មកស្គាល់ពី Fried Rice Syndrome មេរោគដែលអាចកើតចេញពីបាយឆា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មកស្គាល់ពី Fried Rice Syndrome មេរោគដែលអាចកើតចេញពីបាយឆា

មកស្គាល់ពី Fried Rice Syndrome មេរោគដែលអាចកើតចេញពីបាយឆា

កន្លងមក យើងតែងតែគិតថា សាច់ឆៅ ឬបន្លែ ផ្លែឈើដែលមានផ្ទុកសារធាតុគីមីខ្ពស់ គឺជាមូលហេតុដែលអាចនាំឱ្យកើតបញ្ហាពុលអាហារបាន។ ក៏ប៉ុន្តែ “បាយឆា” ដែលជាមុខម្ហូបសាមញ្ញ មិនទំនងជាមានគ្រោះថ្នាក់ ក៏អាចនាំឱ្យមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារបានដែរ។

ចង់ដឹងថា តើកត្តាអ្វីខ្លះដែលបាយឆាមួយចានអាចធ្វើឱ្យអ្នកពុលអាហារបាន សូមមកស្វែងយល់ពី Fried Rice Syndrome តាមរយៈការបកស្រាយរបស់ វេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន Christine Lee។

ដកស្រង់សម្ដីពីគេហទំព័រ Cleveland Clinic រោគ Fried Rice Syndrome គឺជាការពុលអាហារដែលបណ្ដាលមកពីបាក់តេរី Bacillus cereus (B. cereus)។ បាក់តេរីនេះចូលចិត្តរស់នៅលើអាហារដែលមានជាតិម្សៅ ដូចជាបាយ និងសរសៃមី Pasta ប៉ុន្តែវាក៏អាចលូតលាស់នៅលើប្រភេទអាហារផ្សេងទៀតផងដែរ។

វេជ្ជបណ្ឌិត Christine Lee លើកឡើងថា៖ “ដូចការពុលអាហារផ្សេងទៀតដែរ Fried Rice Syndrome អាចកើតឡើងនៅពេលដែលអ្នកមិនបានចម្អិន ឬរក្សាទុកអាហារនៅសីតុណ្ហភាពត្រឹមត្រូវ”។

លោកបានពន្យល់ថា ការដែលទុកបាយឆ្អិនចោលនៅក្នុងបរិយាកាសខាងក្រៅ រួចយកបាយនោះកម្ដៅម្ដងទៀត គឺជាការបង្កើតបរិយាកាសដែលល្អឥតខ្ចោះសម្រាប់ឱ្យមេរោគលូតលាស់។ យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា មេរោគនេះមិនមែនមានតែនៅលើបាយទេ។ វាក៏អាចនៅលើមី Pasta សាច់ និងបន្លែដែលចម្អិនហើយផ្សេងទៀតដែរ។

បើទោះបីជាធន់នឹងកម្ដៅ ក៏ប៉ុន្តែការទទួលទានអាហារដែលមានមេរោគនេះក្នុងបរិមាណតិច មិនបណ្ដាលឱ្យមានបញ្ហាអ្វីទេ។ យ៉ាងណាមិញ នៅក្នុងសីតុណ្ហភាពដែលសមស្រប មេរោគនេះអាចពង្រីកខ្លួនបានយ៉ាងឆាប់រហ័ស ដែលអាចនាំឱ្យអ្នកកើត Fried Rice Syndrome បាន។

រោគសញ្ញានៃ Fried Rice Syndrome

ស្រដៀងនឹងការ​ពុលអាហារផ្សេងទៀតដែរ រោគសញ្ញានៃ Fried Rice Syndrome រួមមាន៖

  • រាគ
  • គ្រុនក្តៅ
  • ក្អួតចង្អោរ
  • ឈឺ និងចុកក្នុងពោះ

ការព្យាបាល

បើសិនជាអ្នកមានរោគសញ្ញាទាំងនេះ អ្នកអាចសាកល្បងព្យាបាលនៅផ្ទះដោយខ្លួនឯងតាមរយៈ៖

  • ជៀសវាងប្រើប្រាស់ថ្នាំ៖ បើមិនមានការណែនាំពីគ្រូពេទ្យ សូមកុំប្រើប្រាស់ថ្នាំបំបាត់រោគដោយខ្លួនឯង។
  • បំពេញជាតិទឹក៖ ទទួលទានទឹកម្ដងបន្តិចៗតែឱ្យបានញឹកញាប់។
  • សម្រាក៖ សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយអាចផ្ដោតលើការព្យាបាលខ្លួនឯង។

វេជ្ជបណ្ឌិត Christine Lee ពន្យល់ថា មនុស្សមួយចំនួនអាចមានអាការមិនស្រួលខ្លួនរយៈពេល ១ ឬ ២ថ្ងៃ។ ក៏ប៉ុន្តែវាអាចបង្កឱ្យមានគ្រោះថ្នាក់បាន សម្រាប់អ្នកមានប្រព័ន្ធភាពស៊ាំខ្សោយ ឬមានបញ្ហាសុខភាពផ្សេងទៀត។

ដូចគ្នាដែរ ប្រសិនបើអ្នកមានរោគសញ្ញាធ្ងន់ធ្ងរ ឬជួបប្រទះបញ្ហាដូចខាងក្រោម សូមស្វែងរកការព្យាបាលពីគ្រូពេទ្យ៖

  • ការរាគដែលមិនធូរស្រាល (ជាទូទៅក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ)។
  • គ្រុនក្តៅលើសពី ៣៨ អង្សារសេ។
  • សញ្ញានៃការខ្សោះជាតិទឹក ដូចជាវិលមុខ ងងឹតមុខ ខ្សោយ អស់កម្លាំង វង្វេង ស្ងួតមាត់ ស្ងួតអណ្តាត មិនបត់ជើងតូច ឬភ្នែករូងជាដើម។

វិធីបង្ការខ្លួនពី Fried Rice Syndrome

  • លាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត មុនពេលកាន់អាហារ។
  • ចម្អិនអាហារឱ្យបានឆ្អិនសព្វ។
  • បរិភោគអាហារភ្លាមៗក្រោយចម្អិនហើយ។
  • កុំទុកអាហារដែលបានចម្អិនហើយចោលលើសពី ២ ម៉ោង ឬ ១ ម៉ោង បើសិនជាសីតុណ្ហភាពក្ដៅចាប់ពី ៣២.២ អង្សារសេឡើងទៅ។ ដាក់អាហារដែលនៅសល់ក្នុងប្រអប់ ហើយរក្សាទុកក្នុងទូទឹកកក។
  • មុននឹងទទួលទានអាហារដែលនៅសល់ សូមកម្ដៅអាហារនោះវិញក្នុងសីតុណ្ហភាពយ៉ាងហោចណាស់ ៧៣.៨ អង្សារសេ។ សូមកុំកម្ដៅអាហារម្ដងហើយម្ដងទៀត។
  • ក្នុងករណីដែលអ្នកបានចម្អិនអាហារនោះលើសពី ២ថ្ងៃហើយ សូមបោះចោល បើទោះបីជាអ្នកបានរក្សាទុកវាយ៉ាងត្រឹមត្រូវនៅក្នុងទូទឹកកកក៏ដោយ៕
លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា