ឈ្មោះស្រដៀងគ្នា តែ Prebiotics Probiotics និង Postbiotics ខុសគ្នាដូចម្ត៉េច?

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឈ្មោះស្រដៀងគ្នា តែ Prebiotics Probiotics និង Postbiotics ខុសគ្នាដូចម្ត៉េច?

ឈ្មោះស្រដៀងគ្នា តែ Prebiotics Probiotics និង Postbiotics ខុសគ្នាដូចម្ត៉េច?

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពាក្យថា Gut Health ឬ សុខភាពពោះវៀន បានក្លាយជាប្រធានបទដ៏សំខាន់ដែលមនុស្សជាច្រើនបានយកចិត្តទុកដាក់ មិនមែនសម្រាប់តែអ្នកជំនាញទេ។

Advertisement

នេះក៏ព្រោះតែការស្រាវជ្រាវជាច្រើនបានបង្ហាញថា ពោះវៀនមិនត្រឹមមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ ស្ទើរតែចំពោះគ្រប់ផ្នែកនៃរាងកាយ មិនថាប្រព័ន្ធភាពស៊ាំ ស្បែក ការដុតរំលាយអាហារ និងសូម្បីតែអារម្មណ៍របស់យើងផងដែរ។

នៅពេលនិយាយអំពីការថែទាំពោះវៀន យើងតែងតែឮពាក្យទាំង ៣ នេះគឺ​ Prebiotics, Probiotics និង Postbiotics។ ទោះបីជាមានឈ្មោះស្រដៀងគ្នាក៏ពិតមែន ប៉ុន្តែពួកវាមានតួនាទីខុសៗគ្នា តែត្រូវអាស្រ័យគ្នាទៅវិញទៅមកនៅក្នុងរាងកាយរបស់មនុស្ស។

Probiotics

Probiotics គឺជាមីក្រូសារពាង្គកាយដែលមានជីវិតមួយប្រភេទ។ នៅពេលរាងកាយមនុស្ស ទទួលបាន Probiotics ក្នុងបរិមាណសមស្រប វានឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាព ជាពិសេសក្នុងប្រព័ន្ធរំលាយអាហារ។ ពួកវាគឺជាបាក់តេរីល្អដែលជួយរក្សាតុល្យភាពនៃ Microbiome ដែលជាបណ្ដុំមីក្រូសារពាង្គកាយក្នុងពោះវៀនរបស់មនុស្ស។

Probiotics ដែលជួបញឹកញាប់បំផុត គឺ Lactobacillus និង Bifidobacterium ដែលមាននៅក្នុងយ៉ាអួ អាហារផ្អាប់មួយចំនួន ឬផលិតផលបំប៉នសុខភាព។ ការស្រាវជ្រាវរកឃើញថា Probiotics ប្រភេទខ្លះមានអត្ថប្រយោជន៍អាចជួយកាត់បន្ថយអាការរាករូស សម្រាលជំងឺខ្សោយពោះវៀន និងគាំទ្រដល់ប្រព័ន្ធភាពស៊ាំជាដើម។

Prebiotics

ស្របពេលដែល Probiotics គឺជាបាក់តេរីល្អ Prebiotics គឺជាអាហាររបស់បាក់តេរីទាំងនោះ។ ភាគច្រើន វាគឺជាប្រភេទកាកសរសៃពិសេសដែលរាងកាយមិនអាចរំលាយបាន ប៉ុន្តែបាក់តេរីល្អក្នុងពោះវៀនអាចយកវាទៅប្រើប្រាស់ជាថាមពល។ តួយ៉ាង Prebiotics ប្រភេទ Inulin និង Fructooligosaccharides មាននៅក្នុងរុក្ខជាតិដូចជា ចេក ខ្ទឹមស ខ្ទឹមបារាំង និងទំពាំងបារាំងជាដើម។

នៅពេល Probiotics ទទួលបានអាហារគ្រប់គ្រាន់ បាក់តេរីល្អទាំងនេះអាចលូតលាស់បានល្អ និងបំពេញតួនាទីយ៉ាងមានប្រសិទ្ធភាព ដែលល្អដល់តុល្យភាពពោះវៀនទាំងមូល។

Postbiotics

Postbiotics គឺជាសារធាតុដែលកើតឡើងបន្ទាប់ពី Probiotics ក្នុងពោះវៀនបានរំលាយ Prebiotics រួចរាល់។ តួយ៉ាង អាស៊ីតខ្លាញ់ Butyrate ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាជញ្ជាំងពោះវៀន ជួយដល់ការរលាក និងប្រព័ន្ធភាពស៊ាំ។​

ខុសពី Probiotics ដែលជាមានជីវិត Postbiotics គឺជាសារធាតុដែលគ្មានជីវិត។ ខណៈបច្ចុប្បន្ននេះ​ Postbiotics គឺជាប្រធានបទស្រាវជ្រាវដែលទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងវិស័យវេជ្ជសាស្ត្រ និងអាហារូបត្ថម្ភ។ដោយសង្ខេប Probiotics គឺជាបាក់តេរីល្អ Prebiotics គឺជាអាហាររបស់បាក់តេរីល្អ ខណៈ Postbiotics គឺជាសារធាតុដែលបាក់តេរីល្អផលិតចេញមក។

យ៉ាងណាមិញ សូមចំណាំថា សុខភាពពោះវៀនល្អ មិនមែនកើតឡើងតាមរយៈការបន្ថែមបាក់តេរីល្អតាមរយៈអាហារបំប៉នចូលទៅក្នុងរាងកាយតែមួយមុខទេ។ អ្វីដែលសំខាន់ គឺធ្វើយ៉ាងណាឱ្យពោះវៀនក្លាយជាទីតាំងដែលបាក់តេរីទាំងនោះអាចលូតលាស់បាន មិនថាការគិតគូរដល់របបអាហារចម្រុះ ការគេងឱ្យបានគ្រប់គ្រាន់ និងការគ្រប់គ្រងស្ត្រេសជាដើម៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា