ប្រាសាទក្រហម សាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នាពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទមួយនេះត្រូវបានអ្នកស្រុកតំណាលហៅតៗគ្នាថាជាប្រាសាទក្រហមមកដល់ពេលបច្ចុប្បន្ន។

បើនិយាយពីតំបន់កោះកេរ យើងប្រាកដជានឹកឃើញដល់ប្រាសាទពីរ៉ាមីតនៅអាស៊ី។ តែបើនិយាយពីប្រាសាទធ្វើពីឥដ្ឋ អ្នកដែលធ្លាប់បានទៅកោះកេរ ប្រាកដជានឹកឃើញដល់ប្រាសាទដំរីដែលចម្លាក់នៅទីនោះមានរំលេចលើរូបិយវត្ថុក្រដាស ៥០ ០០០៛ របស់ខ្មែរ។ តែបើសួរថា ប្រាសាទឥដ្ឋមួយណាដែលមានទំហំធំជាងគេនៅទីនោះ មិនមានមនុស្សច្រើនទេដែលបានដឹង។



ថ្ងៃនេះ AMS នឹងលើកយករឿងរ៉ាវខ្លះៗទាក់ទិននឹងប្រាសាទក្រហម ក្នុងតំបន់កោះកេរ មកចែករំលែកដូចតទៅ ៖ ប្រាសាទក្រហមជាប្រាសាទដែលសាងសង់ពីឥដ្ឋមានទំហំធំ និងខ្ពស់ជាងគេក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ប្រាសាទមួយនេះត្រូវបានចាត់ទុកជាប្រាសាទចំណាស់ជាងគេក្នុងក្រុមប្រាសាទប្រាង្គ។ កាលពីមុនប្រាសាទក្រហមមានតម្កល់រូបព្រះឥសូរ និងទេព៤ រួមមាន គោនន្ទិ, ព្រះកាលៈ, ព្រះនាងឧមា និងព្រះនាងកាលី ដែលសព្វថ្ងៃត្រូវបានរក្សាទុកនៅសារមន្ទីរ។ រីឯគោបុរៈមួយទៀតធ្វើពីថ្មភក់ដែលធ្លាប់តម្កល់បដិមាចំនួន៨។
គួរបញ្ជាក់ថា ប្រាសាទក្រហមស្ថិតក្នុងក្រុមប្រាសាទកោះកេរភាគខាងត្បូងក្នុងចំណោមប្រាង្គជាច្រើនទៀត។ ក្រៅអំពីប្រាសាទមួយនេះគឺនៅមានប្រាសាទប្រមាណ ៧៥ ប្រាសាទ និងស្ថានីយបុរាណចំនួន ៥១ ស្ថានីយផ្សេងទៀតដែលស្ថិតក្នុងរមណីយដ្ឋានប្រាសាទកោះកេរ លើផ្ទៃដី ៤ពាន់ហិចតា ក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ៕
រូបភាព ផ្ដល់ជូនដោយ ក្រុមប្រម៉ាញ់រូបភាពជីវចម្រុះ/គឹម បូរិន






















