កាន់តែស្ត្រេស កាន់តែញ៉ាំ! តើបញ្ហានេះមានវិធីសាស្ត្រដោះស្រាយបែបណា? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាន់តែស្ត្រេស កាន់តែញ៉ាំ! តើបញ្ហានេះមានវិធីសាស្ត្រដោះស្រាយបែបណា?

កាន់តែស្ត្រេស កាន់តែញ៉ាំ! តើបញ្ហានេះមានវិធីសាស្ត្រដោះស្រាយបែបណា?

តើអ្នកធ្លាប់ចាប់អារម្មណ៍ទេថា នៅពេលណាដែលអ្នកមានអារម្មណ៍ស្ត្រេស អ្នកនឹងញ៉ាំច្រើនជាងមុន ជាពិសេសគឺអាហារដែលមានជាតិម្សៅ ស្ករ និងខ្លាញ់ខ្ពស់? នេះមិនមែនជារឿងចម្លែកឡើយ ប៉ុន្តែវាគឺជាដំណើរការរបស់រាងកាយ ដែលអ្នកអាចកែប្រែបាន។

Advertisement

នៅពេលដែលអ្នកបានញ៉ាំតាមចិត្តចង់ ខួរក្បាលនឹងបញ្ចេញអរម៉ូន Dopamine និង Serotonin ដែលជួយកាត់បន្ថយស្ត្រេសបានមួយគ្រា។ ក៏ប៉ុន្តែនៅពេលដែលជាតិស្ករក្នុងឈាមធ្លាក់ចុះលឿន អ្នកនឹងមានអារម្មណ៍កាន់តែស្ត្រេសជាងមុន នាំឱ្យអ្នកកាន់តែចង់ញ៉ាំបន្ថែមទៀត រហូតក្លាយជាវដ្ត “កាន់តែញ៉ាំ កាន់តែស្ត្រេស”។

អ្វីទៅជា Stress Eating?

Stress Eating មិនមែនកើតឡើងដោយសារតែកង្វះវិន័យតែមួយមុខនោះទេ ប៉ុន្តែវាជាដំណើរការនៃរាងកាយ និងខួរក្បាល។ នៅពេលដែលអ្នកស្ត្រេស រាងកាយនឹងបញ្ចេញអរម៉ូន Cortisol ដែលជំរុញឱ្យអ្នកឃ្លាន និងចង់ញ៉ាំអាហារដែលមានកាឡូរីខ្ពស់ ជាពិសេសជាតិម្សៅ និងខ្លាញ់។

តាមការសិក្សារបស់សាកលវិទ្យាល័យ Harvard បានរកឃើញថា ៨០% នៃអ្នករស់នៅតាមទីក្រុងមានទម្លាប់ញ៉ាំតាមអារម្មណ៍ ជាពិសេសក្នុងពេលជួបបញ្ហាស្ត្រេសពីការងារ។ ការសិក្សាក៏បានបង្ហាញផងដែរថា អាហារដែលឆ្លងកាត់ការកែច្នៃខ្ពស់ (Ultra-Processed Food) មិនត្រឹមតែធ្វើឱ្យអ្នកឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងអរម៉ូន ដែលបង្កជាវដ្ត “ស្ត្រេស-ញ៉ាំ-ស្ត្រេសខ្លាំងជាងមុន-ញ៉ាំកាន់តែច្រើន”។

អាហារដែលកាន់តែញ៉ាំកាន់តែស្រ្តេស​

អាហារដែលមានជាតិស្ករខ្ពស់៖ នំផ្អែមៗ និងភេសជ្ជៈមានជាតិស្ករខ្ពស់ អាចផ្តល់ក្តីសុខឱ្យអ្នកបានមួយរយៈខ្លី ប៉ុន្តែវាធ្វើឱ្យជាតិស្ករក្នុងឈាមធ្លាក់ចុះលឿន ឬហៅថា Sugar Crash ដែលធ្វើឱ្យអារម្មណ៍រីករាយនេះបាត់បង់ទៅវិញយ៉ាងរហ័ស និងបង្កើនកម្រិតភាពស្ត្រេស។

ជាតិកាហ្វេអ៊ីន៖ ទោះបីជាកាហ្វេជួយឱ្យមានស្មារតី និងកាត់បន្ថយការងងុយក៏ពិតមែន តែការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេកនឹងរំញោចការបញ្ចេញអរម៉ូន Cortisol ដែលធ្វើឱ្យបេះដូងលោតញាប់ ថប់បារម្ភ និងគេងមិនលក់។

អាហារកែច្នៃខ្ពស់៖ នំកញ្ចប់ អាហារ Fast Food និងអាហារកក តែងមានជាតិខ្លាញ់ Trans Fat សារធាតុគីមី និងសូដ្យូមខ្ពស់ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តក្នុងរយៈពេលវែង។

គ្រឿងស្រវឹង៖ ទោះបីគ្រឿងស្រវឹងអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលក្នុងរយៈពេលខ្លី ប៉ុន្តែវាជះផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ រំខានដល់ដំណេក និងបង្កើនកម្រិតភាពស្ត្រេសនៅថ្ងៃបន្ទាប់។

គន្លឹះដោះស្រាយបញ្ហា Stress Eating

ញ៉ាំដោយដឹងខ្លួន៖ អ្នកត្រូវហ្វឹកហាត់សង្កេតអារម្មណ៍ឃ្លាន និងឆ្អែត ដោយញែកឱ្យដាច់រវាងការឃ្លានពិតប្រាកដ និងការឃ្លានដោយសារអារម្មណ៍។ ពេលឃ្លាន អ្នកគួរសាកល្បងសួរខ្លួនឯងថា “តើខ្ញុំឃ្លានមែនទែន ឬគ្រាន់តែស្ត្រេស អផ្សុក ឬពិបាកចិត្ត?”

ត្រៀមអាហារសម្រន់ដែលមានសុខភាពល្អ៖ ជំនួសឱ្យការហាមឃាត់ខ្លួនឯងមិនឱ្យញ៉ាំសោះ អ្នកអាចត្រៀមអាហារសម្រន់ដែលល្អដល់សុខភាព ដូចជា ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ និងយ៉ាអួរជាដើម។

បង្កើតសកម្មភាពជំនួសការញ៉ាំ៖ អ្នកគួរបង្កើតសកម្មភាពកាត់បន្ថយស្ត្រេសជំនួសឱ្យការញ៉ាំ ដូចជា ដើរលំហែកាយរយៈពេល ៥ នាទី ហាត់ដកដង្ហើមវែងៗ សរសេរកំណត់ហេតុ ឬជជែកជាមួយមិត្តភក្តិជាដើម។

ស្វែងរកជំនួយនៅពេលចាំបាច់៖ ប្រសិនបើ Stress Eating ក្លាយជាបញ្ហាធំដែលមិនអាចគ្រប់គ្រងបាន ការពិគ្រោះជាមួយអ្នកជំនាញអាហារូបត្ថម្ភ ឬអ្នកចិត្តវិទ្យា គឺជាជម្រើសដ៏ល្អបំផុត៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា