៥ ប្រយោគខ្លីៗ បង្កប់អត្ថន័យពិសេស បន្ថែមជាតិស្ករឱ្យទំនាក់ទំនងស្នេហា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៥ ប្រយោគខ្លីៗ បង្កប់អត្ថន័យពិសេស បន្ថែមជាតិស្ករឱ្យទំនាក់ទំនងស្នេហា

៥ ប្រយោគខ្លីៗ បង្កប់អត្ថន័យពិសេស បន្ថែមជាតិស្ករឱ្យទំនាក់ទំនងស្នេហា

ស្នេហា ទោះស្រឡាញ់គ្នាប៉ុណ្ណា​​ យូរយ៉ាងណា ក៏នៅតែត្រូវការការយកចិត្តទុកដាក់ដើម្បីអាចឱ្យស្នេហានោះបន្តទៅមុខទៀតពេញដោយគុណភាព។ នៅក្នុងគ្រាដែលមនុស្សម្នាក់ៗកំពុងមមាញឹក ដ្បិតខំប្រឹងដើម្បីមនុស្សដែលខ្លួនស្រឡាញ់ក្ដី មនុស្សមួយចំនួនបែរជាភ្លេចថា ការនិយាយលើកទឹកចិត្ត ឬបង្ហាញក្ដីស្រឡាញ់តាមពាក្យសម្ដីគឺជារឿងមួយដែលមិនអាចរំលងបាន។

Advertisement

ដូច្នេះ ការប្រើសម្ដីផ្អែមល្ហែមចេញពីចិត្តក្នុងពេលវេលាត្រឹមត្រូវ គឺជា “អាវុធសម្ងាត់” ដែលជួយឱ្យទំនាក់ទំនងអ្នកកាន់តែស៊ីជម្រៅ។

“ហត់ទេ? ថ្ងៃនេះអូន/បងធ្វើបានល្អណាស់!”

នៅពេលដែលដៃគូត្រូវប្រឈមមុខនឹងសម្ពាធពីពិភពខាងក្រៅ ឬការងារ ដ្បិតប្រយោគនេះស្ដាប់ទៅសាមញ្ញ តែវាប្រៀបដូចជាភេសជ្ជៈប៉ូវកម្លាំងមួយ ដែលជួយធ្វើឱ្យដៃគូរបស់អ្នកអាចធូរស្រាលពីភាពហត់នឿយបាន។ ប្រយោគនេះបានធ្វើឱ្យដៃគូរបស់អ្នកបានដឹងថា អ្នកបានដឹងពីការខិតខំប្រឹងប្រែងរបស់ដៃគូដោយមិនចាំបាច់ពន្យល់ និងអាចធ្វើឱ្យដៃគូមានអារម្មណ៍ថា អ្នកគឺជា «តំបន់សុវត្ថិភាព»  ដែលដៃអាចពឹងពាក់បាន។

“មិនថាមានរឿងអ្វីកើតឡើង ក៏ខ្ញុំនៅក្បែរអ្នកជានិច្ច”

ក្នុងយុគឌីជីថលដែលអ្វីៗប្រែប្រួលមិនឈប់ រាប់ចាប់ពីទំនាក់ទំនងស្នេហា ការផ្តល់ទំនុកចិត្តគឺជាអ្វីដែលមនុស្សគ្រប់រូបស្រមៃចង់បានបំផុត។ ប្រយោគនេះជួយកាត់បន្ថយការព្រួយបារម្ភ និងផ្តល់កម្លាំងចិត្តឱ្យដៃគូហ៊ានតស៊ូរាល់គ្រប់ឧបសគ្គ មិនថាក្នុងអាជីពការងារ ការតាមចាប់ក្ដីស្រមៃផ្ទាល់ខ្លួន ឬសូម្បីតែទំនាក់ទំនងស្នេហាជាមួយអ្នកនោះទេ។ ប្រយោគខ្លីៗនេះ បានផ្ដល់ទំនុកចិត្តដល់ដៃគូរបស់អ្នកឱ្យដឹងថា បើទោះបីជាមានអ្វីកើតឡើងក៏ដោយ គឺតែងតែមានអ្នកចាំគាំទ្រជានិច្ច។

“ថ្ងៃនេះមានរឿងអ្វីចង់ប្រាប់ខ្ញុំទេ? ខ្ញុំរង់ចាំស្ដាប់អ្នកជានិច្ច”

ជារឿយៗ អ្វីដែលមនុស្សគ្រប់រូបត្រូវការ មិនមែនជាដំណោះស្រាយនៃបញ្ហានោះទេ ប៉ុន្តែគឺជា “អ្នកស្ដាប់ដ៏ល្អ”។ ការផ្ដល់ឱកាសឱ្យដៃគូបញ្ចេញអារម្មណ៍ដោយមិនចាំបាច់វិនិច្ឆ័យ ឬណែនាំភ្លាមៗ អនុញ្ញាត​ឱ្យដៃគូអាចបញ្ចេញកង្វល់ ឬបង្ហាញការយល់ឃើញរបស់ខ្លួន។ នេះគឺជាវិធីសាស្រ្តមួយក្នុងការថែរក្សាចំណងទំនាក់ទំនង តាមរយៈការដឹងឮពីរឿងរ៉ាវ និងអារម្មណ៍របស់ដៃគូ។

“អរគុណណាស់ដែលអ្នកចូលមកក្នុងជីវិតខ្ញុំ”

នៅពេលរស់នៅជាមួយគ្នាយូរៗទៅ អ្នកអាចមើលរំលងតម្លៃរបស់គ្នា ជាជាងពេលដែលតាមញ៉ែ ឬស្រឡាញ់គ្នាដំបូងៗ។ ប្រយោគសាមញ្ញមួយនេះ នឹងជួយឱ្យដៃគូដឹងថា ខ្លួននៅតែជាចំណែកដ៏សំខាន់ដែលមិនអាចខ្វះបានក្នុងជីវិតរបស់អ្នក ខណៈដៃគូក៏កាន់តែចង់ថែរក្សាស្នេហានេះឱ្យបានយូរអង្វែង។

“មិនចាំបាច់ខ្វល់ទេ ចាំខ្ញុំរៀបចំឱ្យ”

ការជួយសម្រាលបន្ទុកក្នុងការគិត (Mental Load) សូម្បីតែរឿងតូចតាចដូចជា ការកក់ហាងអាហារឱ្យ ឬការរៀបចំគម្រោងដើរលេងធម្មតាៗ គឺជាការយកចិត្តទុកដាក់ដ៏គួរឱ្យចាប់អារម្មណ៍មួយដែលអ្នកអាចធ្វើបាន។ វាជួយឱ្យដៃគូមានអារម្មណ៍ថា មានអ្នកចាំមើលថែ យកចិត្តទុកដាក់ ជាការដែលអ្នកអាចទាញយកពិន្ទុបន្ថែមដ៏មានប្រសិទ្ធភាព។

ប្រយោគទាំងនេះទោះបីជាខ្លីមែនពិត ប៉ុន្តែប្រសិនបើនិយាយចេញពីចិត្ត និងចំពេលវេលាត្រឹមត្រូវ វានឹងប្រែថ្ងៃដ៏សោកសៅរបស់ដៃគូអ្នកឱ្យទៅជាថ្ងៃដ៏ស្រស់បំព្រង។ មិនថាប្រុស មិនថាស្រី អ្នកគួរតែសាកល្បងយកប្រយោគទាំងនេះទៅប្រើប្រាស់ ដើម្បីបំពេញក្ដីសុខឱ្យគ្នាទៅវិញទៅមក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា