ក្រុង Venice ពិចារណាដំឡើងថ្លៃចូលទស្សនា ៦ ដង ដើម្បីដោះស្រាយបញ្ហាភ្ញៀវទេសចរច្រើនលើសលប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុង Venice ពិចារណាដំឡើងថ្លៃចូលទស្សនា ៦ ដង ដើម្បីដោះស្រាយបញ្ហាភ្ញៀវទេសចរច្រើនលើសលប់

ក្រុង Venice ពិចារណាដំឡើងថ្លៃចូលទស្សនា ៦ ដង ដើម្បីដោះស្រាយបញ្ហាភ្ញៀវទេសចរច្រើនលើសលប់

ក្រុងបុរាណ Venice ប្រទេសអ៊ីតាលី កំពុងពិចារណាដំឡើងថ្លៃសំបុត្រចូលទស្សនាសម្រាប់ភ្ញៀវទេសចរដល់ ៣០ អឺរ៉ូ ស្មើនឹង ៣៤ ដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាភ្ញៀវច្រើនលើសលប់ ខណៈប្រជាជនរស់នៅពិតប្រាកដបន្តថយចុះជាលំដាប់។

នៅថ្ងៃទី ២១ ខែកញ្ញានេះ សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Michele Zuin សមាជិកក្រុមប្រឹក្សាទទួលបន្ទុកផ្នែកថវិកា និងពន្ធដារ បានលើកឡើងថា ថ្លៃចូលទស្សនានាពេលបច្ចុប្បន្ន ដែលមានតម្លៃ ៥ ទៅ ១០ អឺរ៉ូ គឺមានតម្លៃទាបពេកសម្រាប់ការការពារទប់ស្កាត់បញ្ហាភ្ញៀវទេសចរលើសកម្រិត។

លោក Michele Zuin បានប្រាប់កាសែតប្រចាំតំបន់ Il Gazzettino ថា៖ “ការបង់ប្រាក់ ៥-១០ អឺរ៉ូដូចសព្វថ្ងៃនេះ គឺជាតម្លៃសមរម្យដែលមនុស្សស្ទើរគ្រប់គ្នាអាចទិញចូលទស្សនាបាន។ បញ្ហានៅត្រង់ថា តម្លៃនៃសំបុត្រនេះលែងមានឥទ្ធិពលក្នុងការរារាំងភ្ញៀវឱ្យចូលទស្សនា ដូចដែលធ្លាប់បានគិតនៅពេលដាក់ចេញវិធានការនេះទៀតហើយ”។

សមាជិកក្រុមប្រឹក្សារូបនេះបានឱ្យដឹងទៀតថា ទាក់ទិននឹងការដំឡើងថ្លៃចូលទស្សនានេះ ធ្លាប់មានការស្នើថានឹងឡើងដល់ ៥០ អឺរ៉ូ ប្រហែល ៥៧ ដុល្លារអាមេរិក ប៉ុន្តែអាជ្ញាធរអាចនឹងសម្រេចយកការដំឡើងតម្លៃត្រឹម ៣០ អឺរ៉ូវិញ។

យ៉ាងណាមិញ លោកបានបញ្ជាក់ថា តម្លៃថ្មីសម្រាប់ឆ្នាំ ២០២៧ ខាងមុខនេះ នឹងត្រូវពិភាក្សា និងទទួលបានការយល់ព្រមពីរដ្ឋាភិបាលជាមុនសិន។

ជាលើកដំបូងរបស់ពិភពលោក ក្នុងឆ្នាំ ២០២៤ ទីក្រុងនៅលើទឹក Venice បានលក់សំបុត្រចូលទស្សនានេះសម្រាប់តែភ្ញៀវទេសចរដែលមានបំណងមកកម្សាន្តបែបមកព្រឹកត្រឡប់ទៅវិញល្ងាច (Day-trippers) ដោយសារតែភ្ញៀវក្រុមនេះបានបង្កឱ្យទីតាំងប្រវត្តិសាស្ត្រកកកុញខ្លាំង ប៉ុន្តែចំណាយប្រាក់តិច ដូចជាលើថ្លៃស្នាក់នៅជាដើម។

យ៉ាងណាមិញ សម្រាប់អ្នកដែលកក់ទុកមុននឹងទទួលបានតម្លៃសំបុត្រទាប និងទទួលបានការលើកលែងជាច្រើន រួមមានថ្លៃសំបុត្រសម្រាប់ក្មេងអាយុក្រោម ១៤ ឆ្នាំជាដើម។

បន្ថែមពីនេះ ការលក់សំបុត្រមិនបានធ្វើឡើងជារៀងរាល់ថ្ងៃនោះទេ ក៏ប៉ុន្តែគឺធ្វើឡើងក្នុងចន្លោះពេលដែលមានភ្ញៀវទេសចរច្រើនតែប៉ុណ្ណោះ។ ជាក់ស្ដែង នៅឆ្នាំ ២០២៦ វិធានការនេះបានដាក់ឱ្យដំណើរការនៅចន្លោះថ្ងៃទី ៣ មេសា ដល់ថ្ងៃទី ២៦ កក្កដា ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ៤ ល្ងាច។

ក្រៅពីវិធានការដំឡើងថ្លៃសំបុត្រនេះ ក្រុងបុរាណ Venice ក៏គ្រោងនឹងដាក់លក់សំបុត្រចូលទស្សនាក្នុងចំនួនថ្ងៃច្រើនជាងមុនផងដែរ។ មន្ត្រីមូលដ្ឋានម្នាក់បាននិយាយថា គម្រោងនេះគឺមានគោលបំណងលើកទឹកចិត្តភ្ញៀវទេសចរឱ្យជៀសវាងមកកម្សាន្តនៅថ្ងៃដែលមនុស្សនិយមមកខ្លាំង ដូចជាថ្ងៃបុណ្យជាតិទី ១ ខែឧសភា ជាដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា