ធម្មជាតិ និង​បញ្ជូន​សារធាតុ​ចិញ្ចឹម​ត្រឡប់​ទៅ​ខាង​ក្នុង​ដី​វិញ។ វា​ស៊ី​សំណល់​រុក្ខជាតិ (Dentritivore) ជា​អាហារ​ដូច​ជា៖ ស្លឹក​ឈើ​ជ្រុះ , ឈើ​ពុក , ផ្សិត , សារធាតុ​សរីរាង្គ​ដែល​កំពុង​រលួយ។

សត្វ​មួយ​ប្រភេទ​នេះ​មាន​របៀប​ការពារ​ខ្លួន​នៅ​ពេល​ដែល​មាន​គ្រោះ​ថ្នាក់​ដោយ​រមួល​ខ្លួន​ជា​រង្វង់​ដើម្បី​ការ​ពារ​ផ្នែក​ទន់​នៃ​រាង​កាយ​របស់​វា។ មួយ​ទៀត សត្វ​ម្រើមព្រះ​នឹង​បញ្ចេញ​សារធាតុ​រាវ​ដែល​មាន​ក្លិន​ខ្លាំង ឬ​សារធាតុ​គីមី​ការពារ​សត្រូវ ដែល​សារធាតុ​នេះ​អាច​បង្ក​ឱ្យ​ស្បែក​ឬ​ភ្នែក​រលាក បើ​សិន​ណា​មាន​ការ​ប៉ះពាល់​សត្វ​នេះ​ដោយ​ផ្ទាល់ ដូច្នេះ​គួរ​លាង​សម្អាត​ដៃ​ឱ្យ​បាន​ស្អាត​ក្រោយ​ប៉ះពាល់​វា។

ទោះបីជាសត្វម្រើមព្រះ ភាគច្រើនមិនស្ថិតក្នុងបញ្ជីក្រហមជិតផុតពូជក៏ដោយ ក៏ការកាប់បំផ្លាញព្រៃឈើ ការបាត់បង់ជម្រក និងការបំពុលបរិស្ថាន អាចប៉ះពាល់ដល់អត្រាចំនួនរបស់ពួកវាដែរ ។ ដូច្នេះហើយ ការអភិរក្សព្រៃធម្មជាតិ និងការស្រាវជ្រាវបន្ថែម គឺមានសារៈសំខាន់ណាស់ សម្រាប់ការយល់ដឹង និងការពារក្រុមសត្វនេះអោយបានល្អ និងទុកបន្តដល់កូនចៅជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់បន្ថែម៕

ប្រភព ៖ ជីវចម្រុះនៃប្រទេសកម្ពុជា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា