វិធីសាស្ត្រថែរក្សាទឹក និងការពារសុខភាព ស្របពេលកម្ពុជាត្រូវប្រឈមនឹងបាតុភូតអែលនីញ៉ូដល់ខែកុម្ភៈ ឆ្នាំ២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធីសាស្ត្រថែរក្សាទឹក និងការពារសុខភាព ស្របពេលកម្ពុជាត្រូវប្រឈមនឹងបាតុភូតអែលនីញ៉ូដល់ខែកុម្ភៈ ឆ្នាំ២០២៧

វិធីសាស្ត្រថែរក្សាទឹក និងការពារសុខភាព ស្របពេលកម្ពុជាត្រូវប្រឈមនឹងបាតុភូតអែលនីញ៉ូដល់ខែកុម្ភៈ ឆ្នាំ២០២៧

ថ្មីៗនេះក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន​​ ឱ្យបន្ត​ចូល​រួម​សហការ​ថែ​រក្សា​ប្រភព​ទឹកទុក​សម្រាប់រដូ​វប្រាំង​នាពេលខាងមុខ​ និងចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ប្រកបដោយស្មារតីទទួលខុសត្រូវ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងបន្តស្ថិតក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

El Niño គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា។ បាតុភូតនេះបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក ដែលបណ្តាលឲ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់ខ្លះទៀតជួបប្រទះការធ្លាក់ភ្លៀងគំហុក និងគ្រោះទឹកជំនន់។ ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំងនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក ស្បៀងអាហារ ជីវភាពរស់នៅ និងសេវាចាំបាច់នានាដែលកុមារត្រូវការពឹងផ្អែកជាប្រចាំ។ ផ្អែកតាមអង្គការយូនីសេហ្វ កុមារប្រមាណ ១,៣ លាននាក់នៅកម្ពុជា ប្រឈមនឹងហានិភ័យបម្រែបម្រួលអាកាសធាតុបង្កដោយ បាតុភូត El Niño នេះ។

ដើម្បីត្រៀមខ្លួនបង្ការ និងកាត់បន្ថយផលប៉ះពាល់ពីបាតុភូត El Niño នេះជាវិធានការសំខាន់ៗដែលអ្នកអាចអនុវត្តបាន៖

វិធីសាស្ត្រថែរក្សា និងគ្រប់គ្រងទឹក

  • ការសន្សំសំចៃ៖ កាត់បន្ថយការប្រើប្រាស់ទឹកខ្ជះខ្ជាយ និងពិនិត្យមើលប្រព័ន្ធទុយោការពារកុំឱ្យមានការលេចធ្លាយ។
  • ការស្តុកទឹក៖ រៀបចំអាង ពាង ឬធុងសម្រាប់ត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
  • វិស័យកសិកម្ម៖ ជ្រើសរើសពូជដំណាំដែលធន់នឹងការរាំងស្ងួត និងប្រើប្រាស់ប្រព័ន្ធស្រោចស្រពកម្រិតតិច (ដូចជាប្រព័ន្ធដំណក់ទឹក)។

វិធីសាស្ត្រការពារសុខភាពអំឡុងពេលកម្ដៅខ្លាំង

  • ពិសាទឹកឱ្យបានច្រើន៖ កំឡុងពេលឡើងកម្ដៅខ្លាំង ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំការញ៉ាំទឹកឱ្យបានទៀងទាត់ និងច្រើនជាង ២ លីត្រក្នុងមួយថ្ងៃ ទោះជាមិនទាន់ស្រេកទឹកក៏ដោយ ដើម្បីការពារការបាត់បង់ជាតិទឹក។
  • សម្លៀកបំពាក់៖ ស្លៀកសម្លៀកបំពាក់រលុងៗ មានពណ៌ស្រាល និងមានសាច់ក្រណាត់ស្តើងដែលអាចខ្យល់ចេញចូលបានល្អ។
  • ជៀសវាងកម្ដៅថ្ងៃ៖ កាត់បន្ថយការធ្វើការងារ ឬសកម្មភាពធ្ងន់ៗនៅក្រោមពន្លឺព្រះអាទិត្យចំពេលថ្ងៃត្រង់។
  • ការពារស្បែក និងភ្នែក៖ ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ ពាក់មួកគែមធំ ឬវ៉ែនតាការពារកម្ដៅថ្ងៃពេលចេញក្រៅ ៕
លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា