បណ្ដុះកូនឱ្យក្លាយជា “មនុស្សរឹងមាំ” មិនបោះបង់ចោលអ្វីងាយៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ដុះកូនឱ្យក្លាយជា “មនុស្សរឹងមាំ” មិនបោះបង់ចោលអ្វីងាយៗ

បណ្ដុះកូនឱ្យក្លាយជា “មនុស្សរឹងមាំ” មិនបោះបង់ចោលអ្វីងាយៗ


ក្នុងនាមជាឪពុកម្តាយ អ្នកតែងតែប្រាថ្នាចង់ការពារកូនៗពីការខកចិត្ត ការបរាជ័យ ឬបញ្ហាប្រឈមផ្សេងៗ។ ទោះបីជាវាមិនអាចទៅរួចទាំងស្រុងក៏ដោយ ប៉ុន្តែអ្វីដែលអ្នកអាច និងគួរតែធ្វើនោះ គឺការបង្រៀនកូនរបស់អ្នកឱ្យមានភាពរឹងមាំ មិនចុះញ៉មនឹងបញ្ហាងាយៗ។

កូនដែលមានភាពរឹងមាំ គឺជាមនុស្សដែលមានឆន្ទៈមុះមុត។ នៅពេលពួកគេជួបបញ្ហាពិបាក ពួកគេព្យាយាមដោះស្រាយវាជំនួសឱ្យការបោះបង់។ នៅពេលរឿងអាក្រក់កើតឡើង ពួកគេនឹងងើបឈរឡើងវិញយ៉ាងលឿន ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាថ្មីៗ។ នៅពេលពួកគេធ្វើខុស ពួកគេចេះរៀនសូត្រ និងអភិវឌ្ឍខ្លួនពីកំហុសនោះ។

ហេតុដូច្នេះហើយ ទើបការបណ្ដុះកូនឱ្យក្លាយជាមនុស្ស “រឹងមាំ” គឺជារឿងសំខាន់។ យោងតាមគេហទំព័រ Big Life Journal ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗទាំង ៥ ដើម្បីជួយអ្នកចិញ្ចឹមកូនឱ្យមានភាពរឹងមាំ៖
 
១. ក្លាយជាគំរូដ៏ល្អដល់កូន
កូនរបស់អ្នកតែងតែសង្កេត និងរៀនសូត្រពីរាល់សកម្មភាពរបស់អ្នក។ ដូច្នេះ ចូរបង្ហាញឥរិយាបថវិជ្ជមានទៅកាន់កូនៗ។ នៅពេលអ្នកធ្វើខុសចំពោះមុខកូន សូមទទួលស្គាល់កំហុសរបស់អ្នក និងពន្យល់ដល់កូនពីអ្វីដែលអ្នកបានរៀនសូត្រ និងវិធីសាស្ត្រដើម្បីជៀសវាង ឬកែលម្អនៅពេលក្រោយ។ សកម្មភាពនេះបង្រៀនកូនរបស់អ្នកឱ្យយល់ថា កំហុសមិនមែនជាបញ្ហាដែលគ្មានផ្លូវកែនោះទេ។ ផ្ទុយមកវិញ វាគឺជាឱកាសដើម្បីអភិវឌ្ឍខ្លួននៅថ្ងៃមុខ។
 
២. អនុញ្ញាតឱ្យកូនធ្វើខុស
ការអនុញ្ញាតឱ្យកូនធ្វើខុស គឺជាវិធីសាស្ត្រមួយជួយឱ្យពួកគេរឹងមាំឡើង។ ប្រសិនបើកូនមិនធ្លាប់ធ្វើខុសទេ ពួកគេក៏គ្មានថ្ងៃអាចរៀនសូត្រពីវិធីធ្វើឱ្យល្អជាងមុន ឬរៀនពីការសម្រេចចិត្តឱ្យបានល្អជាងមុននៅពេលអនាគតនោះទេ។ ការបរាជ័យជួយបង្រៀនកូនៗឱ្យចេះព្យាយាម និងដោះស្រាយបញ្ហាដែលគេជួបប្រទះ។
ដ្បិតការហាមឃាត់មិនឱ្យកូនធ្វើខុសនៅពេលនេះ អាចជួយកូនៗកុំឱ្យជួបរឿងខកចិត្តក៏ពិតមែន តែវាជាជំនួយរយៈពេលខ្លីប៉ុណ្ណោះ ខណៈនៅថ្ងៃអនាគតកូនរបស់អ្នកអាចនឹងជួបការលំបាកក្នុងការដោះស្រាយបញ្ហា។

៣. សរសើរកូនឱ្យបានត្រឹមត្រូវ
អ្នកស្រាវជ្រាវ Carol Dweck បានរកឃើញថា របៀបដែលអ្នកសរសើរកូនៗអាចប៉ះពាល់ដល់ផ្នត់គំនិត ក៏ដូចជាទំនោររបស់ពួកគេក្នុងការទទួលយកបញ្ហាប្រឈម និងការតស៊ូព្យាយាម។ ការសរសើរពីចំណុចពិសេសរបស់ពួកគេ (Person Praise) ដូចជាពាក្យថា “កូនឆ្លាតណាស់” ឬ “កូនពូកែណាស់” អាចបង្កើតឱ្យមាន ផ្នត់គំនិត Fixed Mindset។ ជាមួយនឹងផ្នត់គំនិតនេះ កូនៗជឿថាគុណសម្បត្តិដូចជា ភាពវៃឆ្លាត គឺជារឿងដែលមិនអាចប្រែប្រួល ឬអភិវឌ្ឍបានឡើយ។ ជាលទ្ធផល កូនៗអាចនឹងព្យាយាមគេចវេះពីឧបសគ្គលំបាកៗដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន។

សាកល្បងសរសើរកូនបែប Process Praise ដោយផ្តោតលើដំណើរការនៃការខិតខំរបស់កូនៗ ដូចជា “ម៉ាក់/ប៉ាដឹងថាកូនបានខិតខំខ្លាំងណាស់”។ ការសរសើរកូនតាមរបៀបនេះ អាចជួយឱ្យកូនៗបង្កើតបានជា ផ្នត់គំនិតលូតលាស់ ឬ Growth Mindset ដោយជឿជាក់ថាសមត្ថភាពរបស់ពួកគេនឹងរីកចម្រើនទៅមុខបាន តាមរយៈការខិតខំប្រឹងប្រែង និងការហ៊ានប្រឈមមុខនឹងបញ្ហា។
នៅពេលកូនដែលមានផ្នត់គំនិតលូតលាស់ ឬ Growth Mindset ធ្វើខុស ពួកគេនឹងព្យាយាមរកដំណោះស្រាយដើម្បីកែលម្អ។ ប៉ុន្តែនៅពេលកូនមានផ្នត់គំនិតបែប Fixed Mindset ធ្វើខុស ពួកគេងាយនឹងជឿថា ការបរាជ័យនេះគឺកើតឡើងដោយសារតែកត្តាផ្ទាល់ខ្លួនដែលមិនអាចកែប្រែបាន។
 
៤. បង្រៀនកូនឱ្យចេះគ្រប់គ្រងអារម្មណ៍
ការគ្រប់គ្រងអារម្មណ៍គឺជាគន្លឹះដ៏សំខាន់ដើម្បីធ្វើឱ្យកូនរបស់អ្នកមានផ្លូវចិត្តរឹងមាំ។ អ្នកអាចអនុវត្តតាមវិធីសាស្ត្រទាំងនេះ៖
·         ទទួលស្គាល់ថាគ្រប់អារម្មណ៍គឺជារឿងធម្មតា៖ បង្រៀនកូនថា អារម្មណ៍អវិជ្ជមានទាំងអស់គឺជារឿងធម្មតាទេ ប៉ុន្តែពួកគេត្រូវចេះស្គាល់ និងគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ។
·         កំណត់ព្រំដែននៃអាកប្បកិរិយា៖ ប្រសិនបើកូនខឹងហើយបង្ហាញអាកប្បកិរិយាមិនគប្បី ដូចជាការបោកបោះរបស់របរ ត្រូវពន្យល់ថាពួកគេមិនខុសទេដែលខឹង ប៉ុន្តែពួកគេខុសលើរបៀបដែលពួកគេបង្ហាញកំហឹង។
·         ការសន្ទនាមុនពេលចូលគេង៖ ចំណាយពេល ១០ នាទីមុនគេងដើម្បីស្តាប់ពីអារម្មណ៍ និងដោះស្រាយបញ្ហាដែលកូនបានជួបប្រទះក្នុងថ្ងៃនោះ។

៥. បង្រៀនកូនឱ្យចេះដោះស្រាយបញ្ហា
នៅពេលកូនជួបបញ្ហា កុំប្រញាប់រត់ទៅជួយដោះស្រាយជំនួសពួកគេភ្លាមៗ។ ចូរជួយណែនាំ និងផ្តល់យោបល់ឱ្យពួកគេចេះគិតរកដំណោះស្រាយ តាមរយៈការសាកល្បងធ្វើខុសធ្វើត្រូវដោយខ្លួនឯង។ ការអនុញ្ញាតឱ្យកូនប្រឈមមុខ និងដោះស្រាយបញ្ហាដោយផ្ទាល់ នឹងជួយឱ្យពួកគេក្លាយជាកូនដែលរឹងមាំ មិនខ្លាចញញើតនឹងការបរាជ័យ។
សូមចងចាំថា យើងមិនអាចតាមការពារកូនមិនឱ្យធ្វើខុស ឬបញ្ចៀសកូនពីការបរាជ័យពេញមួយជីវិតនោះទេ។ ប៉ុន្តែអ្វីដែលយើងអាចផ្ដល់ឱ្យកូនបាននោះ គឺ “ភាពរឹងមាំ” ដែលជាឧបករណ៍ដ៏មានតម្លៃបំផុត ដើម្បីឱ្យពួកគេអាចបោះជំហានទៅមុខដោយភាពជឿជាក់ក្នុងពិភពលោកដ៏ធំធេងមួយនេះ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា