បរិយាកាសគ្រួសារ Toxic អាចធ្វើឱ្យកូនៗងាយកើតវិបត្តិផ្លូវចិត្ត! មកស្វែងយល់បញ្ហាឫសគល់ និងដំណោះស្រាយមុនអ្វីៗយឺតពេល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បរិយាកាសគ្រួសារ Toxic អាចធ្វើឱ្យកូនៗងាយកើតវិបត្តិផ្លូវចិត្ត! មកស្វែងយល់បញ្ហាឫសគល់ និងដំណោះស្រាយមុនអ្វីៗយឺតពេល

បរិយាកាសគ្រួសារ Toxic អាចធ្វើឱ្យកូនៗងាយកើតវិបត្តិផ្លូវចិត្ត! មកស្វែងយល់បញ្ហាឫសគល់ និងដំណោះស្រាយមុនអ្វីៗយឺតពេល

ការធំដឹងក្តីក្នុងគ្រួសារមានបរិយាកាសពុល (Toxic Family) ដែលសមាជិកមានតែបញ្ហាឈ្លោះប្រកែកគ្នា ឬចូលចិត្តត្រួតត្រា អាចធ្វើឱ្យកូនៗកើតមានសម្ពាធផ្លូវចិត្តបាន នៅពេលដែលក្មេងត្រូវប្រឈមមុខនឹងការស្តីបន្ទោស មើលងាយ គំរាមកំហែង ឬមិនត្រូវបានអនុញ្ញាតឱ្យបង្ហាញអារម្មណ៍របស់ខ្លួនឯងដោយសុវត្ថិភាពជាប្រចាំ។

ប៉ុន្តែមិនមែនក្មេងគ្រប់រូបដែលធំដឹងក្តីក្នុងផ្ទះដែលមានលក្ខណៈបែបនេះ សុទ្ធតែមានចរិត លាក់អារម្មណ៍ ដូចៗគ្នានោះទេ ព្រោះក្មេងម្នាក់ៗឆ្លើយតបទៅនឹងបទពិសោធន៍ខុសៗគ្នា។

សញ្ញាដែលអាចជួបប្រទះលើក្មេងដែលមានសម្ពាធផ្លូវចិត្តពីបរិយាកាសក្នុងផ្ទះ៖

  • មិនហ៊ាននិយាយអារម្មណ៍ពិត៖ ទោះបីជាកើតទុក្ខ ឬខឹង ក៏ជ្រើសរើសស្ងាត់ស្ងៀម ព្រោះខ្លាចរឿងរ៉ាវរីករាលដាលធំឡើង។
  • ញញឹម ហើយប្រាប់ថា “មិនអីទេ”៖ ទាំងដែលខាងក្នុងឈឺចាប់ ព្រោះមិនចង់ធ្វើឱ្យនរណាម្នាក់មិនពេញចិត្ត។
  • ខ្លាចធ្វើខុសឆ្គងជ្រុលពេក៖ តែងតែប្រុងប្រយ័ត្នពាក្យសម្ដី និងសកម្មភាព ព្រោះខ្លាចត្រូវគេស្តីបន្ទោស។
  • មិនហ៊ានបដិសេធឪពុកម្តាយ៖ ទោះបីជាមិនយល់ស្រប ក៏ត្រូវតែឆ្លើយយល់ព្រម ដើម្បីជៀសវាងទំនាស់។
  • បញ្ចេញអារម្មណ៍ដាក់អ្នកដទៃ ឬផ្ទុះអារម្មណ៍នៅពេលទ្រាំលែងបាន៖ ព្រោះមិនដែលធ្លាប់មានកន្លែងសម្រាប់បង្ហាញអារម្មណ៍ឱ្យបានសមរម្យ។
  • នៅស្ងៀមតែឯងក្នុងបន្ទប់ មិនចង់និយាយរកអ្នកនៅក្នុងផ្ទះ៖ ព្រោះមានអារម្មណ៍ថា និយាយទៅក៏គ្មាននរណាយល់ស្រប ឬយល់ចិត្ត។
  • បន្ទោសខ្លួនឯងជានិច្ច៖ នៅពេលមានបញ្ហាកើតឡើង តែងតែគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ ឬជាដើមហេតុនៃរឿងរ៉ាវទាំងអស់។

ហេតុអ្វីបានជាកូនអាចមានវិបត្តិផ្លូវចិត្ត? សាកល្បងស្រមៃមើលរូបភាពក្មេងម្នាក់ ដែលរាល់ពេលនិយាយថាខូចចិត្ត បែរជាត្រូវគេប្រាប់ថា “រឿងប៉ុណ្ណឹងសោះ យំធ្វើអី?” នៅពេលបង្ហាញមតិយោបល់ បែរជាត្រូវគេតបមកវិញថា “កុំមកតវ៉ា” ហើយនៅពេលធ្វើខុស ក៏ត្រូវគេប្រកាសអាសន្ន ឬយកទៅប្រៀបធៀបជាមួយអ្នកដទៃ។

នៅពេលព្រឹត្តិការណ៍ទាំងនេះកើតឡើងជារឿយៗ ក្មេងអាចនឹងរៀនសូត្រថា៖

  • និយាយការពិត ក៏អាចមានបញ្ហា។
  • បង្ហាញអារម្មណ៍ ក៏គ្មានប្រយោជន៍។
  • ការស្ងាត់ស្ងៀម និងធ្វើតាម គឺមានសុវត្ថិភាពជាង។
  • ត្រូវតែធ្វើឱ្យឪពុកម្តាយពេញចិត្ត ទើបទទួលបានការទទួលស្គាល់។

អ្វីដែលគួរឱ្យបារម្ភនោះគឺ ក្មេងអាចមើលទៅជាក្មេងល្អ ងាយប្រដៅ មិនតវ៉ាមនុស្សចាស់ ប៉ុន្តែខាងក្នុងបែរជាពេញទៅដោយភាពភ័យខ្លាច កំហឹង ឬអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ។ ទោះជាយ៉ាងណាក៏ដោយ ការស្ងាត់ស្ងៀម ឬស្តាប់បង្គាប់តែម្យ៉ាង មិនមែនមានន័យថាក្មេងកំពុងមានសម្ពាធនោះទេ តែត្រូវពិចារណារួមជាមួយនឹងអារម្មណ៍ និងកាយវិការផ្សេងៗទៀតផងដែរ។

តើឪពុកម្តាយគួរធ្វើដូចម្តេច?

  • បើកឱកាសឱ្យកូននិយាយ ដោយមិនប្រញាប់ស្តីបន្ទោស ឬប្រកែកតវ៉ា។
  • ទទួលស្គាល់អារម្មណ៍របស់កូន ទោះបីជាយើងមិនយល់ស្របនឹងអ្វីដែលកូនគិតក៏ដោយ។
  • ប្រសិនបើឪពុកម្តាយនិយាយពាក្យធ្ងន់ៗ ឬធ្វើឱ្យប៉ះពាល់ផ្លូវចិត្ត គួរតែសុំទោស និងបង្ហាញការកែប្រែ​ពិតប្រាកដ។
  • បង្កើតព្រំដែនច្បាស់លាស់ ដោយមិនប្រើភាពភ័យខ្លាចជាឧបករណ៍ដើម្បីត្រួតត្រាកូន។

គោលដៅនៃការចិញ្ចឹមកូន មិនមែនជាការធ្វើឱ្យកូនមិនហ៊ានតវ៉ានោះទេ ប៉ុន្តែគឺការធ្វើឱ្យកូនហ៊ាននិយាយការពិតជាមួយយើង ដោយមិនបាច់ភ័យខ្លាចថានឹងបាត់បង់ក្ដីស្រឡាញ់ពីឪពុកម្តាយឡើយ។

ព្រោះពេលខ្លះ កូនដែលឪពុកម្តាយមើលឃើញថា “មិនដែលធ្លាប់មានបញ្ហាអ្វីសោះ” អាចគ្រាន់តែជាកូនដែលត្រូវបានបរិយាកាសគ្រួសារបង្រៀនថាមិនគួរនិយាយបញ្ហារបស់ខ្លួនឯងឱ្យឪពុកម្តាយស្តាប់តែប៉ុណ្ណោះ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា