កម្ពុជា-ថៃ ចាប់ផ្តើមស្តារទំនុកចិត្ត និងទំនាក់ទំនងជាមួយគ្នាឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-ថៃ ចាប់ផ្តើមស្តារទំនុកចិត្ត និងទំនាក់ទំនងជាមួយគ្នាឡើងវិញ

កម្ពុជា-ថៃ ចាប់ផ្តើមស្តារទំនុកចិត្ត និងទំនាក់ទំនងជាមួយគ្នាឡើងវិញ

បន្ទាប់ពីជំនួបលើកចុងក្រោយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្រ្តីកម្ពុជា និងសមភាគីថៃ បានជួបគ្នាជាថ្មីម្តងទៀតកាលពីថ្ងៃទី៧ឧសភា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដោយមានការចូលរួមសម្របសម្រួលពីលោកប្រធានាធិបតីហ្វីលីពីន ដើម្បីពិភាក្សាគ្នាពីអំពីការស្តារសន្តិភាព និងទំនាក់ទំនងកម្ពុជា-ថៃឡើងវិញ។

Advertisement

នៅក្រោយកិច្ចប្រជុំត្រីភាគីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ប្រទេសទាំងពីរបានឯកភាពគ្នាលើចំណុចមួយចំនួន ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងទំនុកចិត្ត និងស្តារសន្តិភាពយូរអង្វែង ក្នុងនោះការចាប់ផ្តើមដំណើរការយន្តការទ្វេភាគីដែលមានស្រាប់ឡើងវិញ រួមមាន គណៈកម្មការព្រំដែនរួម (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគិ (RBC)។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២ក៏ត្រូវចាប់ផ្តើមធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគ្នាឡើងវិញផងដែរ។

ជាមួយគ្នានេះ សម្តេចបវរធិបតីបានបញ្ជាក់សារជាថ្មីពីការគាំទ្ររបស់កម្ពុជា ចំពោះបេសកកម្មរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) និងស្វាគមន៍ការទទួលបន្ទុកដឹកនាំយន្តការនេះរបស់ហ្វីលីពីន បន្តពីម៉ាឡេស៊ី។

សម្តេចបានមានប្រសាសន៍ថា កម្ពុជាបានផ្តល់កិច្ចសហប្រតិបត្តិការពេញលេញ និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ AOT ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ និងវិធានការទាំងអស់ដែលបានឯកភាពគ្នា។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ខ្សែព្រំដែនមិនអាចត្រូវបានកែប្រែ ឬកំណត់ដោយការប្រើកម្លាំងបានឡើយ ហើយបានអំពាវនាវជាថ្មីឱ្យប្រទេសថៃអនុវត្តឲ្យបានពេលលេញនូវសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសត្រង់ចំណុចពាក់ព័ន្ធការចាប់ផ្តើមការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។

ដោយឡែក លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ថា ពេលនេះ គឺជាពេលដែលប្រទេសទាំងពីរត្រូវសម្លឹងទៅមុខ ហើយបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី។

ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន លោក ហ្វឺឌីណាន់ ម៉ាកូស ជូញ័រ ប្រធានាធិបតីហ្វីលីពីន បានប្រកាសពីជំហរត្រៀមខ្លួនជាស្រេចក្នុងការបន្តតួនាទីជាអ្នកសម្របសម្រួលគ្រប់ពេលវេលា សំដៅធានាឱ្យបាននូវស្ថិរភាព និងសុខសន្តិភាពយូរអង្វែងនៅក្នុងតំបន់ទាំងមូល៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា