អនុវត្តទម្លាប់ងាយៗជាប្រចាំ ជះផលល្អដល់សុខភាពជាងការតាមឱ្យទាន់ Trend មួយគ្រា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អនុវត្តទម្លាប់ងាយៗជាប្រចាំ ជះផលល្អដល់សុខភាពជាងការតាមឱ្យទាន់ Trend មួយគ្រា

អនុវត្តទម្លាប់ងាយៗជាប្រចាំ ជះផលល្អដល់សុខភាពជាងការតាមឱ្យទាន់ Trend មួយគ្រា

សុខភាពល្អ គឺជាអ្វីដែលមនុស្សជាច្រើនតែប៉ងចង់បាន ខណៈបច្ចុប្បន្ននេះ និន្នាការទាក់ទងនឹងការថែរក្សាសុខភាពក៏កំពុងទទួលបានការពេញនិយមដូចគ្នា។ ជាក់ស្ដែង ថ្មីៗនេះ មនុស្សចាប់ផ្ដើមចាប់អារម្មណ៍ទៅលើការហាត់ Pilates និងការញ៉ាំម្សៅតែបៃតង ឬ Matcha ដែលជានិន្នាការសម្រាប់អ្នកចង់បានសុខភាពរឹងមាំ។

Advertisement

យ៉ាងណាមិញ សុខភាពល្អពិតប្រាកដមិនចាំបាច់ទាល់តែអ្នកត្រូវធ្វើតាមនិន្នាការមួយគ្រានោះទេ ប៉ុន្តែទម្លាប់ងាយៗដែលអ្នកអនុវត្តឱ្យបានទៀងទាត់ គឺជារឿងសំខាន់ជាង។ ខាងក្រោមនេះ គឺជាទម្លាប់ងាយៗទាំង ៥ ដែលអ្នកអាចអនុវត្តជាប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពល្អ៖

ហ្វឹកហាត់ធ្វើសមាធិ រស់នៅឱ្យស្ងប់ជាងមុន

ការធ្វើសមាធិត្រង់នេះ មិនមែនចាំបាច់តែអ្នកអង្គុយសមាធិតែម្ដងទេ ក៏ប៉ុន្តែគឺជាការរស់នៅជាមួយពេលវេលាបច្ចុប្បន្នដោយអារម្មណ៍ស្ងប់សុខ មិនព្រួយបារម្ភនឹងអ្វីច្រើនពេក។ តួយ៉ាង នៅពេលដើរហាត់ប្រាណនៅក្នុងសួនច្បារ អ្នកអាចសាកល្បងផ្អាកប្រើប្រាស់ទូរស័ព្ទដៃ និងប្ដូរមកផ្ដោតអារម្មណ៍ទៅលើបរិយាកាសជុំវិញខ្លួន ដោយមិនគិតព្រួយបារម្ភពីរឿងដទៃ។

ការធ្វើបែបនេះអាចជួយឱ្យអ្នកកាត់បន្ថយភាពតានតឹង គេងលក់ស្រួល និងបង្កើនការផ្ដោតអារម្មណ៍។

ការគេង គឺសំខាន់

ការគេងលក់ស្កប់ស្កល់ គឺជារឿងសំខាន់ដល់សុខភាព។ ក្រៅពីធ្វើឱ្យអ្នកមានថាមពល និងស្រស់ស្រាយហើយ វាថែមទាំងជួយដល់ប្រព័ន្ធភាពស៊ាំ គ្រប់គ្រងទម្ងន់ និងជួយឱ្យខួរក្បាលដំណើរការបានល្អជាងមុនផងដែរ។ មនុស្សពេញវ័យគួរគេងឱ្យបានយ៉ាងហោចណាស់ ៧ ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែ “គុណភាពនៃការគេង” ពោលគឺការគេងបានស្កប់សំខាន់ជាងចំនួនម៉ោងដែលអ្នកគេង។

សាកល្បងកំណត់ពេលគេង និងពេលភ្ញាក់ឱ្យបានទៀងទាត់ ចៀសវាងជាតិកាហ្វេអ៊ីននៅពេលរសៀល បន្ថែមដោយការឈប់ប្រើប្រាស់ទូរស័ព្ទមុនពេលគេងប្រហែល ៣០ នាទី នឹងជួយឱ្យអ្នកគេងលក់ស្រួលជាងមុន។

ទទួលទានអាហារកែច្នៃតិចបំផុត

អាហារកែច្នៃដែលផលិតចេញពីរោងចក្រ ច្រើនតែបាត់បង់គុណតម្លៃនៃអាហាររូបត្ថម្ភល្អៗចំពោះរាងកាយ និងសុខភាព។ អ្នកគួរព្យាយាមទទួលទានអាហារស្រស់ៗ ដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសាច់សត្វស្រស់ៗ ព្រោះអាហារកែច្នៃតែងមានផ្ទុកជាតិអំបិល ស្ករ និងសារធាតុគីមីបន្ថែមច្រើន ដែលមិនល្អចំពោះសុខភាព។

ការញ៉ាំអាហារកែច្នៃច្រើន នឹងធ្វើឱ្យអ្នកកាន់តែឃ្លាន កាន់តែមានចំណង់ចង់ទទួលទានអាហារប្រភេទដដែលបន្ថែមទៀត។  

បង្កើនចលនា បន្ថយការអង្គុយ

ការធ្វើចលនារាងកាយ មិនចាំបាច់ទាល់តែហាត់ប្រាណឱ្យបានច្រើនម៉ោងនោះទេ។ យ៉ាងណាមិញ អ្នកអាចបង្កើនចលនារាងកាយ តាមរយៈសកម្មភាពតូចៗឱ្យបានញឹកញាប់ ដូចជា ការងើបពត់ខ្លួនចន្លោះពេលធ្វើការ ការដើរនិយាយលេងជាមួយនឹងមិត្តភក្ដិ ឬក៏ការដើរនិយាយទូរស័ព្ទ ជំនួសឱ្យការអង្គុយនិយាយជាដើម។

អ្នកអាចសាកល្បងស្វែងរកសកម្មភាពប្រចាំថ្ងៃ ដើម្បីជាឱកាសអាចឱ្យរាងកាយមានសកម្មភាពច្រើនជាងមុន ដែលនឹងមានផលល្អដល់រាងកាយ។

ប្រុងប្រយ័ត្នចំពោះសារធាតុពុលដែលនៅជុំវិញខ្លួន

ជីវិតរស់នៅក្នុងសម័យទំនើប គឺជារឿងមួយដែលពិបាកក្នុងការចៀសវាងពីសារធាតុពុល និងសារធាតុគីមី មិនថាមកពីការបំពុលខ្យល់ និងមីក្រូប្លាស្ទិកនោះទេ។ ដូច្នេះ អ្នកគួរផ្ដោតការចាប់អារម្មណ៍បន្ថែមទៅលើបញ្ហានេះ ដូចជាការពាក់ម៉ាស់ការពារខ្យល់ពុល ឬការផ្លាស់ប្ដូរការវេចខ្ចប់អាហារពីប្រអប់ជ័រ មកជាប្រអប់ថ្មកែវជាដើម។

សុខភាពល្អមិនមែនបានមកពីការរត់តាមនិន្នាការមួយគ្រានោះទេ ប៉ុន្តែវាកើតឡើងតាមរយៈទម្លាប់ល្អៗប្រចាំថ្ងៃ។ អ្វីដែលសំខាន់ គឺភាពទៀងទាត់។ ការដែលអនុវត្តទម្លាប់ល្អៗជាប្រចាំ នឹងជះផលល្អក្នុងរយៈពេលវែង៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា