Work-Love Balance៖ ការងារក៏រួច ស្នេហាក៏រលូន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Work-Love Balance៖ ការងារក៏រួច ស្នេហាក៏រលូន

Work-Love Balance៖ ការងារក៏រួច ស្នេហាក៏រលូន

នៅក្នុងសម័យកាលដែលគ្រប់គ្នាសុទ្ធតែមមាញឹកនឹងការងារ ការផ្តល់ពេលវេលាដល់គូស្នេហ៍គឺជាកត្តាចម្បងក្នុងការរក្សាតុល្យភាពរវាងការងារ និងសេចក្តីស្នេហា។ ទោះបីជាការងារគឺជាទំនួលខុសត្រូវដ៏សំខាន់ ប៉ុន្តែវាមិនមែនមានន័យថា ការផ្តល់អាទិភាពលើការងាររហូតភ្លេចគិតគូរដល់ដៃគូនោះជារឿងត្រឹមត្រូវឡើយ។

Advertisement

ការចេះគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព និងការនិយាយគ្នាឱ្យបានច្បាស់លាស់ គឺជាគន្លឹះដែលធ្វើឱ្យចំណងស្នេហានៅតែមានក្ដីសុខ ទោះបីជាមានបន្ទុកការងារច្រើនយ៉ាងណាក៏ដោយ។ ការបង្កើត Work-Love Balance គឺជាសិល្បៈនៃការរស់នៅដែលគូស្នេហ៍គ្រប់គូគួររៀនសូត្រ និងអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖

គុណភាពសំខាន់ជាងបរិមាណ៖ ការចំណាយពេលជាមួយគ្នាត្រឹមតែរយៈពេលខ្លី ប៉ុន្តែពោរពេញដោយការយកចិត្តទុកដាក់ និងការចែករំលែកអារម្មណ៍ពិតឱ្យគ្នាទៅវិញទៅមក នឹងបង្កើតឱ្យមានពេលវេលាប្រកបដោយគុណភាព។ ទោះបីមានរយៈពេលខ្លី ប៉ុន្តែ Quality Time មានអត្ថន័យជ្រាលជ្រៅជាងការនៅក្បែរគ្នាពេញមួយថ្ងៃ តែម្នាក់ៗរវល់តែចុចទូរស័ព្ទ ឬធ្វើការរៀងៗខ្លួន។

បើកចិត្តនិយាយពីគោលបំណងរបស់ខ្លួន៖ គូស្នេហ៍គួរនិយាយគ្នាឱ្យត្រង់ទៅត្រង់មកអំពីតម្រូវការ ការរំពឹងទុក និងបញ្ហាពេលវេលា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ការពារការអន់ចិត្ត។ ប្រសិនបើភាគីដែលរវល់ពិតជាមានចេតនាចង់ដោះស្រាយបញ្ហា បុគ្គលនោះនឹងព្យាយាមរកចំណុចកណ្តាល។ ទោះបីជាដំណោះស្រាយនោះមិនទាន់អាចបំពេញតាមតម្រូវការរបស់ភាគីម្ខាងទៀតបាន ១០០ ភាគរយក៏ដោយ ក៏វាប្រសើរជាងការនៅស្ងៀមដែរ។

បង្កើតទម្លាប់តូចៗប្រចាំថ្ងៃ៖ ក្នុងកាលៈទេសៈដែលពិបាកចំណាយពេលវែងជាមួយគ្នា ការបង្កើតទម្លាប់តូចៗគឺជារឿងចាំបាច់ ជាពិសេសសម្រាប់អ្នកដែលរស់នៅជាមួយគ្នា។ សកម្មភាពសាមញ្ញៗដូចជា ការញ៉ាំអាហារពេលព្រឹកជាមួយគ្នា ឬការមើលរឿងមុនចូលគេង គឺជាថ្នាំបំប៉នដ៏ល្អសម្រាប់ទំនាក់ទំនង។

ប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ៖ ទោះរវល់យ៉ាងណា ការផ្ញើសារខ្លីៗដើម្បីសួរនាំ បង្ហាញការយកចិត្តទុកដាក់ ឬផ្តល់កម្លាំងចិត្ត និងការឆ្លើយតបសារភ្លាមៗនៅពេលទំនេរ នឹងជួយឱ្យដៃគូមានអារម្មណ៍ថាខ្លួននៅតែជាអាទិភាព នៅតែជាទីនឹកដល់។

ការយោគយល់គ្នា៖ នៅពេលដែលភាគីម្ខាងមានគម្រោងការងារសំខាន់ ឬត្រូវប្រឈមមុខការមមាញឹកខ្លាំង ភាគីម្ខាងទៀតត្រូវចេះយោគយល់ មិនដាក់សម្ពាធបន្ថែម និងផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក។

កុំភ្លេចមើលថែខ្លួនឯង៖ តុល្យភាពការងារ និងស្នេហាកើតឡើងទៅបាន លុះត្រាតែអ្នកមានសុខភាពល្អទាំងកាយនិងចិត្ត។ នៅពេលអ្នកមានកម្លាំងពេញលេញ អ្នកនឹងអាចផ្តល់ក្តីស្រឡាញ់ដល់ដៃគូ និងបំពេញការងារបានល្អទាំងព្រម។

តុល្យភាពរវាងការងារ និងស្នេហា មិនមែនមានន័យថាត្រូវបែងចែកពេលវេលាឱ្យស្មើគ្នា ៥០/៥០ នោះទេ ប៉ុន្តែវាគឺជាការចេះគ្រប់គ្រងពេលវេលា និងកម្លាំងកាយចិត្តឱ្យស្របតាមតម្រូវការរបស់ភាគីទាំងសងខាង។ វាមិនមែនជារឿងងាយស្រួលឡើយ តែវាទាមទារឱ្យមានការយោគយល់ ការបត់បែន និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីឱ្យទាំងអាជីពការងារ និងជីវិតស្នេហាអាចរីកចម្រើនទៅមុខបានយ៉ាងល្អ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា