សម្តេចធិបតីប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដី ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែនឱ្យបានគង់វង្ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដី ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែនឱ្យបានគង់វង្ស

សម្តេចធិបតីប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដី ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែនឱ្យបានគង់វង្ស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែន ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងសូមឱ្យស្មារតីនៃប្រាសាទ ព្រះវិហារបន្តនៅឋិតថេរក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជាការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់។ នេះបើយោងតាមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ខួប១៨ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទព្រះវិហារ»ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

តាមរយៈលិខិតដដែលសម្តេចធិបតីបានបន្តថា ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន លះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ ហើយសូមកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពី កត្តាសុវត្ថិភាពយ៉ាងណាក្តី។

សម្តេចធិបតីបានបញ្ជាក់ថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់ អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ក៏ការប្រឈមផ្នែកប្រដាប់អាវុធបានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិ បេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។ ក្នុងឱកាសនេះ សូមសម្តែងនូវសេចក្តី សោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់យើង កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះរួមមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ចំនួន៥៦២កន្លែង និងការបំផ្លាញកិច្ចខិតខំ ប្រឹងប្រែងក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅ។ នេះជាការបាត់បង់ ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។ ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃ រមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងមានវិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការ អន្តរជាតិ ចុះពិនិត្យវាយតម្លៃការខូចខាត ជាពិសេសបាននិងកំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះនិងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ការប្រមូលនិង អភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។ រាជរដ្ឋាភិបាលកម្ពុជាបន្ត ផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា