ប្រទេសកូរ៉េខាងត្បូងព្រួយបារម្ភចំពោះកុមារតូចៗដែលប្រើប្រាស់គ្រឿងអេឡិចត្រូនិចលើសកំណត់ផ្ទុយពីការណែនាំរបស់អង្គការសុខភាពពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសកូរ៉េខាងត្បូងព្រួយបារម្ភចំពោះកុមារតូចៗដែលប្រើប្រាស់គ្រឿងអេឡិចត្រូនិចលើសកំណត់ផ្ទុយពីការណែនាំរបស់អង្គការសុខភាពពិភពលោក

ប្រទេសកូរ៉េខាងត្បូងព្រួយបារម្ភចំពោះកុមារតូចៗដែលប្រើប្រាស់គ្រឿងអេឡិចត្រូនិចលើសកំណត់ផ្ទុយពីការណែនាំរបស់អង្គការសុខភាពពិភពលោក

តាមការចុះផ្សាយរបស់ The Korea Times ថ្មីៗនេះលទ្ធផលនៃការអង្កេតថ្មីមួយបានបង្ហាញថាកុមារតូចៗនៅប្រទេសកូរ៉េខាងត្បូងច្រើនជាងពាក់កណ្ដាលបានចាប់ផ្ដើមប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ (smartphones) តាំងពីមុនពេលពួកគេឈានចូលដល់វ័យ ២ ឆ្នាំម្ល៉េះដែលនេះគឺផ្ទុយស្រឡះពីគោលការណ៍ណែនាំផ្នែកសុខភាពកុមារជាអន្តរជាតិ។

ផ្អែកលើការស្ទង់មតិលើអាណាព្យាបាលចំនួន ៤០០ នាក់ដែលបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រស្រាវជ្រាវ MIND របស់វិទ្យាស្ថានស្រាវជ្រាវសុខភាពផ្លូវចិត្តនៃមជ្ឈមណ្ឌលជាតិដើម្បីសុខភាពផ្លូវចិត្តកូរ៉េ (National Center for Mental Health) បានឱ្យដឹងថា ៥០.៩៨ ភាគរយនៃកុមារបានចាប់ផ្ដើមប្រើប្រាស់ទូរស័ព្ទឆ្លាតវៃនៅមុនអាយុ ២ ឆ្នាំ ខណៈ ៧៧.៦៤ ភាគរយ បានចាប់ផ្ដើមប្រើប្រាស់នៅមុនអាយុ ៣ ឆ្នាំ។

សម្រង់ទិន្នន័យពីក្រុមអាណាព្យាបាលបានបញ្ជាក់ថាអាយុពី ១២ ទៅ ២៣ ខែគឺជាវ័យដែលកុមារចាប់ផ្ដើមប្រើប្រាស់ទូរស័ព្ទច្រើនជាងគេបំផុតរហូតដល់ ៣៧.១៨ ភាគរយ។ ចំណែកឯកុមារដែលចាប់ផ្ដើមប្រើប្រាស់នៅចន្លោះអាយុពី ២៤ ទៅ ៣៥ ខែមានចំនួន ២៦.៦៦ ភាគរយ និងវ័យទារកចន្លោះពី ០ ទៅ ១១ ខែមានរហូតដល់ ១៣.៨០ ភាគរយ។ ដោយឡែកកុមារដែលចាប់ផ្ដើមប្រើប្រាស់នៅចន្លោះអាយុ ៣៦ ទៅ ៤៧ ខែមាន ១២.៣៩ ភាគរយ និងចន្លោះអាយុ ៤៨ ទៅ ៥៩ ខែ មាន ១២.៩៦ ភាគរយ។

ចំពោះរយៈពេលនៃការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃពីថ្ងៃចន្ទ ដល់ សុក្រ អាណាព្យាបាលប្រមាណ ៥៦.៧៨ ភាគរយបានឱ្យដឹងថាកូនៗរបស់ពួកគេបានប្រើប្រាស់តិចជាង ១ ម៉ោងក្នុងមួយថ្ងៃ ខណៈ ៣២.៧៤ ភាគរយមិនឱ្យប្រើប្រាស់ទាល់តែសោះ និង ៩.៤៦ ភាគរយប្រើប្រាស់ចន្លោះពី ១ ទៅ ៣ ម៉ោង។

ចំណែកឯនៅចុងសប្ដាហ៍វិញ ថេរវេលានៃការមើលអេក្រង់បានកើនឡើងយ៉ាងគំហុកដោយចំនួនកុមារដែលប្រើប្រាស់ទូរស័ព្ទចន្លោះពី ១ ទៅ ៣ ម៉ោងបានកើនឡើងទ្វេដងរហូតដល់ ២២.៥៨ ភាគរយ។ ផ្ទុយទៅវិញភាគរយនៃកុមារដែលមិនបានប្រើប្រាស់ទូរស័ព្ទសោះនៅចុងសប្ដាហ៍បានថយចុះមកនៅត្រឹមតែ ២១.២៨ ភាគរយបើធៀបនឹងថ្ងៃចន្ទ-សុក្រ ស្របពេលដែលកុមារដែលប្រើប្រាស់តិចជាង ១ ម៉ោងមានចំនួន ៥៤.៨៧ ភាគរយ។

ជាមួយនឹងរបាយការណ៍នេះបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូងមានកង្វល់យ៉ាងខ្លាំងដោយការចាប់ផ្ដើមប្រើប្រាស់ទូរស័ព្ទឆ្លាតវៃតាំងពីវ័យក្មេងខ្លាំងបែបនេះ គឺខុសប្លែកស្រឡះពីស្ដង់ដារសុខភាពសាធារណៈសកល។ ផ្អែកតាមគោលការណ៍ណែនាំឆ្នាំ ២០១៩ កុមារដែលមានអាយុក្រោម ២ ឆ្នាំ មិនត្រូវប៉ះពាល់ ឬមើលអេក្រង់ទាល់តែសោះ (Zero screen time) ហើយសម្រាប់កុមារអាយុពី ២ ទៅ ៤ ឆ្នាំគួរកម្រិតការមើលអេក្រង់យ៉ាងច្រើនបំផុតត្រឹម ១ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះសមាគមគ្រូពេទ្យកុមារអាមេរិក (American Academy of Pediatrics) ក៏បានណែនាំឱ្យកុមារអាយុក្រោម ១៨ ខែចៀសវាងការប្រើប្រាស់ ឬមើលប្រព័ន្ធផ្សព្វផ្សាយតាមអេក្រង់ទាំងអស់ លើកលែងតែការនិយាយទូរស័ព្ទតាមវីដេអូ (video call) ជាមួយសាច់ញាតិប៉ុណ្ណោះ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា