គយ ពង្រឹងចំណាត់ការទប់ស្កាត់ការនាំចូលទុរេនពីថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គយ ពង្រឹងចំណាត់ការទប់ស្កាត់ការនាំចូលទុរេនពីថៃ

គយ ពង្រឹងចំណាត់ការទប់ស្កាត់ការនាំចូលទុរេនពីថៃ

បន្ទាប់ពីមានការរិះគន់យ៉ាងផុសផុលជុំវិញការឃុបឃឹតគ្នាលួចនាំទុរេនថៃចូលមកលក់នៅស្រុកខ្មែរល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់ទៅមន្រ្តីក្រោមឱវាទរបស់ខ្លួនឲ្យពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ពីថៃ។

Advertisement

ក្នុងលិខិតមួយផ្សព្វផ្សាយនៅថ្ងៃទី៧ឧសភា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានរម្លឹកថា ផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសថៃ គឺជាទំនិញដែលត្រូវបានហាមឃាត់ដាច់ខាតលើការនាំចូលមកកាន់កម្ពុជា។ ក្នុងន័យនេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ការនាំចូលដោយខុសច្បាប់ អគ្គនាយកដ្ឋានបានណែនាំឱ្យមន្ត្រីរបស់ខ្លួនត្រូវតាមដាន និងទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់បំផុតរាល់ការប៉ុនប៉ងលួចនាំចូលតាមគ្រប់មាត់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង, កំពង់ផែ, និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាមផងដែរ។

ដោយឡែក ចំពោះការនាំចូលផ្លែទុរេនស្រស់ដែលមានដើមកំណើតពីប្រទេសដទៃក្រៅពីប្រទេសថៃ គយតម្រូវឱ្យអនុវត្តខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសដែលមានចែងក្នុងលិខិត ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥។ ក្នុងនោះការនាំចូលចាំបាច់ត្រូវមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រភូតគាមអនាម័យត្រឹមត្រូវពីប្រទេសនាំចេញ ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ និងគុណភាពទំនិញ។

បច្ចុប្បន្ន ទុរេនថៃកំពុងប្រឈមនឹងវិបត្តិខ្វះទីផ្សារយ៉ាងធ្ងន់ធ្ងរ ដោយសារការហាមឃាត់ការនាំចូលពីកម្ពុជា រួមទាំងបញ្ហាមិនចុះសម្រុងនឹងស្ដង់ដារភូតគាមអនាម័យសម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទន្ទឹមនឹងនេះ ទុរេនវៀតណាម ក៏កំពុងរងការរិះគន់ និងមន្ទិលសង្ស័យជុំវិញការប្រើប្រាស់សារធាតុគីមីហួសកម្រិត ដែលសូម្បីតែអ្នកប្រើប្រាស់ក្នុងស្រុករបស់វៀតណាមផ្ទាល់ក៏មានការរារែកក្នុងការទទួលទានផងដែរ។

ស្ថានភាពនេះបានបង្ករជាក្ដីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ជុំវិញការឃុបឃឹតគ្នាលួចនាំចូលទុរេនគ្មានគុណភាព និងគ្មានសុវត្ថិភាព មកចែកចាយបន្លំថាជាទុរេនខ្មែរនៅលើទីផ្សារកម្ពុជា ទោះបីជាថ្មីៗនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីណែនាំយ៉ាងម៉ឺងម៉ាត់ដល់ពាណិជ្ជករ និងអាជីវករទាំងអស់ ឱ្យបញ្ឈប់ការនាំចូល ការចែកចាយ និងការផ្គត់ផ្គង់រាល់ផលិតផលទំនិញ ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ឬទំនិញដែលលួចលាយសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាព។

ថ្លែងប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះ លោក ស៊ឹម សុជាតិ ម្ចាស់ចម្ការទុរេនជាច្រើននៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះចំណាត់ការរឹតបន្តឹងការនាំចូលរបស់អាជ្ញាធរ ដោយលោកចាត់ទុកថាជាវិធានការដ៏ប្រសើរក្នុងការលើកកម្ពស់ទីផ្សារទុរេនខ្មែរ។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ចម្ការរូបនេះនៅតែមិនទាន់មានទំនុកចិត្តពេញលេញ​លើប្រសិទ្ធភាពនៃការអនុវត្តជាក់ស្ដែងនៃចំណាត់ការនេះនៅឡើយទេ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា