ពេលខ្លះ “ព្រះអាទិត្យលិច” អាចនឹងកំពុងតែព្យាយាមប្រាប់រឿងអ្វីមួយមកកាន់អ្នក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពេលខ្លះ “ព្រះអាទិត្យលិច” អាចនឹងកំពុងតែព្យាយាមប្រាប់រឿងអ្វីមួយមកកាន់អ្នក

ពេលខ្លះ “ព្រះអាទិត្យលិច” អាចនឹងកំពុងតែព្យាយាមប្រាប់រឿងអ្វីមួយមកកាន់អ្នក

ព្រះអាទិត្យមិនដែលបាត់ពីមេឃភ្លាមៗនោះទេ។ រៀងរាល់ល្ងាច វាតែងតែបន្ថយពន្លឺបន្តិចម្តងៗ ប្រៀបដូចជាការទុកពេលវេលាដ៏ខ្លីមួយដើម្បីឱ្យពិភពលោកសម្របខ្លួនពីពេលថ្ងៃទៅពេលយប់។ តាមរយៈនេះ ប្រហែលជាធម្មជាតិក៏កំពុងតែព្យាយាមប្រាប់យើងដែរថា ការបញ្ចប់ថ្ងៃរបស់អ្នកទំនងជាត្រូវធ្វើឡើងដោយសន្សឹមៗដូចគ្នាដែរ។

សម្រាប់មនុស្សមួយចំនួន ចាប់តាំងពីបើកភ្នែករហូតដល់បិទភ្នែកត្រឡប់ទៅវិញ ជីវិតគឺពោរពេញទៅដោយភាពមមាញឹក។ បើទោះបីជាដល់ពេលសម្រាកទៅហើយ រាងកាយចេញផុតពីការងារទៅហើយ ក៏ប៉ុន្តែខួរក្បាលនៅតែបន្តបើកដំណើរការ មិនខុសពីម៉ាស៊ីនកុំព្យូទ័រដែលបានត្រឹមតែ Sleep តែមិនបាន Shut down។

មានពេលខ្លះ អ្នកអាចនឹងតបសារបណ្តើរញ៉ាំបាយបណ្តើរ ត្រូវឆ្លៀតពិនិត្យមើលការងារមុនពេលចូលងូតទឹក ឬក៏គេងបារម្ភពីការងាររហូតដល់លក់ទាំងមិនដឹងខ្លួន។ ពីមួយថ្ងៃទៅមួយថ្ងៃ រឿងនេះក៏ក្លាយជាទម្លាប់ ហើយយប់ខ្លះបើទោះបីហត់នឿយខ្លាំង ប៉ុន្តែអ្នកបែរជាមិនអាចសម្រាកបានពិតប្រាកដ។

ពេលវេលាដែលព្រះអាទិត្យចាប់ផ្តើមទម្លាក់ខ្លួនចុះនៅឯជើងមេឃ ក៏គួរតែជាពេលវេលាដែលអ្នកបន្ថយល្បឿនជីវិតអ្នកសន្សឹមៗដូចគ្នា។ មិនមែនគ្រប់កិច្ចការទាំងអស់សុទ្ធតែត្រូវបញ្ចប់នៅថ្ងៃនេះទេ ហើយអ្នកក៏មិនចាំបាច់បារម្ភថាថ្ងៃនេះធ្វើកិច្ចការនោះបានល្អគ្រប់គ្រាន់ហើយឬនៅដែរ ព្រោះថ្ងៃស្អែកនៅតែមានសម្រាប់អ្នក។ ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា “ថ្ងៃនេះបានចប់ហើយ” សម្រាប់ការងារដែលនៅសេសសល់ អ្នកអាចត្រឡប់មកបន្តបាននៅថ្ងៃស្អែកទៀត។

ការបញ្ចប់ថ្ងៃដ៏ល្អអាចចាប់ផ្តើមពីសកម្មភាពធម្មតាៗ និងសាមញ្ញ ដូចជា ការរៀបចំតុធ្វើការឱ្យមានរបៀប បិទការជូនដំណឹង ផ្លាស់ប្តូរខោអាវដែលពាក់ទៅស្រួលខ្លួន ញ៉ាំអាហារដែលខ្លួនឯងចូលចិត្ត ឬឆ្លៀតដើរស្រូបយកខ្យល់អាកាសពេលល្ងាច។

ដ្បិតជាសកម្មភាពធម្មតាៗក៏ពិតមែន តែវាអាចជាសញ្ញាដែលប្រាប់មកអ្នកថា ពេលវេលាដែលអ្នកត្រូវប្រឈមមុខនឹងពិភពខាងក្រៅបានបញ្ចប់ហើយ ហើយគួរតែជាពេលវេលាដែលអ្នកត្រឡប់មកផ្តោតលើខ្លួនឯងវិញ។

នៅពេលមើលថ្ងៃលិច យើងអាចមើលឃើញនូវភាពស្រស់ស្អាតរបស់វាបាន ដោយសារតែវាដឹងថា ពេលវេលានេះអស់តួនាទីហើយ ដល់ពេលដែលវាត្រូវបន្ថយថាមពល និងសម្រាកហើយ។ ដូចនឹងមនុស្សយើងដែរ ពេលខ្លះជីវិតរបស់យើងមិនចាំបាច់ត្រូវខំប្រឹងគ្រប់ពេលនោះទេ ប៉ុន្តែគួរស្គាល់ និងឱ្យតម្លៃពេលវេលាដែលខ្លួនត្រូវសម្រាក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា