រដ្ឋសភាកំណត់យកថ្ងៃទី១២ ឧសភា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់ "កាតព្វកិច្ចយោធា" និងការធានាទូទាត់ថាមពលអគ្គិសនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភាកំណត់យកថ្ងៃទី១២ ឧសភា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់ "កាតព្វកិច្ចយោធា" និងការធានាទូទាត់ថាមពលអគ្គិសនី

រដ្ឋសភាកំណត់យកថ្ងៃទី១២ ឧសភា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីអនុម័តច្បាប់ "កាតព្វកិច្ចយោធា" និងការធានាទូទាត់ថាមពលអគ្គិសនី

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្រេចកំណត់យកថ្ងៃអង្គារ ទី១២ ខែឧសភា ខាងមុខនេះ ដើម្បីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្នុងគោលបំណងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ។

Advertisement

សេចក្តីព្រាងច្បាប់ដែលនឹងត្រូវដាក់ឆ្លងក្នុងសម័យប្រជុំវិសាមញ្ញនោះ រួមមាន៖ ទី១. សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា និង ទី២. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនអគ្គិសនីវៀតណាម។

មុនឈានដល់ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គនេះ អន្តរគណៈកម្មការជំនាញរដ្ឋសភាបានធ្វើការយ៉ាងម៉ត់ចត់ជាមួយតំណាងរាជរដ្ឋាភិបាល។ កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅ អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ បានពិភាក្សាលម្អិតជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា៖

  • អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។
  • ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
  • ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។
  • ការបេជ្ញាចិត្ត៖ រាជរដ្ឋាភិបាល និងរដ្ឋសភា ប្តេជ្ញាអនុវត្តច្បាប់នេះឱ្យមានតម្លាភាព និងយុត្តិធម៌បំផុត ដោយគ្មានការលើកលែងសម្រាប់កូនអ្នកមានទ្រព្យសម្បត្តិ ឬមន្ត្រីជាន់ខ្ពស់ឡើយ។
  • អត្ថប្រយោជន៍៖ អ្នកបញ្ចប់កាតព្វកិច្ចនឹងទទួលបានអាទិភាពក្នុងក្របខ័ណ្ឌការងារ រក្សាមុខតំណែង និងប្រាក់បៀវត្សរ៍ (សម្រាប់អ្នកមានការងារស្រាប់) និងសិទ្ធិបន្តការសិក្សា។
  • ទោសប្បញ្ញត្តិ៖ បុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ៥ ឆ្នាំ។

ទន្ទឹមនឹងវិស័យការពារជាតិ វិស័យថាមពលក៏ជាអាទិភាពចម្បងផងដែរ។ កាលពីថ្ងៃទី៦ ខែឧសភាគណៈកម្មការទី២ និងទី៩ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន និង លោកជំទាវ និន សាផុន បានជួបពិភាក្សាជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើសេចក្តីព្រាងច្បាប់ធានាទូទាត់ជូនក្រុមហ៊ុនអគ្គិសនីវៀតណាមដើម្បីធានាឱ្យបាននូវ៖

  1. ស្ថិរភាពការផ្គត់ផ្គង់៖ បង្ការការដាច់ចរន្តអគ្គិសនី ខណៈតម្រូវការប្រើប្រាស់មានការកើនឡើង។
  2. ស្ថិរភាពតម្លៃ៖ រក្សាតម្លៃអគ្គិសនីឱ្យសមរម្យសម្រាប់ជីវភាពប្រជាពលរដ្ឋ។
  3. កាតព្វកិច្ចអន្តរជាតិ៖ បន្តលិខិតធានាថ្មីជំនួសលិខិតចាស់ដែលផុតសុពលភាព ឱ្យបានត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ជារួម រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីធ្វើឱ្យច្បាប់ទាំងពីរនេះមានគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់បម្រើផលប្រយោជន៍ជាតិ និងប្រជាជន៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា