បណ្ឌិត គិន ភា៖ «រដ្ឋទំនើងកំពូលល្បិច» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ឌិត គិន ភា៖ «រដ្ឋទំនើងកំពូលល្បិច»

បណ្ឌិត គិន ភា៖ «រដ្ឋទំនើងកំពូលល្បិច»

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានសរសេរនៅលើបណ្ដាញសង្គមនៃព្រឹកថ្ងៃទី៥ ខែមិថុនានេះថា : បន្ទាប់ពីកម្ពុជាប្រកាសជាផ្លូវការអំពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) កាលពីម្សិលមិញម្ង៉ៃ កញ្ជ្រោងការទូតនៃរដ្ឋទំនើងមួយបានចេញមកសម្តែងភាពស្លន់ស្លោចំពោះយន្តការនេះ ហើយថែមទាំងព្យាយាមទម្លាក់កំហុសមកលើកម្ពុជា ដោយចោទប្រកាន់ថា កម្ពុជាជាអ្នកបិទផ្លូវចរចាទ្វេភាគីទៅវិញ។ ទាំងនេះជាការចោទប្រកាន់ដែលខ្វះមូលដ្ឋាន ព្រោះយន្តការចរចាទ្វេភាគីដ៏សំខាន់រវាងប្រទេសទាំងពីរ គឺ MOU ឆ្នាំ២០០១ ត្រូវបានរដ្ឋទំនើងនោះលុបចោលជាឯកតោភាគីរួចទៅហើយ។

Advertisement

ស្រាប់តែកាលពីម្សិលមិញដដែល កញ្ជ្រោងការទូតរូបនោះបានប្រកាសយ៉ាងសឿងបឿងថា ប្រទេសរបស់ខ្លួនបានត្រៀមលក្ខណៈផ្លូវច្បាប់រួចជាស្រេច ដើម្បីតតាំងជាមួយកម្ពុជាក្រោមឆត្រ UNCLOS ព្រោះខ្លួនបានដឹងជាមុនថា កម្ពុជានឹងជ្រើសរើសផ្លូវនេះ។

បណ្ឌិត គិន ភា បានបន្តថា តាមពិតទៅជំហររបស់កម្ពុជាចំពោះការដោះស្រាយជម្លោះអធិបតេយ្យដែនសមុទ្រជាមួយប្រទេសជិតខាងនេះ មិនដែលមានការប្រែប្រួលនោះទេ ហើយក៏គ្មានការលាក់លៀមដែរ។ កម្ពុជាបានសម្តែងការសោកស្តាយជាបន្តបន្ទាប់ចំពោះការប៉ុនប៉ង និងការសម្រេចលុបចោល MOU ឆ្នាំ២០០១ ជាឯកតោភាគី។ ប៉ុន្តែកម្ពុជាមិនអាចរារាំងសកម្មភាពបែបនេះបានឡើយ ទោះបីជា MOU នោះមានលក្ខណៈជាកិច្ចព្រមព្រៀងទ្វេភាគីក៏ដោយ។ ជាក់ស្តែង រដ្ឋដែលប្រកាន់អាកប្បកិរិយាទំនើងតែងតែផ្តល់អាទិភាពដល់កម្លាំង និងផលប្រយោជន៍ផ្ទាល់ខ្លួន ជាជាងការគោរពគោលការណ៍និងបទដ្ឋានច្បាប់អន្តរជាតិ។

ផ្ទុយទៅវិញ កម្ពុជាដែលជារដ្ឋស្រឡាញ់សន្តិភាព តែងតែប្រាថ្នារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសដទៃ និងប្រកាន់ខ្ជាប់ជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមយន្តការការទូត និងច្បាប់អន្តរជាតិ។ ដោយមិនលាក់លៀមជំហររបស់ខ្លួន ភ្លាមៗក្រោយពេលគណៈរដ្ឋមន្ត្រីថៃសម្រេចលុបចោល MOU ឆ្នាំ២០០១ ជាឯកតោភាគី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ និងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមឆត្រ UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាអធិបតេយ្យដែនសមុទ្រ។

បណ្ឌិត គិន ភា បានបន្តទៀតថា : បងប្អូនឃើញទេ? ទង្វើទាំងនេះបង្ហាញឱ្យឃើញនូវល្បិចកលនយោបាយ និងការទូតពុតត្បុត ដែលត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន។ ការបង្កសម្ពាធ និងការបង្កភាពតានតឹងមកលើកម្ពុជា មិនមែនគ្រាន់តែដើម្បីបង្វែរការចាប់អារម្មណ៍ពីបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលបំណងពង្រីកឥទ្ធិពល និងជំរុញមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួន ជាពិសេស គឺចេតនាឥតប្រែប្រួលតជំនាន់តាំងពីសតវត្សរ៍ទី១៣ ក្នុងការលេបត្របាក់ទឹកដីខ្មែរ។ នេះគឺជាបញ្ហាដែលប្រជាជនខ្មែរត្រូវតែមានការប្រុងប្រយ័ត្ន និងយល់ដឹងឱ្យបានច្បាស់។

ដូច្នេះ មានតែយើងរួមគ្នាពង្រឹងសមត្ថភាពជាតិឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេស វិស័យការពារជាតិ សេដ្ឋកិច្ច ការទូត និងច្បាប់អន្តរជាតិ ប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់កម្ពុជា ក្នុងបរិបទនៃការប្រកួតប្រជែង និងបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោក និងជាពិសេស អាចប្រដៅក្បាលរដ្ឋបិសាចកុំឱ្យវាព្រហើនដាក់យើងបាន៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា