កាត់បន្ថយ Multitasking រួចបែរមកពិចារណា Focusmaxxing ដើម្បីប្រសិទ្ធភាពការងារប្រសើរជាងមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាត់បន្ថយ Multitasking រួចបែរមកពិចារណា Focusmaxxing ដើម្បីប្រសិទ្ធភាពការងារប្រសើរជាងមុន

កាត់បន្ថយ Multitasking រួចបែរមកពិចារណា Focusmaxxing ដើម្បីប្រសិទ្ធភាពការងារប្រសើរជាងមុន

ពាក្យថា Multitasking ឬការធ្វើកិច្ចការច្រើនមុខក្នុងពេលតែមួយ ជាញឹកញយមិនមែនមានន័យថា ខួរក្បាលអ្នកកំពុងតែបំពេញការងារច្រើនព្រមៗគ្នានោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ទៅកាន់ការងារជាច្រើនក្នុងពេលដ៏ខ្លី។

ប្រាកដណាស់ នៅពេលផ្លាស់ប្ដូរចំណាប់អារម្មណ៍ ខួរក្បាលនឹងត្រូវការថាមពលដើម្បីផ្ដាច់ខ្លួនចេញពីការងារចាស់ មុននឹងអាចផ្ដោតលើការងារថ្មីបាន។ ហេតុដូច្នេះហើយ បើការផ្លាស់ប្ដូរចំណាប់អារម្មណ៍នេះកើតមានកាន់តែញឹកញាប់ អ្នកក៏កាន់តែហត់នឿយជាងមុន ខណៈប្រសិទ្ធភាពក្នុងការបំពេញការងារអាចនឹងថយចុះទៀតផង។

ការស្រាវជ្រាវពាក់ព័ន្ធនឹងការជូនដំណឹងលើទូរស័ព្ទដៃបានរកឃើញថា ត្រឹមតែសំឡេង ឬរំញ័រពីទូរស័ព្ទ ក៏អាចធ្វើឱ្យអ្នកបែកអារម្មណ៍ពីការងារដែលកំពុងធ្វើបានដែរ បើទោះបីជាអ្នកមិនបានចាប់យកទូរស័ព្ទមកមើលក៏ដោយ។ ការស្រាវជ្រាវរបស់ Sarah Ohly និងក្រុមការងារ ដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី Journal of Occupational Health Psychology បានរកឃើញថា ការកាត់បន្ថយការរំខានពីការជូនដំណឹង ផ្ដល់ផលប្រយោជន៍ទាំងលើប្រសិទ្ធភាពក្នុងការងារ និងការកាត់បន្ថយភាពតានតឹង។

ហេតុនេះហើយទើប Focusmaxxing គឺជារឿងមួយដែលគួរពិចារណា។ ការចាប់ផ្ដើមធ្វើ Focusmaxxing មិនមែនជាការដែលអ្នកត្រូវបង្ខំខ្លួនឯងឱ្យផ្ដោតអារម្មណ៍ឱ្យបានយូរជាងមុននោះទេ ប៉ុន្តែវាអាចចាប់ផ្ដើមពីការធ្វើឱ្យខួរក្បាលត្រូវដោះស្រាយជាមួយនឹងរឿងតិចជាងមុនក្នុងពេលតែមួយ ដូចជា បិទការជូនដំណឹងដែលមិនចាំបាច់ ដាក់ទូរស័ព្ទឱ្យឆ្ងាយពីដៃ ឬកំណត់រយៈពេលជាក់លាក់ដើម្បីធ្វើការងារតែមួយមុខគត់ រួចសម្រាកបន្តិចមុននឹងចាប់ផ្ដើមការងារថ្មី។

ទន្ទឹមគ្នានេះ ការចេះទាញអារម្មណ៍ឱ្យអាចមកផ្ដោតលើការងារវិញ នៅពេលដែលអ្នកបែកអារម្មណ៍ ក៏ជារឿងសំខាន់ដែរ។ នៅពេលបំពេញការងារខ្លះ វាជារឿងលំបាកក្នុងការផ្ដោតអារម្មណ៍លើរឿងណាមួយឱ្យជាប់ ក៏ប៉ុន្តែការបែកអារម្មណ៍ក៏មិនមែនជាបញ្ហាដែលអ្នកត្រូវបន្ទោសខ្លួនឯងដែរ។ នៅពេលដែលអ្នកដឹងខ្លួនថាកំពុងបែកអារម្មណ៍ សូមព្យាយាមទាញខ្លួនឯងឱ្យដឹងខ្លួនឡើងវិញពីបរិយាកាសនៅជុំវិញខ្លួន និងផ្ដោតជាថ្មីលើការងារដែលនៅនឹងមុខ។

ការស្រាវជ្រាវរបស់ Catherine Norris បានណែនាំថា ការហ្វឹកហាត់ធ្វើសមាធិខ្លីៗ ក៏ជាដំណាក់កាលដំបូងដែលអាចជួយឱ្យអ្នកផ្ដោតអារម្មណ៍បានល្អជាងមុនដែរ។ ក៏ប៉ុន្តែ លទ្ធផលអាចមានភាពខុសគ្នាទៅតាមបុគ្គលម្នាក់ៗ។

ចំណុចដែលគួរកត់សម្គាល់មួយទៀតនៃ Focusmaxxing គឺត្រង់ពាក្យថា Maxxing ដែលមានន័យថា អតិបរមា។ ត្រង់នេះមិនមែនមានន័យថា អ្នកត្រូវតែផ្ដោតអារម្មណ៍លើអ្វីមួយឱ្យបានច្រើនបំផុត ឬយូរបំផុតគ្រប់ពេលនោះទេ ប៉ុន្តែត្រូវមានតុល្យភាពក្នុងការរស់នៅដូចគ្នា។

Focusmaxxing ដែលល្អ គឺជាការដែលអ្នកធ្វើឱ្យខ្លួនឯងអាចផ្ដោតអារម្មណ៍លើការងារ និងផ្ដាច់ខ្លួនចេញពីអ្វីដែលមិនចាំបាច់ សម្រាកឱ្យបានគ្រប់គ្រាន់ ដឹងថាពេលណាគួរធ្វើការ និងពេលណាត្រូវសម្រាក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា