រវាង «សាប៊ូម្សៅ» និង «សាប៊ូទឹកបោកខោអាវ» ខុសគ្នាបែបណា? មួយណាល្អសម្រាប់ម៉ាស៊ីនបោកខោអាវជាង? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រវាង «សាប៊ូម្សៅ» និង «សាប៊ូទឹកបោកខោអាវ» ខុសគ្នាបែបណា? មួយណាល្អសម្រាប់ម៉ាស៊ីនបោកខោអាវជាង?

រវាង «សាប៊ូម្សៅ» និង «សាប៊ូទឹកបោកខោអាវ» ខុសគ្នាបែបណា? មួយណាល្អសម្រាប់ម៉ាស៊ីនបោកខោអាវជាង?

ការបោកសម្លៀកបំពាក់អាចមើលទៅដូចជារឿងធម្មតាក្នុងជីវិតប្រចាំថ្ងៃ ប៉ុន្តែតើអ្នកជឿទេថា ការជ្រើសរើស «ផលិតផល» ឱ្យចំតម្រូវការគឺមានសារៈសំខាន់ជាងអ្វីដែលអ្នកគិតទៅទៀត? មនុស្សជាច្រើនតែងស្រពេចស្រពិលថា តើគួររើសយកម្សៅសាប៊ូ ឬសាប៊ូទឹកបោកខោអាវល្អ? ថ្ងៃនេះ AMS នឹងនាំគ្រប់គ្នាមកស្វែងយល់ឱ្យស៊ីជម្រៅអំពីភាពខុសគ្នានេះ ដើម្បីឱ្យសម្លៀកបំពាក់ប្រចាំរបស់អ្នកស្អាតឥតខ្ចោះ ថែមទាំងជួយពន្យារអាយុកាលប្រើប្រាស់ម៉ាស៊ីនបោកគក់របស់អ្នកបានយូរអង្វែងទៀតផង។

Advertisement

សារធាតុផ្សំបន្ថែម៖ ដើមហេតុនៃភាពខុសគ្នា

ចំណុចចាប់ផ្តើមដែលធ្វើឱ្យផលិតផលទាំងពីរនេះខុសគ្នា គឺស្ថិតនៅលើ «សារធាតុផ្សំបន្ថែម»។ ម្សៅសាប៊ូភាគច្រើនប្រើប្រាស់សារធាតុសូដ្យូមស៊ុលហ្វាត (Sodium sulfate) ដើម្បីការពារកុំឱ្យម្សៅសាប៊ូកកដុំ ប៉ុន្តែនៅក្នុងសាប៊ូទឹកវិញ គឺប្រើប្រាស់ «ទឹក» ជាសមាសធាតុចម្បង។ ហេតុផលនេះហើយដែលធ្វើឱ្យ សាប៊ូទឹកអាចរលាយក្នុងទឹកបានល្អជាងឆ្ងាយមិនថាជាទឹកសីតុណ្ហភាពធម្មតា ឬទឹកត្រជាក់នោះទេ ធ្វើឱ្យអស់ក្តីបារម្ភរឿងកំណកម្សៅសាប៊ូធ្លាក់ទៅជាប់តាមសរសៃក្រណាត់ ឬតាមគែមជ័រកៅស៊ូរបស់ម៉ាស៊ីនបោកខោអាវ ដែលជាមូលហេតុចម្បងធ្វើឱ្យម៉ាស៊ីនឆាប់ខូចគុណភាពលឿនជាង។

នៅពេល «តម្លៃ» ដើរផ្ទុយពី «ភាពងាយស្រួល»

ប្រសិនបើផ្តោតលើភាពសន្សំសំចៃនៃថវិកា ម្សៅសាប៊ូ នៅតែជាអ្នកឈ្នះជាមួយនឹងតម្លៃដែលធូរថ្លៃជាង។ ប៉ុន្តែបើផ្ទុយទៅវិញ បើសួររក «ភាពងាយស្រួល» គឺត្រូវលើកពានឱ្យ សាប៊ូទឹក ព្រោះទម្រង់ជាវត្ថុរាវគឺងាយស្រួលប្រើប្រាស់ អាចចាក់ចូលម៉ាស៊ីនបានភ្លាមៗ មិនកំពប់ប្រឡាក់ប្រឡូក ហើយថែមទាំងមានប្រៀបជាងក្នុងការប្រើប្រាស់ ដោយសារយើងអាចបន្តក់សាប៊ូទឹកទៅលើ «ស្នាមប្រឡាក់» ដោយផ្ទាល់ដើម្បីកម្ចាត់ស្នាមតាមចំណុចនីមួយៗ មុននឹងយកទៅបោកគក់ពិតប្រាកដ ដែលវាផ្តល់លទ្ធផលស្អាតជម្រះបានល្អជាងការយកម្សៅសាប៊ូទៅដុសត្រង់ចំណុចប្រឡាក់ខ្លាំងណាស់។

ប្រសិទ្ធភាពក្នុងការកម្ចាត់ស្នាមប្រឡាក់៖ តើមួយណាលេខមួយ?

នៅក្នុងទិដ្ឋភាពនៃការចាត់ការស្នាមប្រឡាក់ ជាពិសេស «ស្នាមខ្លាញ់ ឬស្នាមប្រេង» ដែលពិបាកបោកជម្រះ សាប៊ូទឹកមានសារធាតុផ្សំដែលអាចធ្វើការសម្អាតបានស៊ីជម្រៅជាងម្សៅសាប៊ូទូទៅ។ ក្នុងពេលជាមួយគ្នាដែរ ម្សៅសាប៊ូអាចមានប្រៀបជាងក្នុងរឿងសារធាតុខាត់ពណ៌សដែលជួយឱ្យខោអាវពណ៌មើលទៅស្រស់ឆើតឆាយឡើងវិញ ប៉ុន្តែវាក៏ត្រូវដោះដូរមកវិញជាមួយហានិភ័យរឿងការរលាយពិបាក ជាពិសេសគឺនៅក្នុងម៉ាស៊ីនបោកខោអាវប្រភេទទ្វារខាងមុខ។

អ្វីដែលគួរដឹងអំពីការរក្សាទុក

មនុស្សជាច្រើនប្រហែលជាធ្លាប់ជួបប្រទះបញ្ហាម្សៅសាប៊ូកកជាដុំរឹងៗនៅពេលត្រូវសំណើម ដែលវានឹងធ្វើឱ្យប្រសិទ្ធភាពក្នុងការបោកគក់ធ្លាក់ចុះយ៉ាងច្បាស់ក្រឡែត។ ផ្ទុយទៅវិញ សាប៊ូទឹកអាចរក្សាទុកបានយូរជាង និងរក្សាគុណភាពបានល្អជាង ដរាបណាយើងមិនដាក់វាទុកចោលនៅកន្លែងដែលក្តៅខ្លាំង។

យ៉ាងណាក៏ដោយ ចំណុចសំខាន់បំផុតដែលត្រូវចងចាំគឺ «ការជ្រើសរើសប្រើប្រាស់ឱ្យត្រូវនឹងប្រភេទម៉ាស៊ីនបោកខោអាវ» ព្រោះវាជាកូនសោដ៏សំខាន់បំផុតក្នុងការថែរក្សាទាំងសម្លៀកបំពាក់ និងម៉ាស៊ីនឱ្យអាចប្រើប្រាស់បានយូរអង្វែងបំផុត ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា