កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននិងបញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននិងបញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ

កងទ័ពកម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននិងបញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ

កងទ័ពកម្ពុជា និងកងទ័ពឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​រក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន និងពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យក្លាយជាព្រំដែនសន្តិភាព បញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ រក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន។ ការប្តេជ្ញានេះ ក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ប្រចាំឆ្នាំ២០២៦ នៅឯសណ្ឋាគារអង្គរមាស ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ។

Advertisement

ឆ្នាំ២០២៦នេះ ដោយមានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងការពារជាតិ​នៃប្រទេសទាំងពីរ គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាម បណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ដែលបានជួបប្រជុំពិភាក្សាគ្នាដោយផ្ទាល់ជាលើកទី០៤ ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា និងភាគីឡាវដឹកនាំដោយ ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ។

កិច្ចប្រជុំបានពិនិត្យវឌ្ឍនភាពអំពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែនប្រទេសទាំងពីរ ឃើញថាទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់ និងបន្តយន្តការទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ ឡាវ-កម្ពុជា) ដោយបានឯកភាពគ្នាបាន លទ្ធផលគួរជាទីមោទនៈ ។
នៅក្នុងកំណត់ហេតុនៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាបន្ត និងពង្រឹងកិច្ចសហការក្នុងការថែរក្សាការពារសន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឱ្យ ក្លាយជាព្រំដែនសន្តិភាព បញ្ចៀសឱ្យបានរាល់ការប៉ះទង្គិចគ្នាដោយអាវុធ រក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាពតាមបណ្តោយព្រំដែន។ កងទ័ពនៃប្រទេសទាំងពីរដែលឈរជើងតាមបណ្តោយព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចនិងស្ថាប័នដែលមានការពាក់ព័ន្ធ នៃ ប្រទេសទាំងពីរក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដូចជា អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធយុទ្ធភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការកាប់បំផ្លាញព្រៃឈើ ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធព័ត៌មានវិទ្យា (Scam online) ទំនិញគេចព័ន្ធ ការរុករកសម្បត្តិធម្មជាតិខុសច្បាប់ ការបរបាញ់សត្វព្រៃ និងបទល្មើសនានា ។ល។ បន្តឱ្យកងកម្លាំងការពារពារព្រំដែនរបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងការពារព្រំដែនរបស់កងទ័ពប្រជាជនឡាវ ឱ្យមានការទំនាក់ទំនងការងារដ៏ល្អជាមួយគ្នា ជួបប្រជុំផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយជាមួយគ្នា រាល់បញ្ហាសន្តិសុខតាមបណ្តាយ ព្រំដែនដោយសន្តិវិធី និងត្រូវរាយការណ៍ និងសុំគោលការណ៍ពីថ្នាក់លើ ព្រមទាំងចូលរួមទប់ស្កាត់រាល់ការឃោសនា របស់ពួកអមិត្តដែល ញុះញុងឱ្យមានអំពើហឹង្សា ក្នុងគោលបំណងបំបែកបំបាក់សាមគ្គីភាព មិត្តភាពរបស់ប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឡាវ-កម្ពុជា ។

ជាមួយគ្នានេះដែរត្រូវមានវិធានការការពារ ការទប់ស្កាត់ការបង្ហោះដ្រូន ភាគីនីមួយៗមិនត្រូវរំលោភដែនអធិបតេយ្យ នៃប្រទេសទាំងពីរ និងមិនឱ្យមានការបង្ហោះដ្រូននៅតំបន់ព្រំដែនប្រទេសទាំងពីរដែលមិនទាន់ឯកភាពលើកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន។
ភាគីទាំងពីរបានឯកភាពគ្នា ជំរុញឱ្យមានកិច្ចប្រជុំក្នុងមួយឆ្នាំម្តង ជាប្រក្រតីដោយផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះរវាង- កងពលតូចអន្តរាគមន៍លេខ៩ នៃកងយោធពលខេមរភូមិន្ទ និងកងពលថ្មើរជើងទី៥ នៃកងទ័ពប្រជាជនឡាវ- តំបន់ប្រតិបត្តិការសឹករងព្រះវិហារ(កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់ (ឡាវ)- តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តចំប៉ាសាក់(ឡាវ)- តំបន់ប្រតិបត្តិការសឹករងរតនគិរី (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្តអាត់តាក់ពើ (ឡាវ) ។
ក្នុងករណីបើមានហេតុការណ៍កើតឡើងនៅតំបន់ណាមួយត្រូវសម្របសម្រួលដោះស្រាយនៅតំបន់នោះ ។. បន្ត និងពង្រឹងកិច្ចសហការជាមួយអាជ្ញារធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធក្នុងការអប់រំប្រជាពលរដ្ឋដែលរស់នៅតាម បណ្តោយព្រំដែនកម្ពុជា-ឡាវ ឡាវ-កម្ពុជា ឱ្យបានយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗរបស់ប្រទេសទាំងពីរ ជៀសវាងការ ប្រព្រឹត្តិអំពើល្មើសច្បាប់ និងសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា