មកដឹងរឿងគួរ និងមិនគួរធ្វើ ពេលឆ្លើយសំណួរសម្ភាសន៍ការងារទាំង ១០ នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មកដឹងរឿងគួរ និងមិនគួរធ្វើ ពេលឆ្លើយសំណួរសម្ភាសន៍ការងារទាំង ១០ នេះ

មកដឹងរឿងគួរ និងមិនគួរធ្វើ ពេលឆ្លើយសំណួរសម្ភាសន៍ការងារទាំង ១០ នេះ

ការសម្ភាសន៍ គឺជាវគ្គមួយដ៏សំខាន់ក្នុងដំណើរការដាក់ពាក្យធ្វើការ ដែលមនុស្សជាច្រើនតែងភ័យរហូតធ្វើមិនបានល្អនៅក្នុងវគ្គនេះ។ សំណួរខ្លះមើលទៅហាក់ដូចជាងាយស្រួល ប៉ុន្តែបែរជាធ្វើឱ្យមនុស្សជាច្រើនបានបាត់បង់ភាពជឿជាក់លើខ្លួនឯងដោយមិនដឹងខ្លួន។

Advertisement

តាមពិតទៅ ការសម្ភាសន៍ការងារមិនមែនជាការវាស់វែងលើសមត្ថភាពតែមួយនោះទេ ប៉ុន្តែគឺជាពេលវេលាដែលក្រុមហ៊ុនសង្កេតមើលពីឥរិយាបថ ផ្នត់គំនិត បុគ្គលិកលក្ខណៈ និងការប្រាស្រ័យទាក់ទងរបស់អ្នកផងដែរ។ ដូច្នេះ ការត្រៀមខ្លួនទុកជាមុនគឺជារឿងសំខាន់ ព្រោះការដែលបានហាត់សមញឹកញាប់ នឹងជួយឱ្យអ្នកអាចធ្វើបានល្អនៅថ្ងៃសម្ភាសន៍ជាក់ស្ដែង។

ខាងក្រោមនេះ គឺជារឿងដែលអ្នកគួរ និងមិនគួរធ្វើ នៅពេលជួបជាមួយនឹងសំណួរសម្ភាសន៍ការងារដ៏ពេញនិយមទាំង ១០ នេះ ដែលជួយឱ្យអ្នកអាចឆ្លើយបានល្អ មានលក្ខណៈវិជ្ជាជីវៈ៖

សំណួរទី ១៖ សូមជួយរៀបរាប់អំពីខ្លួនអ្នក។

ការសម្ភាសន៍ជាទូទៅនឹងចាប់ផ្ដើមជាមួយនឹងសំណួរមួយនេះ ក៏ប៉ុន្តែមនុស្សមួយចំនួនបានឆ្លើយសំណួរនេះខុស ដោយរៀបរាប់ពីខ្លួនឯងវែងពេក។

អ្វីដែលគួរធ្វើ៖ រៀបរាប់ដោយខ្លី ខ្លឹម ចន្លោះ ២-៣ នាទី ដោយផ្តោតលើបទពិសោធន៍ សមត្ថភាព និងចំណុចលេចធ្លោដែលពាក់ព័ន្ធនឹងតំណែងការងារនោះ។

អ្វីដែលមិនគួរធ្វើ៖ រៀបរាប់ច្រើនពេក ប៉ុន្តែគ្មានចំណុចលេចធ្លោ ឬគ្មានចំណុចគួរឱ្យចាប់អារម្មណ៍។

សំណួរទី ២៖ ហេតុអ្វីបានជាអ្នកគិតថាខ្លួនអ្នកស័ក្តិសមនឹងតំណែងនេះ?

នេះគឺជាឱកាសមាសក្នុងការ “លក់ខ្លួនឯង” ឬបង្ហាញសមត្ថភាពរបស់អ្នក។

អ្វីដែលគួរធ្វើ៖ និយាយពីបទពិសោធន៍ ជំនាញ ឬសកម្មភាពនានាដែលជាអំណះអំណាងថា អ្នកពិតជាស័ក្តិសមនឹងតំណែងនេះ ព្រមទាំងពន្យល់ថា តើចំណុចខ្លាំងរបស់អ្នកអាចជួយស្ថាប័ន ឬក្រុមហ៊ុនបានយ៉ាងដូចម្តេច។

អ្វីដែលមិនគួរធ្វើ៖ ឆ្លើយខ្លីៗដោយគ្មានហេតុផលសមរម្យ នាំឱ្យអ្នកសម្ភាសន៍មិនបានឃើញពីសក្ដានុពលរបស់អ្នក។

សំណួរទី ៣៖ តើអ្នកយល់ដឹងពីតំណែងនេះយ៉ាងដូចម្តេចខ្លះ?

សំណួរនេះគឺដើម្បីវាស់វែងថា តើអ្នកបានស្រាវជ្រាវពីការងារនេះពីមុនមកដែរឬទេ?

អ្វីដែលគួរធ្វើ៖ សិក្សាព័ត៌មានលម្អិតពីតួនាទីរបស់ការងារតាមរយៈសេចក្ដីប្រកាសជ្រើសរើស បណ្ដាញគេហទំព័ររបស់ក្រុមហ៊ុន ឬព័ត៌មានផ្សេងៗឱ្យបានច្បាស់លាស់មុនពេលមកសម្ភាសន៍។

អ្វីដែលមិនគួរធ្វើ៖ ឆ្លើយព្រាវៗ ព្រោះវានឹងធ្វើឱ្យអ្នកមើលទៅដូចជាមិនបានយកចិត្តទុកដាក់នឹងការងារនេះ។

សំណួរទី ៤៖ តើអ្នកស្គាល់ក្រុមហ៊ុនរបស់យើងកម្រិតណាដែរ?

នេះជាសំណួរមួយទៀត ដែលអ្នកដាក់ពាក្យសុំធ្វើការមិនគួរមើលរំលងដាច់ខាត។

អ្វីដែលគួរធ្វើ៖ សិក្សាព័ត៌មានរបស់ក្រុមហ៊ុន ដូចជា ប្រភេទអាជីវកម្ម អតិថិជន ផលិតផល ឬវប្បធម៌របស់ស្ថាប័ន ដើម្បីបង្ហាញពីការតាំងចិត្ត និងការយកចិត្តទុកដាក់របស់អ្នក។

អ្វីដែលមិនគួរធ្វើ៖ ឆ្លើយដោយភាពជឿជាក់លើសលប់ពេក ឬនិយាយរិះគន់ក្រុមហ៊ុន។

សំណួរទី ៥៖ តើគោលដៅការងាររបស់អ្នកនាពេលអនាគតគឺជាអ្វី?

សំណួរនេះជួយឱ្យក្រុមហ៊ុនមើលឃើញពីទស្សនៈ និងការរៀបចំផែនការជីវិតរបស់អ្នក។

អ្វីដែលគួរធ្វើ៖ ឆ្លើយពីគោលដៅពាក់ព័ន្ធនឹងការងារដែលអ្នកកំពុងដាក់ពាក្យនោះ ព្រមទាំងពន្យល់ថា តើអ្នកនឹងអភិវឌ្ឍខ្លួនឯងយ៉ាងដូចម្តេចដើម្បីឈានទៅដល់ចំណុចនោះ។

អ្វីដែលមិនគួរធ្វើ៖ ឆ្លើយគោលដៅដែលមិនពាក់ព័ន្ធនឹងការងារទាល់តែសោះ ដូចជា ចង់ឈប់ធ្វើការដើម្បីទៅបើកអាជីវកម្មផ្ទាល់ខ្លួនក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខជាដើម។

សំណួរទី ៦៖ ប្រសិនបើទទួលបានការងារនេះ តើអ្នកនឹងធ្វើការក្នុងរយៈពេលប៉ុន្មាន?  

ក្រុមហ៊ុនសួរសំណួរនេះ ព្រោះចង់ដឹងថា តើអ្នកត្រៀមខ្លួនរួចរាល់ក្នុងការរីកចម្រើនទៅមុខជាមួយក្រុមហ៊ុនដែរឬទេ?

អ្វីដែលគួរធ្វើ៖ ឆ្លើយផ្ដោតសំខាន់លើការតាំងចិត្តក្នុងការអភិវឌ្ឍខ្លួនឯងជាមួយនឹងស្ថាប័នក្នុងរយៈពេលវែង។

អ្វីដែលមិនគួរធ្វើ៖ និយាយពីផែនការចង់លាឈប់ ឬផែនការចង់បន្តការសិក្សានៅពេលឆាប់ៗខាងមុខ។

សំណួរទី ៧៖ តើអ្វីជាចំណុចខ្សោយរបស់អ្នក?

នេះជា សំណួរល្បងប្រាជ្ញាដែលមនុស្សជាច្រើនងាយនឹងឆ្លើយខុសបំផុត។

អ្វីដែលគួរធ្វើ៖ ជ្រើសរើសចំណុចខ្សោយពិតប្រាកដណាមួយដែលអ្នកព្យាយាម “កែលម្អ” ហើយប្រាប់ពីវិធីសាស្ត្រដែលអ្នកធ្វើដើម្បីកែប្រែចំណុចខ្សោយនោះឱ្យប្រសើរជាងមុន។

អ្វីដែលមិនគួរធ្វើ៖ ជៀសវាងការលើកយកចំណុចខ្លាំងរបស់ខ្លួន មកធ្វើជាចំណុចខ្សោយ ដូចជា “ខ្ញុំជាមនុស្សដែលព្យាយាមធ្វើការខ្លាំងពេក” ជាដើម។

សំណួរទី ៨៖ ហេតុអ្វីបានជាអ្នកលាឈប់ពីការងារចាស់?

សំណួរនេះ ជាសំណួរដែលអ្នកត្រូវតែឆ្លើយតបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត។

អ្វីដែលគួរធ្វើ៖ ឆ្លើយការពិតដោយសង្ខេប បន្ថែមដោយការបង្ហាញពីគោលបំណងក្នុងការអភិវឌ្ឍខ្លួន ដូចជា ចង់រីកចម្រើន ឬស្វែងរកឱកាសថ្មីៗជាដើម។

អ្វីដែលមិនគួរធ្វើ៖ និយាយរិះគន់ក្រុមហ៊ុនចាស់ ថ្នាក់លើ និងមិត្តរួមការងារក្នុងន័យអវិជ្ជមាន។

សំណួរទី ៩៖ តើអ្នកចូលចិត្ត និងមិនចូលចិត្តចំណុចណានៅក្នុងការងារចាស់?

នេះជាសំណួរដែលឆ្លុះបញ្ចាំងពីទស្សនៈនៃការធ្វើការងាររបស់អ្នក។

អ្វីដែលគួរធ្វើ៖ និយាយពីអ្វីដែលអ្នកចូលចិត្តឱ្យបានច្រើន ហើយពន្យល់ពីហេតុផលដោយភាពវិជ្ជមាន។

អ្វីដែលមិនគួរធ្វើ៖ និយាយពីរឿងរ៉ាវរកាំរកូសនៃក្រុមការងារនៅកន្លែងការងារចាស់ ឬនិយាយអាក្រក់ពីកន្លែងចាស់ច្រើនពេក។

សំណួរទី ១០៖ តើអ្វីជាភាពជោគជ័យដែលអ្នកមានមោទកភាពបំផុត?

នេះជាឱកាសក្នុងការបង្ហាញសក្ដានុពលរបស់ខ្លួនអ្នក។

អ្វីដែលគួរធ្វើ៖ រៀបរាប់ពីភាពជោគជ័យដែលអាចវាស់វែងជាលទ្ធផលពិតប្រាកដបាន ព្រមទាំងពន្យល់ពីរបៀបគិត ការដោះស្រាយបញ្ហា និងលទ្ធផលដែលទទួលបាន។

អ្វីដែលមិនគួរធ្វើ៖ និយាយបំផ្លើសហួសពីការពិត ព្រោះអ្នកសម្ភាសន៍ដែលមានបទពិសោធន៍ខ្ពស់ តែងតែមានវិធីសង្កេតដឹងថា អ្នកនិយាយពិត ឬនិយាយមិនពិត៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា