៤ វិធី កសាងមន្តស្នេហ៍បែបស្ងប់ស្ងាត់ តែអាចទាក់ទាញចិត្តអ្នកដទៃបានពិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៤ វិធី កសាងមន្តស្នេហ៍បែបស្ងប់ស្ងាត់ តែអាចទាក់ទាញចិត្តអ្នកដទៃបានពិត

៤ វិធី កសាងមន្តស្នេហ៍បែបស្ងប់ស្ងាត់ តែអាចទាក់ទាញចិត្តអ្នកដទៃបានពិត

ការមានមន្តស្នេហ៍ទាក់ទាញ មិនចាំបាច់ទាមទារឱ្យអ្នកត្រូវតែជាចំណុចចាប់អារម្មណ៍ ឬជាចំណុចលេចធ្លោរបស់មនុស្សគ្រប់គ្នានោះឡើយ។ នៅក្នុងចិត្តវិទ្យា Silent Charisma ឬ មន្តស្នេហ៍បែបស្ងប់ស្ងាត់ គឺជាថាមពលទាក់ទាញដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំ និងអាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនបានយ៉ាងមានឥទ្ធិពល។

Advertisement

ខាងក្រោមនេះ គឺជាសកម្មភាពចំនួន ៤ ដែលអ្នកអាចសាកល្បងយកទៅហ្វឹកហាត់ ដើម្បីបង្កើតមន្តស្នេហ៍បែបស្ងប់ស្ងាត់ តែអាចទាក់ទាញចិត្តពីមនុស្សជុំវិញខ្លួនបានយ៉ាងមានប្រសិទ្ធភាព៖

១. មានចង្វាក់ក្នុងការនិយាយ

កិច្ចសន្ទនា គឺជាវិធីសាស្ត្រមួយដែលអាចធ្វើឱ្យមនុស្សបង្ហាញមន្តស្នេហ៍បានយ៉ាងច្បាស់។ ការមិនប្រញាប់ប្រញាល់ឆ្លើយតប និងការមានចង្វាក់​ ឈប់គិតមុនពេលនិយាយត្រឹម ២-៣ វិនាទី មិនត្រឹមតែជួយឱ្យពាក្យសម្តីស្តាប់ទៅមានទម្ងន់ និងឆ្លងកាត់ការត្រិះរិះពិចារណាយ៉ាងល្អនោះទេ ប៉ុន្តែសកម្មភាពនេះថែមទាំងអាចធ្វើឱ្យដៃគូសន្ទនាមើលឃើញថា អ្នកជាមនុស្សមានចិត្តស្ងប់ និងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានយ៉ាងត្រជាក់ចិត្ត។

២. ស្តាប់ដោយយកចិត្តទុកដាក់

ការស្តាប់ដោយយកចិត្តទុកដាក់ គឺជាមន្តស្នេហ៍មួយដែលអាចទាក់ទាញទំនុកចិត្តពីអ្នកដទៃបានយ៉ាងល្អ។ ការស្តាប់ដោយសម្លឹងមើលភ្នែកក្នុងកម្រិតសមល្មម ដោយមិនព្យាយាមគេចក្រសែភ្នែកពេក ឬសម្លឹងចំពេករហូតបង្កភាពទើសទាល់ អមជាមួយនឹងការឆ្លើយតបប្រកបដោយភាពសមរម្យ ជាវិធីសាស្ត្របង្ហាញថា អ្នកកំពុងយល់ច្បាស់ពីអ្វីដែលភាគីម្ខាងទៀតកំពុងនិយាយ និងជួយឱ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព។ ការធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់ នឹងជួយឱ្យមនុស្សជុំវិញខ្លួនសន្សឹមៗបើកចិត្ត និងមានអារម្មណ៍ស្រណុកចិត្តរាល់ពេលនៅក្បែរអ្នក។

Businesswoman working with female colleagues inside the office

៣. ស្គាល់កាលៈទេសៈ

សមត្ថភាពក្នុងការសម្របខ្លួនទៅតាមស្ថានភាពផ្សេងៗគ្នា មិនថាជាការនិយាយស្តី ការរៀបចំខ្លួន និងការផ្តល់កិត្តិយសដល់មនុស្ស ទីកន្លែង ក៏ដូចជាកាលៈទេសៈ គឺជាមន្តស្នេហ៍ដ៏សំខាន់មួយដែលមនុស្សម្នាក់ៗមិនអាចខ្វះបាន។ នៅពេលដែលអ្នកដឹងពីតួនាទី និងកម្រិតនៃភាពសមរម្យក្នុងកាលៈទេសៈខុសៗគ្នា វានឹងជួយបង្កើតទំនុកចិត្តពីអ្នកដទៃ និងធ្វើឱ្យអ្នកមើលទៅមានភាពថ្លៃថ្នូរនៅក្នុងក្រសែភ្នែកមនុស្សជុំវិញខ្លួន។

៤. គោរពព្រំដែនរបស់ខ្លួនឯង និងអ្នកដទៃ

មនុស្សដែលមានមន្តស្នេហ៍ពិតប្រាកដ គឺជាមនុស្សដែលស្គាល់ពីព្រំដែនរបស់ខ្លួនឯង និងអ្នកដទៃជានិច្ច។ ការហ៊ានបដិសេធអ្វីដែលហួសពីព្រំដែនកំណត់ ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួនឯង បូករួមនឹងការមិនលូកដៃចូលរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ គឺជាការឆ្លុះបញ្ចាំងពីការស្គាល់តម្លៃរបស់ខ្លួនឯង និងការគោរពដល់អ្នកដទៃ។ ការគោរពព្រំដែននេះឯង នឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍កក់ក្តៅ ផ្តល់ការគោរពត្រឡប់មកវិញ និងរីករាយក្នុងការរាប់អានអ្នក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា